អតីតមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធីត្រូវបានដោះលែងពីពន្ធនាគារ

នយោបាយ

អតីតប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវបានដោះលែងឱ្យមានសេរីភាពហើយ នៅយប់ថ្ងៃទី២៤ កុម្ភៈ។ នេះបើតាមភរិយាលោក ស៊ុន ចន្ធី គឺអ្នកស្រី យាន ស្រីយ៉ាន ដែលថ្លែងប្រាប់ប្រជាកាសែតនៅយប់ថ្ងៃទី២៤ខែកុម្ភៈ។

អ្នកស្រី យាន ស្រីយ៉ាន ឱ្យដឹងថា អ្នកស្រីបានទទួលទូរស័ព្ទពីស្វាមីនៅម៉ោងប្រមាណ ៨យប់ដោយ លោក ស៊ុន ចន្ធី បានហៅទូរស័ព្ទមកប្រពន្ធផ្ទាល់តែម្ដង។

អ្នកស្រី យាន ស្រីយ៉ាន៖ «ជម្រាបបង! ខ្ញុំបានទទួលដំណឹងពីប្ដីរបស់ខ្ញុំ ដោយសារតែប្ដីរបស់ខ្ញុំគាត់តេមកផ្ទាល់តេមកតាមទូរសព្ទដៃហ្នឹងណា ម៉ោង៨ ។គាត់គ្រាន់ប្រាប់ថាគាត់ត្រូវបានគេដោះលែងហើយ ដូចជាបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ។ខ្ញុំនៅកំពង់ធំដោយសារគាត់ជាប់ នៅពោធិសាត់(ពន្ធនាគារម៤) មិនទាន់ដឹងថាទំនាក់ទំនងយ៉ាងម៉េចទេ»។

អ្នកស្រី ស្រីយ៉ាន បញ្ជាក់ថាអ្នកស្រីចង់ចួបប្ដីភ្លាមៗដែរប៉ុន្តែមិនទាន់មានមធ្យោបាយទៅជួបម្យ៉ាងយប់ជ្រៅផង។បន្ទាប់ពីដំណឹងនេះត្រូវបានផ្សាយតាមបណ្ដាញសង្គមរបស់អ្នកស្រីផ្ទាល់មានប្រិយមិត្តជាច្រើនបានអបអរសាទរចំពោះការមានសេរីភាពរបស់លោក ស៊ុន ចន្ធី។ 

ពលរដ្ឋម្នាក់ឈ្មោះ Thy Bonjour សរសេរថា៖«វាជាពេលវេលាល្អទៀតផងដែលគណបក្សកម្លាំងជាតិរបស់គាត់កំពុងមានកម្លាំងអ្នកគាំទ្រកើនយ៉ាងរហ័ស»។

អ្នកគាំទ្របក្សកម្លាំងជាតិម្នាក់ទៀតឈ្មោះ ប៊ុន សុខ សរសេរថា សូមអបអរក្រុមគ្រួសារដ៏កម្សត់។សូមជូនពរលោកចន្ធីឱ្យមានសុខភាពល្អនិងមានសេរីភាពពេញលេញ។

គិតត្រឹមម៉ោង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែកុម្ភៈប្រជាកាសែតមិនទាន់អាចទាក់ទងទៅលោកស៊ុនចន្ធីដើម្បីសុំសម្ភាសន៍បាននៅឡើយទេ។

លោក ស៊ុន ចន្ធី ត្រូវចាប់ខ្លួននៅថ្ងៃព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយលោកត្រឡប់ពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ ការចាប់ខ្លួននេះ គឺពាក់ព័ន្ធនឹងការដែលលោករិះគន់កម្មវិធីផ្តល់ប័ណ្ណក្រីក្រ របស់រដ្ឋាភិបាល អំឡុងពេលដែលប្រធានគណបក្សកម្លាំងជាតិស្ថិតនៅប្រទេសជប៉ុនដើម្បីស្វែងរកការគាំទ្រ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ស៊ុន ចន្ធី ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យ៤លានរៀល ព្រមទាំងដកសិទ្ធពលរដ្ឋពីលោក មិនឱ្យបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។លោក ស៊ុន ចន្ធី ទើបត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ថែមបទចោទនិងតម្រូវឱ្យចូលសវនាការកាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៦ ក្រោមបទចោទ «រួមគំនិតក្បត់»៕

(អត្ថបទដោយ៖ វណ្ណ វិចារ)

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1540}" data-page="1" data-max-pages="1" data-start="1" data-end="1">