គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សម្រេចបង្កើតសម្ព័ន្ធភាពដើម្បីបង្កើនកម្លាំងនយោបាយរួមគ្នា ត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៨។ គោលបំណងនៃការរួមគ្នារបស់ពួកគេក៏ចង់ចូលរួមដោះស្រាយបញ្ហាសេដ្ឋកិច្ច និងអធិបតេយ្យជាតិក្នុងបរិបទតម្លៃប្រេងឡើងថ្លៃដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងការឈ្លានពានទឹកដីពីសំណាក់យោធាថៃនៅតាមព្រំដែន។
សេចក្តីប្រកាសព័ត៌មានរួមរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឱ្យដឹងថា គណបក្សប្រឆាំងទាំងពីរនឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី“ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើសម្ព័ន្ធភាព គណបក្សនយោបាយ” ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ជាមួយគ្នានេះ គណបក្សទាំងពីរក៏លើកឡើងពីដំណោះស្រាយសម្រាប់បញ្ហាមួយចំនួន ដូចជាបញ្ហាសេដ្ឋកិច្ច ជីវភាពពលរដ្ឋ និងបញ្ហាអធិបតេយ្យភាពជាតិ។
សេចក្តីថ្លែងការណ៍លើកឡើងថា៖«បញ្ហាសេដ្ឋកិច្ច និងជីវភាព រួមគ្នាស្វែងរកដំណោះស្រាយ និងយន្តការតស៊ូមតិដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យ និងការទាមទារឱ្យមានស្ថិរភាព តម្លៃប្រេងសាំង នៅលើទីផ្សារ ដែលកំពុងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ»។
សេចក្តីថ្លែងការណ៍បន្តថា៖ «បញ្ហាអធិបតេយ្យភាពជាតិ រួមគ្នាការពារបូរណភាពទឹកដី ដោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជម្លោះព្រំដែនកម្ពុជាជាមួយប្រទេសថៃ តាមរយៈការជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី និងតម្លាភាព ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា ដើម្បីធានាបាននូវឧត្តមប្រយោជន៍ជាតិជាធំ»។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា និយាយថា គណបក្សទាំងពីរបានសហការនិងមានគម្រោងបង្កើតសម្ព័ន្ធភាពជាមួយគ្នាមកជាយូរហើយ ប៉ុន្តែកន្លងមកមិនទាន់មានស្ថានភាពផ្លូវការដែលទទួលស្គាល់តាមច្បាប់នៅឡើយទេ។
ដូច្នេះ ដើម្បីឲ្យសម្ព័ន្ធភាពនេះក្លាយជាផ្លូវការ និងទទួលស្គាល់ពីក្រសួងមហាផ្ទៃ គណបក្សនីមួយៗត្រូវរៀបចំសមាជរបស់ខ្លួន និងធ្វើវិសោធនកម្មលើលក្ខន្តិកៈ ដើម្បីបើកផ្លូវអាចចងសម្ព័ន្ធនយោបាយបានតាមច្បាប់។
លោកប្រាប់ថា៖ «យើងបើកទូលាយទៅឲ្យគណបក្សនយោបាយផ្សេងៗទៀតដែលធ្លាប់ធ្វើកន្លងមកជាមួយយើង គណបក្សផ្សេងៗដែលមិនធ្លាប់ចូលរួមជាមួយនឹងសម្ព័ន្ធភាពនយោបាយអីហ្នឹងមកចូលរួមនៅក្នុងសម្ព័ន្ធជាមួយយើង ដើម្បីប្រមែប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យដែលមាននិន្នាការនយោបាយគោលដៅឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពិតប្រាកដនៅកម្ពុជាជួយគ្នាមកចូលរួមបង្ហាញទៅជាកម្លាំងមួយនៃអ្នកនយោបាយធំមួយត្រៀមខ្លួនក្នុងការប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០២៧ ឃុំសង្កាត់ និងឆ្នាំ២០២៨ ជ្រើសតាំងតំណាងរាស្ត្រ»។
ស្របពេលនេះដែរ លោកគិតថាប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា បញ្ហាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវការខ្មែររួបរួមគ្នា ។លោកក៏បានស្នើរដ្ឋាភិបាលឲ្យមានការពង្រឹងលំហប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងពិចារណាឡើងវិញលើសិទ្ធិរបស់សកម្មជននានា ដើម្បីឲ្យពួកគេអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសបាន។
លោកនិយាយថា៖ «ដូច្នេះយើងនៅមានបញ្ហាច្រើនដែលយើងកំពុងតែកើតមាននៅក្នុងប្រទេសដែលគួបផ្សំបញ្ហានៅក្រៅប្រទេសដែលកំពុងដាក់សម្ភាធនៅកម្ពុជាគឺចំបាច់ណាស់ បញ្ហាដែលយើងទាំងអស់គ្នាក្នុងនាមជាខ្មែរ ត្រូវរួមសាមគ្គី»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការបង្កើតសម្ព័ន្ធភាពរបស់គណបក្សនយោបាយផ្សេងៗ។ លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យ ដូច្នេះការចងសម្ព័ន្ធរវាងគណបក្សនយោបាយ គឺជាសិទ្ធិសេរីភាពរបស់ពួកគេ ហើយមិនមែនជាបញ្ហាដែលត្រូវឲ្យមានការព្រួយបារម្ភឡើយ។
លោកថ្លែងថា៖ «យើងសាទរសម្ព័ន្ធភាពគ្នា ដោយបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យដោយបានផ្តល់សិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយសម្រាប់គណបក្សនយោបាយទាំងអស់»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងថា ការចងសម្ព័ន្ធរវាងគណបក្សនយោបាយអាចធ្វើបាន ប្រសិនបើអនុវត្តស្របតាមច្បាប់។ លោកបន្ថែមថា ការរួបរួមរបស់គណបក្សក្រៅរដ្ឋាភិបាលអាចបង្កើនកម្លាំងក្នុងការលើកបញ្ហា និងស្វែងរកដំណោះស្រាយជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិ ប្រសិនបើមានគោលដៅរួម និងគោរពច្បាប់។
លោកលើកឡើងថា ៖«ក៏ប៉ុន្តែបញ្ហាប្រឈមកន្លងមកយើងឃើញថាគណបក្សតូចៗ ដែលនៅក្រៅរដ្ឋាភិបាលភាគច្រើនគឺសម្ព័ន្ធភាពតូចរបស់គាត់ វាមិនសូវមានស្ថេរភាព ឬក៏រឹងមាំ ហើយទីបំផុតទៅបែកបាក់គ្នាដោយសារទំនាស់ផលប្រយោជន៍ ឬក៏ជំហរនយោបាយមិនត្រូវគ្នាជាដើម។ អីចឹងក៏ជាបញ្ហាប្រឈមមួយសម្រាប់ជាតិរឹងមាំ នៃសម្ព័ន្ធភាពគណបក្សតូចៗនៅក្រៅរដ្ឋាភិបាល»។
យោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្តីពី «បែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ» លើកឡើងថា គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមផ្លូវច្បាប់ស្តីពីគណបក្សនយោបាយ អាចធ្វើសម្ព័ន្ធភាពទ្វេភាគី ឬពហុភាគីបានដោយសេរី តាមសេចក្តីសម្រេចរបស់គណបក្សនីមួយៗ ស្របតាមលក្ខន្តិកៈគណបក្សនយោបាយ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ករណីគណបក្សនយោបាយណាមួយពុំបានចែងអំពីការធ្វើសម្ព័ន្ធភាពនោះទេ ការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយអាចធ្វើឡើងដោយសេចក្តីសម្រេចនៃមហាសន្និបាត ឬសមាជ ឬអង្គការសមមូលរបស់គណបក្សនោះ។
ប្រការទី៨នៃប្រកាសក្រសួងមហាផ្ទៃលើកឡើងថា៖ «គណបក្សនយោបាយដែលបានធ្វើសម្ព័ន្ធភាពជាមួយគ្នា មិនអាចលើកស្លាករួមតែមួយដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយនៅក្នុងសម្ព័ន្ធភាពជាមួយគ្នាបានទេ។ គណបក្សនយោបាយនីមួយៗ អាចលើកស្លាកដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយដាច់ដោយឡែករៀងៗខ្លួន»៕







