គ្រួសាររបស់ពលការិនីខ្មែរ និងជាអ្នកគំាទ្របក្សប្រឆាំង ដែលត្រូវបានអាជ្ញាធរចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ីមកកាត់ទោសនៅកម្ពុជាគឺឈ្មោះ នួន តឿន ចាត់ទុកសេចក្កីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញដែលតម្កល់សាលាក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ថាជារឿងអយុត្តិធម៌ ។
ប្រតិកម្មនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី០២ ខែមីនា បានសម្រេចតម្កល់សាលក្រម ដោយផ្តន្ទាទោស កញ្ញា នួន តឿន ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ក្រោមបទញុះញង់ និងប្រមាថអង្គព្រះមហាក្សត្រ។
ម្ដាយមីងរបស់កញ្ញា នួន តឿន គឺអ្នកស្រី ឆេង ថុល និយាយថា សាលាឧទ្ធរណ៍បានផ្ដល់ភាពអយុត្តិធម៌ដល់ក្មួយរបស់អ្នកស្រីដោយគ្រាន់តែបានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិអំពីបញ្ហាសង្គមនៅតាមបណ្តាញសង្គម។
អ្នកស្រី និយាយថា៖ «បើគេកាត់ចឹងហើយ ខ្ញុំតាមគេទៅ។ វាអយុត្តិធម៌សម្រាប់គាត់ គ្រាន់តែមិនដឹងធ្វើម៉េច។ គ្រាន់តែនិយាយប៉ុណ្ណឹងយកទោសគ្នាដែរ»។
អ្នកស្រី បានបន្ថែមថា សព្វថ្ងៃជីវភាពគ្រួសាររបស់អ្នកស្រីមានការលំបាក ដោយសារបាត់បង់ប្រាក់ចំណូលពីកញ្ញា នួន តឿន ហើយថែមទាំងបង្កើនការចំណាយលើការធ្វើដំណើរទៅសួរសុខទុក្ខនាងនៅពន្ធនាគារ និងផ្ដល់ប្រាក់ចាយវាយប្រចាំខែ រួមទាំងការទិញអីវ៉ាន់ទុកឱ្យ ប្រមាណ៦០ម៉ឺនរៀលបន្ថែមទៀត។
ស្រ្តីប្រកបរបរលក់ដំឡូងស្ងោរមុខរោងចក្ររូបនេះ បន្តទៀតថា អ្នកស្រីទៅសួរសុខទុក្ខ កញ្ញា តឿន ២ដង ក្នុង១ខែ ដោយចំណាយថវិកាលើការជួលកង់បីអស់១២ម៉ឺនរៀលក្នុងមួយដង ទាំងទៅ ទាំងមក ពីផ្ទះរបស់អ្នកស្រីនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទៅកាន់មណ្ឌលអប់រំកែប្រែ ម២ រាជធានីភ្នំពេញ។
ជុំវិញការប្ដឹងជំទាស់ទៅកាន់តុលាការកំពូល អ្នកស្រី ថា រង់ចាំមើលការពិភាក្សាក្នុងក្រុមគ្រួសារសិន ខណៈអ្នកស្រីកំពុងព្រួយបារម្ភចំពោះ កញ្ញា នួន តឿន ដែលកំពុងមានអាការៈឈឺក្បាល ឈឺក្រពះ ពោះវៀន និងមានភាពស្មុគស្មាញច្រើនអំឡុងពេលរស់នៅក្នុងពន្ធនាគារ។
សារព័ត៌មាន ខេមបូចា បានរាយការណ៍ថា កញ្ញា នួន តឿន ត្រូវបានចាប់ខ្លួនពីផ្ទះនិយោជករបស់ខ្លួននៅក្នុងទីក្រុងកូឡាឡាំពួ និងត្រូវបានបញ្ជូនទៅឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី២ បន្ទាប់ពីបានបង្ហោះសាររិះគន់នៅលើហ្វេសប៊ុកជាបន្តបន្ទាប់មកលើប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ថា «ជាជនគួរឱ្យស្អប់» ដែលសារនេះក្រោយមកក៏បានលុបចេញវិញ។
ពាក់ព័ន្ធនឹងករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរ និងតុលាការ គួរពិនិត្យមើលឱ្យបានច្បាស់លាស់ ថា អ្វីជាសេរីភាពបញ្ចេញមតិ និងអ្វីជាបទល្មើស ដើម្បីកុំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ ដែលនាំឱ្យមានការរិះគន់ពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
លោក បានបន្តថា សេរីភាពបញ្ចេញមតិជាមូលដ្ឋានគ្រឹះមួយនៃសង្គមប្រជាធិបតេយ្យ ដែលអាចមានទាំងមតិស្រប មតិផ្ទុយ និងការរិះគន់ដើម្បីស្ថាបនា ហើយរាល់ការលើកឡើងអំពីកង្វល់ បញ្ហា និងការចូលរួមផ្ដល់យោបល់សុទ្ធតែជាសេរីភាពបញ្ចេញមតិ។
លោក បញ្ជាក់ថា៖ «អាជ្ញាធរនិងតុលាការគួរតែពិនិត្យមើលបញ្ហាសេរីភាពក្នុងការបញ្ចេញមតិឱ្យបានច្បាស់លាស់ថា អ្វីជាសេរីភាពក្នុងការបញ្ចេញមតិ អ្វីបទល្មើស ដើម្បីកុំឱ្យមានការប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ឬការរឹតត្បិតទៅលើសេរីភាពបញ្ចេញមតិដែលនាំឱ្យមានការរិះគន់កន្លងមក ឬក៏ធ្វើឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ព្រោះសេរីភាពក្នុងការបញ្ចេញមតិជាមូលដ្ឋានគ្រឹះមួយនៃសង្គមប្រជាធិតបេយ្យ»។
កញ្ញា នួន តឿន ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ចាប់តាំងពីត្រូវបានអាជ្ញាធរចាប់បញ្ជូនខ្លួនមកប្រទេសកម្ពុជាវិញកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកាលពីខែមេសា ឆ្នាំមុន។
សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលើកញ្ញា តឿន ចំនួនពីរសំណុំរឿង ក្នុងនោះពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង ក្នុងសំណុំរឿងទីមួយ និងពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ នៅក្នុងសំណុំរឿងទីពីរ។ សាលក្រមនៃសំណុំរឿងនីមួយៗ បានសម្រេចផ្តន្ទាទោស កញ្ញា តឿន ឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ និងពិន័យជាប្រាក់ ២លានរៀល (ប្រហែល ៥០០ ដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយរបស់អង្គការ លីកាដូ៕







