ក្រសួងអប់រំ ណែនាំសិស្សមិនឱ្យប្រើទូរស័ព្ទក្នុងថ្នាក់ ខណៈសង្គមស៊ីវិលជំរុញឱ្យមានវិធានការតឹងរឹង

អប់រំ

សិស្សានុសិស្សកំពុងឈរគោរពទង់ជាតិនៅវិទ្យាល័យ ជាស៊ីម សាមគ្គី រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។ (រូបភាព៖ ទំព័រហ្វេសប៊ុក វិទ្យាល័យ ជាស៊ីម សាមគ្គី)

ក្រសួងអប់រំ បានណែនាំឱ្យសិស្សានុសិស្សកុំប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងសិក្សា ឬម៉ោងចេញលេង និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។ មន្រ្តីសង្គមស៊ីវិល ជំរុញឱ្យស្ថាប័នពាក់ព័ន្ធមានវិធានការតឹងរឹង រួមទាំងការពិន័យដើម្បីឱ្យមានប្រសិទ្ធភាព មិនមែនគ្រាន់តែចេញសេក្ដីណែនាំឡើយ។ 

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៦ ខែមីនា ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ក្រសួងទាមទារឱ្យភាគីពាក់ព័ន្ធដែលមានគ្រឹះស្ថានសិក្សា គ្រូបង្រៀន អាណាព្យាបាល សិស្ស មន្ទីរអប់រំ និងអាជ្ញាធរមូលដ្ឋាន ចូលរួមក្នុងការអប់រំចរិយាសម្បទារបស់សិស្ស។ 

ក្រសួងអប់រំ បាននិយាយថា គ្រឹះស្ថានសិក្សា ត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងសាលាដើម្បីឱ្យមាតាបិតាមានលទ្ធភាពក្នុងការត្រួតពិនិត្យមើលវត្តមាន ពិន្ទុ និងវិន័យរបស់សិស្ស និងសហការរៀបចំកិច្ចប្រជុំ ឬកម្មវិធីផ្សេងៗ ដើម្បីពង្រឹងការចូលរួមរបស់មាតាបិតា ក្នុងការអប់រំចរិយាសម្បទា។

ក្រសួង បានប្រាប់គ្រូបន្ទុកថ្នាក់ និងគ្រូបង្រៀន ឱ្យបង្កើតប្រព័ន្ធទំនាក់ទំនងជាមួយមាតាបិតា ដើម្បីផ្ដល់ព័ត៌មានអំពីអវត្តមាន ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងចំពោះសិស្ស បញ្ជ្រាបការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្ស ហើយអង្កេតមើលសកម្មភាពរបស់ពួកគេជាប្រចាំ ដោយផ្ដល់មតិកែលម្អនៅពេលដែលឃើញមានកំហុសឆ្គង រួមទាំងសហការផ្ដល់ព័ត៌មាន និងរកដំណោះស្រាយឱ្យទាន់ពេល ដើម្បីទប់ស្កាត់សិស្សកុំឱ្យប្រព្រឹត្តសកម្មភាពមិនប្រក្រតី។

ក្រសួងអប់រំ ក៏ណែនាំឱ្យមាតាបិតាតាមដានមើលសកម្មភាពរស់នៅរបស់កូន ជាពិសេសអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ជក់បារី និងល្បែងស៊ីសង។ រីឯ សិស្សានុសិស្ស មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងមានការអនុញ្ញាត ហើយក៏មិនត្រូវលេងល្បែងស៊ីសង និងជក់បារីគ្រប់ប្រភេទ នៅក្នុងគ្រឹះស្ថានសិក្សាដែរ។

ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។ 

នៅពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានណែនាំឱ្យសកលវិទ្យាល័យរដ្ឋទាំងអស់កែលម្អមុខវិជ្ជានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឡើងវិញ ដោយត្រូវពង្រឹងការសិក្សាប្រវត្តិសាស្រ្ត និងភាសាខ្មែរ ដែលជាគ្រឹះចំណេះដឹងសម្រាប់និសិ្សតកម្ពុជាក្នុងការកសាងនិងពង្រឹងអត្តសញ្ញាណជាតិ។
មានកូនចូលចិត្តលេងហ្គេមក្នុងទូរសព្ទអំឡុងពេលនៅផ្ទះ និងដាក់ទូរសព្ទទៅសាលាម្ដងម្កាល អ្នកស្រី កែវ សុម៉ាលី គាំទ្រចំពោះក្រសួងអប់រំដែលហាមសិស្សប្រើប្រាស់ទូរស័ព្ទក្នុងសាលា ដោយអ្នកស្រី យល់ថា សិស្សមិនខំរៀនសូត្រឡើយ ព្រោះវក់វីលេងហ្គេមក្នុងទូរសព្ទ។

អាណាព្យាបាលសិស្សថ្នាក់ទី៨ នៅរាជធានីភ្នំពេញរូបនេះ និយាយថា៖ «ក្មេងប្រើទូរសព្ទមិនល្អទេ។ កាលជំនាន់ខ្ញុំរៀនអត់មានទាំងប្រើទូរស័ព្ទផង។ ឥឡូវប្រើទូរស័ព្ទវាមានតែខំរៀនអី បន្លំៗវាមើលតែទូរស័ព្ទ។ បានក្រសួងចេញចឹងល្អ ខ្ញុំពេញចិត្តហ្មង កុំឱ្យប្រើថ្នាក់ទី១១, ១២ ក៏កុំឱ្យប្រើ។ បើថាចង់ប្រើមកប្រើនៅផ្ទះ មើលកម្មវិធីនៅផ្ទះ ដល់ពេលនៅសាលាមិនបាច់យកទៅទេ»។

នាយកវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់លោក គង់ ចន្ថា មានប្រសាសន៍ថា លោកបានហាមសិស្សរបស់លោកមិនឱ្យប្រើទូរសព្ទ និងដាក់ទូរសព្ទមកសាលាតាំងពីឆ្នាំ២០២៥ ក្រោយលោកសង្កេតឃើញថា សិស្សមិនបានផ្ដោតលើការពន្យល់មេរៀនរបស់គ្រូនោះទេ ដោយរវល់តែសម្លឹងមើលទូរស័ព្ទ។

លោកបន្តថា សិស្សានុសិស្ស បានប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀន ដើម្បីលេងហ្គេម និងទំនាក់ទំនងស្នេហាជាមួយដៃគូ។ ក្រោយការហាមឃាត់ នាយកវិទ្យាល័យរូបនេះ អះអាងថា សិស្សរបស់លោកក៏ចាប់អារម្មណ៍លើការរៀនសូត្រ ដោយបណ្ណាល័យសិក្សាចាប់ផ្ដើមមានសិស្សចូលអានសៀវភៅឡើងវិញ។ 

លោកបន្ថែមថា វិទ្យាល័យរបស់លោក មានសិស្សានុសិស្សសរុបប្រមាណ១៣០០នាក់ ដោយ៧០ ភាគរយមានទូរសព្ទប្រើប្រាស់។ តែទោះជាយ៉ាងណា ក្រោយការដាក់បម្រាម រួមទាំងវិធានការដកទូរសព្ទទុក ដោយឱ្យអាណាព្យាបាលមកដោះស្រាយ លោកសង្កេតឃើញថា នៅពេលនេះ សាលារបស់លោកមិនមានសិស្សណាម្នាក់ដាក់ទូរសព្ទមកប្រើប្រាស់ទៀតឡើយ។

លោក និយាយថា៖ «ក្រសួងគាត់ចេញច្បាប់ហ្នឹងមកល្អសម្រាប់គ្រប់សាលាទូទាំងប្រទេស ដើម្បីឱ្យសិស្សងាកមកមើល អានសៀវភៅនៅបណ្ណាល័យ ប្រឹងប្រែងរៀនសូត្រវិញ ធ្វើចឹងល្អ។ កាលគាត់មានទូរស័ព្ទ គាត់មិនសូវបានរៀនប៉ុន្មាន គាត់មើលតែទូរស័ព្ទ ក្នុងម៉ោងរៀនក៏គាត់មើលតែទូរស័ព្ទដែរ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា ក្រៅតែពីចេញសេចក្ដីណែនាំ ស្ថាប័នពាក់ព័ន្ធគួរតែប្រាប់គ្រូបង្រៀនឱ្យដាក់ពិន័យឱ្យតឹងរឹង ដោយរម្លឹកដល់សិស្សកុំឱ្យប្រើ ឬបិទទូរស័ព្ទ ហើយធ្វើការត្រួតពិនិត្យ នៅមុនចាប់ផ្ដើមបង្រៀនជាប់ជាប្រចាំ។ ក្នុងករណីសិស្សមិនស្ដាប់បង្គាប់ លោកថា គ្រូបង្រៀនអាចឱ្យសិស្សនោះធ្វើកិច្ចសន្យា ឬមិនអនុញ្ញាតឱ្យរៀននៅក្នុងម៉ោងរបស់ខ្លួន។

លោក និយាយថា៖ «បើសិននៅតែធ្វើ (ប្រើទូរស័ព្ទ) ដូច្នោះ គ្រូអាចអញ្ជើញឱ្យគាត់ទៅក្រៅ ឬមិនអាចឱ្យចូលរៀននៅម៉ោងហ្នឹងទៅ។ ចឹងបើសិនមានវិធានការតឹងរឹងប្រហែលអាចទៅរួច ប៉ុន្តែបើយើងមិនបានដាក់ផែនការជាប្រចាំទេ អត់អាចទៅរួចទេ»។

កាលពីចុងឆ្នាំ២០២៣ ក្រសួងអប់រំ ក៏បានចេញសេចក្ដីណែនាំដែរ ដោយហាមឃាត់ការប្រើប្រាស់ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូ ជាពិសេសការលេងហ្គេម និងបណ្ដាញទំនាក់ទំនងសង្គម៕

អានអត្ថបទផ្សេងទៀតអំពី អប់រំ

អប់រំ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1986}" data-page="1" data-max-pages="1" data-start="1" data-end="1">