រដ្ឋមន្រ្តីក្រសួងអប់រំ បានណែនាំឱ្យសកលវិទ្យាល័យរដ្ឋទាំងអស់កែលម្អមុខវិជ្ជានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឡើងវិញ ទាំងផ្នែកវិទ្យាសាស្ត និងសង្គម ដោយតម្រូវឱ្យសកលវិទ្យាល័យទាំងអស់នោះពង្រឹងការសិក្សាប្រវត្តិសាស្រ្ត និងភាសាខ្មែរ ដែលជាគ្រឹះចំណេះដឹងសម្រាប់និសិ្សតកម្ពុជាក្នុងការកសាងនិងពង្រឹងអត្តសញ្ញាណជាតិ។
ការណែនាំ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមីនា «ក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅកម្រិតឧត្តមសិក្សា និងការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា» ដែលកិច្ចប្រជុំដឹកនាំដោយរដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន និងមានការចូលរួមពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋ រួមទាំងមន្រ្តីពាក់ព័ន្ធ។ យោងតាមការសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។
ក្រសួងអប់រំថា ការសិក្សាអំពីប្រវត្តិសាស្រ្តកម្ពុជា ដើម្បីបណ្ដុះស្មារតីស្នេហាជាតិ និងសមត្ថភាពគិតពិចារណា ដោយយកគំរូនៃមេរៀនល្អៗរបស់ដូនតា និងបោះចោលនូវគំរូមិនល្អ ដើម្បីពង្រឹងឆន្ទៈឱ្យក្លាយជាពលរដ្ឋល្អ ក្នុងបុព្វហេតុការពារជាតិ និងកសាងជាតិឱ្យរីកចម្រើនទាំងបច្ចុប្បន្ន និងអនាគត។
ប្រភពដដែល បន្តថា រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ ក្នុងកិច្ចប្រជុំថា មុខវិជ្ជាប្រវត្តិវិទ្យា និងភាសាខ្មែរ មានសារៈសំខាន់ដែលជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់និសិ្សតកម្ពុជាក្នុងការកសាងនិងពង្រឹងអត្តសញ្ញាណជាតិ ថែមទាំងជាព្រលឹង និងបញ្ញាស្មារតីសម្រាប់យុវជនក្នុងយុគសម័យសកលភាវូបនីយកម្ម។
ទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ សរសេរថា៖ «ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញ និងសាកលវិទ្យាល័យរដ្ឋទាំងអស់ឱ្យសហការគ្នា រៀបចំប្រជុំពិភាក្សា និងវិភាគឱ្យកាន់តែស៊ីជម្រៅពីការសិក្សាថ្នាក់មូលដ្ឋានឡើងវិញ ដើម្បីបន្តពង្រឹង និងកែលម្អមុខវិជ្ជាដែលត្រូវសិក្សានៅថ្នាក់មូលដ្ឋានបន្ថែមទៀត ទាំងផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ជាពិសេសត្រូវពង្រឹងការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ និងភាសាខ្មែរ»។
ប្រជាកាសែតមិនអាចសូមការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងអប់រំលោកស្រី ឃួន វិច្ឆិកា បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល ខណៈផ្ញើសំណួរតាមតេលេក្រាមលោកស្រីមិនទាន់ចូលអាន។
សាស្រ្តាចារ្យបង្រៀនមុខវិជ្ជាប្រវត្តិសាស្រ្តកម្ពុជានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តភិក្ខុ សំ សោភ័ណ មានសង្ឃដីកាថា ការបង្រៀនអំពីប្រវត្តិសាស្រ្តប្រៀបបាននឹងការបណ្ដុះមនសិការស្នេហាជាតិដល់យុវជន ក៏ដូចជាការរៀនសូត្រពីកំហុសឆ្គងក្នុងអតីតកាលដើម្បីធ្វើឱ្យប្រសើរឡើងនាពេលអនាគត។
ភិក្ខុ សោភ័ណ មានសង្ឃដីកាថា៖ «ព្រោះយើងសិក្សាអំពីប្រទេសជាតិរបស់យើង យើងនឹងបង្កប់នូវក្ដីស្រឡាញ់ថាតើជាតិសាសន៍របស់យើង មានចំណុចណាដែលល្អ ចំណុចណាដែលយើងគួរកែប្រែពីអតីតកាលឱ្យប្រសើរឡើងនៅក្នុងពេលអនាគតរបស់ជាតិយើងនេះ។ កាលណាសិក្សាពីប្រវត្តិសាស្រ្តទាំងប្រពៃណី សាសនានៅណុងទាំងអស់»។
ចំណែកអតីតសាស្រ្តាចារ្យបង្រៀនមុខវិជ្ជាភាសាខ្មែរសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក ជុំ ស៊ុនណាង មានប្រសាសន៍ថា ការបង្រៀនភាសាខ្មែរសម្រាប់វិស័យសារព័ត៌មានមានសារៈសំខាន់ នៅពេលដែលនិសិ្សតចាប់ផ្ដើមប្រឡូកការងារជាអ្នកសរសេរព័ត៌មានដែលធ្វើឱ្យគេសរសេរភាសាជាតិបានត្រឹមត្រូវសម្រាប់អ្នកអាន។
តែទោះជាយ៉ាងណាក៏ដោយ លោក បានអះអាងថា មុខវិជ្ជាភាសាខ្មែរសម្រាប់សរសេរព័ត៌មាននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ត្រូវបានសាលាដកចេញហើយកាលពីឆ្នាំ២០២៥។ លោក យល់ថា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយខាងលើ គួរតែបញ្ចូលភាសាខ្មែរសម្រាប់សរសេរព័ត៌មានឡើងវិញដើម្បីនិសិ្សតអាចយល់ដឹងបន្ថែមពាក់ព័ន្ធការសរសេរអត្ថបទឱ្យត្រូវតាមក្បួនខ្នាតនៃភាសាជាតិ។
លោក និយាយថា៖ «ខ្ញុំបង្ហាញអារម្មណ៍មិនសូវសប្បាយចិត្តដែរ ដោយសារទី១ សារព័ត៌មានមែនសរសេរឱ្យបរទេសទេ គឺយើងសរសេរសម្រាប់ជនជាតិយើងផ្ទាល់។ ចឹងវិជ្ជាជីវៈនេះវាពាក់ព័ន្ធការប្រើភាសាខ្មែរតែម្ដង។ មុខវិជ្ជាហ្នឹងវាសំខាន់ដែរសម្រាប់សារព័ត៌មាន»។
រីឯនិសិ្សតឆ្នាំទី២ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោក វ៉ាង ណារ៉ាក់ និយាយថា អំឡុងពេលរៀនក្នុងឆ្នាំមូលដ្ឋាន លោកមិនបានសិក្សាអំពីមុខវិជ្ជាភាសាខ្មែរនោះទេ តែបានសិក្សាមុខវិជ្ជាប្រវត្តិសាស្រ្ត។
និសិ្សតផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរូបនេះ ក៏ទទូចចង់ឱ្យសាលាបន្ថែមនូវមុខវិជ្ជាអក្សរសាស្រ្តខ្មែរផងដែរ ដើម្បីបានរៀនសូត្រពីភាសាជាតិរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ។
លោក និយាយថា៖ «សម្រាប់ខ្ញុំចង់ឱ្យមាន ដោយសារវាចាំបាច់ មានន័យថា អ្នកកាសែតយើងគួរតែបាន សិក្សាស៊ីជម្រៅដែរទាក់ទងនឹងអក្សរសាស្រ្តរបស់ខ្លួន»៕







