រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតច្បាប់ស្ដី ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សង្គម

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដឹកនាំមន្ត្រីជំនាញ ពី តំណាង អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងនោះដូច ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ថ្មីនេះកាលពីថ្ងៃទី១២ខែកុម្ភៈ។ (រូបថតពីហ្វេសប៊ុកក្រសួងយុត្តធម៌)

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ក្រសួងយុត្តិធម៌អះអាងថា គម្រោងបង្កើតច្បាប់ថ្មីនេះ ធ្វើឡើងក្នុងបំណងដើម្បីពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកអនឡាញ ក្នុងបរិបទដែលកម្ពុជាកំពុងបន្តយុទ្ធនាការសម្អាត និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រសួងយុត្តធម៌បញ្ជាក់ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នឹងក្លាយជាក្របខ័ណ្ឌគតិយុត្តសំខាន់មួយ ដែលជួយបង្កើនភាពច្បាស់លាស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមបច្ចេកវិទ្យា ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល។ 

ក្រសួងយុត្តិធម៌លើកឡើងថា៖ «បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និយាយថា សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យពិភាក្សាកម្រិតបច្ចេកទេសនៅឡើយ ហើយមិនទាន់អាចបញ្ជាក់បានថា ពេលណាសភានឹងអនុម័ត។ លោកបន្ថែមថា បន្ទាប់ពីច្បាប់ត្រូវបានអនុម័ត អ្នកជំនាញនឹងធ្វើការបកស្រាយលម្អិតជូនសាធារណជន និងអ្នកសារព័ត៌មាន។

លោកនិយាយថា៖ «សេចក្តីព្រាងច្បាប់នេះកំពុងពិនិត្យពិភាក្សានៅកម្រិតបច្ចេកទេស នៅពេលសភាអនុម័តហើយ អ្នកជំនាញនឹងធ្វើការបកស្រាយពន្យល់លំអិតដល់សាធារណជននិងអ្នកសារព័ត៌មាន»។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ច្បាប់នេះកើតឡើងស្របពេលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើន និងបណ្តាលឱ្យមានការឆបោករីកដុះដាលតាមអនឡាញ។ លោកនិយាយថា ច្បាប់នេះគួរត្រូវមាន ធាតុចូលឲ្យគ្រប់ជ្រុងជ្រោយ រួមទាំងការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីការពារ និងផ្តល់ការគាំទ្រដល់អ្នកដែលរងគ្រោះពីការឆបោកអនឡាញ។ 

លោកនិយាយថា៖ «ច្បាប់ហ្នឹងយើងចង់ឃើញនូវបីចំណុច ទី១ ជាទម្រង់ផ្សេងៗ ដែលពាក់ពន្ធ័ជាមួយនឹងបទល្មើស ឧក្រឹដ្ឋកម្មអនឡាញ ប្រភេទពីរ វិធានការច្បាប់គឺច្បាប់ ត្រូវធ្វើអីខ្លះដើម្បីការពារដើម្បីបង្ការដើម្បីលុបបំបាត់ បង្ក្រាបបទល្មើស»។

លោកបន្តថា៖ «ហើយទី៣ រឿងខ្ញុំចង់បន្ថែម ច្បាប់ហ្នឹងត្រូវតែបើកចំហឲ្យមានការចូលរួមពីសាធារណជន ពីតួអង្គពាក់ព័ន្ធ ព្រោះអីវាជាបទល្មើសមួយដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជាដែរ។ អ៊ីចឹងគេធ្វើច្បាប់ហ្នឹងត្រូវមានវិសាលភាពមួយផ្តល់ឱកាសឲ្យមានការចូលរួមទូលំទូលាយពីមហាជនបានអ៊ីចឹងបីចំណុចនេះវាអាចវានាំឲ្យឃើញ ច្បាប់មួយគឺត្រូវបានបង្កើតឡើងឲ្យឆ្លើយតបជាមួយនឹងបញ្ហាប្រឈមរបស់កម្ពុជា»។


ចំណែកមេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៃប្រទេសកម្ពុជា លោក អែម ចន្ថា ថា ប្រសិនបើច្បាប់ថ្មីអាចរៀបចំបានល្អ និងមានគោលបំណងបង្ការ និងបង្ក្រាបបទល្មើសដែលប៉ះពាល់ដល់សង្គម កិត្តិយសជាតិ និងជីវភាពប្រជាពលរដ្ឋ នោះវាជារឿងវិជ្ជមាន។

លោកនិយាយថា៖ «ខ្ញុំគិតថាវាជារឿងល្អ ! ដើម្បីបំបាត់នូវអំពើ ឧក្រិដ្ឋជាអំពើឆបោកអីទាំងឡាយសង្គមហ្នឹង តែវាផ្អែកទៅលើថាតើការរៀបចំនឹងវាប្រមូលព័ត៌មានមានបានសុក្រឹតប៉ុណ្ណា ហើយច្បាប់ហ្នឹងស្ថិតនៅក្នុង ភាពជាច្បាប់ដែលឈរនៅលើគោលកាណ៍ ការសមាភាព សមភាព មិនលម្អៀងកម្រិតណា»។

ចំណែកឯលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ មានមតិថាបទល្មើសអនឡាញមិនមែនទើបកើតឡើងទេ ហើយកន្លងមក ក៏អាចប្រើក្រមព្រហ្មទណ្ឌដើម្បីចាត់វិធានការបានរួចហើយ ទោះមិនទាន់មានច្បាប់ថ្មីក៏ដោយ។ លោកនិយាយថា ការបង្ក្រាបមិនគួរត្រឹមតែចាប់ជនប្រព្រឹត្តនៅទីតាំងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានភាគីជាច្រើនចូលរួមជាពិសេស ទៅតាមព្រំដែននៃការចេញចូលរបស់ជនបរទេសក្នុងការស៊ើបអង្កេតដល់ប្រភព ដូចជា ការចូលមកប្រទេស អ្នកពាក់ព័ន្ធ និងអ្នកវិនិយោគនៅពីក្រោយ។

លោកនិយាយថា៖ «អាហ្នឹងវាសំខាន់ហើយ ប៉ុន្តែស្ថានភាពវាកើតហើយត្រូវតែមានការអនុវត្តហើយ ទម្រាំច្បាប់ហ្នឹងចេញ សួរថាតើប៉ុន្មានឆ្នាំទៀតច្បាប់ហ្នឹងចេញ? ច្បាប់នឹងចេះតែធ្វើទៅ ប៉ុន្តែបោះសម្អាតហ្នឹង យើងមានឆន្ទៈថាចង់សម្អាតពិតប្រាកដអត់ ប្រសិនជាមានឆន្ទៈសម្អាតពិតប្រាកដឬអត់ត្រូវតែស៊ើបអង្កេតអ្នកដែលពាក់ពន្ធ័ធំៗហ្នឹង ដែលជាដំណាក់កាលដំបូង»។

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាទៅកាន់ក្រសួង ស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធរួមមាន មន្ត្រីយោធា នគរបាលជាតិ ឆ្មាំព្រំដែន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដាក់គោលដៅបង្ក្រាបទីតាំងប្រតិបត្តិការឆបោកអនឡាញនិងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដូចជាការជួញដូរមនុស្សជាដើម។ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត “ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដោយផ្តោតជាពិសេសលើការគ្រប់គ្រងជនបរទេស និងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់។

តាមរយៈសារផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការចូលរួមពីសាធារណជនក្នុងការលុបបំបាត់ភាពអសកម្មក្នុងសង្គមនិងចូលរួមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាត់ទុកជាកិច្ចការអាទិភាពរួមជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ផ្សេងទៀត។

លោកមានប្រសាសន៍ថា៖ «សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត»។

យោងតាមចុះផ្សាយក្រសួងមហាផ្ទៃ ពីអ្នកនាំពាក្យរង លោក ទូច សុខៈ លើកឡើងថា សប្ដាហ៍ដើមខែកុម្ភៈ ២០២៦ សមត្ថកិច្ចបានបង្ក្រាបទីតាំងឆបោកអនឡាញជាង ១០ ទីតាំង នៅភ្នំពេញ និងបណ្តាលខេត្តមួយចំនួន ឃាត់ខ្លួនជនសង្ស័យជាង ២ ៥០០ នាក់ ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1432}" data-page="1" data-max-pages="1" data-start="1" data-end="1">