លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ណែនាំស្ថាប័នរដ្ឋពាក់ព័ន្ធ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពរកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈ។
បើតាមសារលិខិតរបស់លោកហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ!យើងអាចបញ្ចប់ជំងឺរបេង៖ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា។ ការរៀបចំទិវានេះក្នុងគោលបំណងបន្តជំរុញ និងលើកកម្ពស់សុខភាពរបស់ពលរដ្ឋ រួមទាំងបំផុសការយល់ដឹងក្នុងការប្រយុទ្ធនឹងជំងឺរបេង។
សារលិខិតដដែល បានគូសបញ្ជាក់ថា៖ក្នុងរយៈពេល២៤ឆ្នាំចុងក្រោយ អត្រាពលរដ្ឋខ្មែរស្លាប់ដោយសារជំងឺរបេងបានធ្លាក់ចុះ៧៨ភាគរយ ពោលគឺមានត្រឹម១៨ករណី ក្នុងឆ្នាំ២០២៤ ដោយបានធ្លាក់ចុះពី៨០ករណី នៅក្នុងឆ្នាំ២០០០ ក្នុងចំណោមពលរដ្ឋ១០ម៉ឺននាក់។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៨៥៣ករណី នៅឆ្នាំ២០០០ មកត្រឹម២៧២ករណីនៅឆ្នាំ២០២៤ ក្នុងចំណោមពលរដ្ឋ១០ម៉ឺននាក់។
លោក ហ៊ុន ម៉ាណែត ថា ប្រទេសកម្ពុជានៅតែមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើធៀបនឹងបណ្ដាប្រទេសមួយចំនួននៅសកលលោក ដែលលោកទាមទារឱ្យយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហារោគរបេង ប្រកបដោយប្រសិទ្ធភាពខ្ពស។
ជាដំណោះស្រាយ លោកនាយករដ្ឋមន្រ្តី បានប្រាប់ឱ្យស្ថាប័នរដ្ឋពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវរកជំងឺរបេងនៅតាមសេវាមូលដ្ឋានសុខាភិបាល សហគមន៍ និងទីកន្លែងសាធារណៈនានា។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែ ក៏ណែនាំឱ្យខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង និងបន្តរក្សានូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេងលើសពី៩០ភាគរយ។
ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ហួត ចាន់យុដា មានប្រសាសន៍ថា ដើម្បីព្យាបាលនិងកាត់បន្ថយអត្រាស្លាប់ដោយជំងឺរបេង កម្មវិធីជាតិកំចាត់រោគរបេង និងហង់សិន បានពង្រីកសេវាព្យាបាលរបេងនៅមន្ទីរពេទ្យបង្អែកចំនួន១០៣ទីតាំង និងមណ្ឌលសុខភាពជាង១០០០កន្លែងនៅទូទាំងប្រទេស។
លោក បន្ថែមថា តាមការស្រាវជ្រាវមានពលរដ្ឋប្រមាណ៣ទៅ៤ម៉ឺននាក់ក្នុងមួយឆ្នាំបានកើតជំងឺរបេង ស្របពេលដែលក្នុងមួយឆ្នាំៗ មានអ្នកស្លាប់ដោយរោគរបេងប្រមាណ ២០០ ទៅ៤០០នាក់។
លោកបញ្ជាក់ថា ពលរដ្ឋកើតជំងឺរបេងដែលបានស្លាប់ភាគច្រើនមានជំងឺបន្ថែម ដូចជា ជំងឺទឹកនោមផ្អែម ឡើងឈាម បេះដូង ឬមហារីក ជាដើម អំឡុងពេលទទួលការព្យាបាលរបេង។
លោក និយាយថា៖ «មូលហេតុខ្លះដែលយើងអាចដឹងថាគាត់អាចស្លាប់គឺទី១ គាត់លេបថ្នាំមិនទៀងទាត់ ហើយទី២ វាអាចស៊ាំថ្នាំរបេង។ ហើយទី៣ ដោយសារមានមេរោគឱកាសនិយមអីផ្សេងៗទៀតដែលគាត់ឈឺ»។
ចំណែកប្រធានមណ្ឌលសុខភាពត្បែងមានជ័យ ខេត្តព្រះវិហារ លោក សុខ រដ្ឋា មានប្រសាសន៍ថា ការព្យាបាលរោគរបេងមិនជាសះស្បើយ ដោយសារអ្នកជំងឺមួយចំនួន បានផ្អាកលេបថ្នាំរបេងទាក់ទិននឹងការធ្វើទុករបស់ថ្នាំ ផ្ទះនៅឆ្ងាយ និងអ្នកជំងឺផ្សេងទៀតផឹកស្រាជាដើម។
លោកបន្ថែមថា នៅមណ្ឌលសុខភាពរបស់លោកនៅពេលនេះមានអ្នកជំងឺរបេងចំនួន៥នាក់កំពុងទទួលការព្យាបាល ខណៈជារៀងរាល់ឆ្នាំមានអ្នកមកពិនិត្យនិងព្យាបាលរោគរបេងប្រមាណ១០នាក់។
លោក និយាយថា៖ «(មូលហេតុព្យបាលអត់ជាសះស្បើយ) ជូនកាលគាត់លេបហើយគាត់ផ្អាកលេប គាត់ផឹកស្រា គាត់ឈប់លេប។ លេបបានមួយខែជាង ពីរខែ ជូនកាលគាត់បោះបង់ដល់ចឹងទៅគាត់មកលេបថ្នាំទៀត គាត់ព្យាបាលសារដើមទៀតចឹង។ មួយទៀតផលប៉ះពាល់ថ្នាំ លេបទៅគាត់ធ្វើទុកខ្លាំងពេក គាត់អាចផ្អាកសិន។ ធ្វើទុកខ្លាំង យើងអាចឱ្យគាត់ផ្អាកលេបសិន»។
យោងតាមរបាយការណ៍ជំងឺរបេងសកលឆ្នាំ ២០២៥ របស់អង្គការសុខភាពពិភពលោក (WHO) ជំងឺរបេង (TB) នៅតែជាជំងឺមួយក្នុងចំណោមជំងឺរាតត្បាតដ៏សាហាវបំផុតរបស់ពិភពលោក ដោយបានឆក់យកជីវិតមនុស្សជាង ១,២ លាននាក់ និងប៉ះពាល់ដល់មនុស្សប្រមាណ ១០,៧ លាននាក់កាលពីឆ្នាំ២០២៤។ បើទោះបីជាមានវឌ្ឍនភាពដែលអាចវាស់វែងបានក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការច្នៃប្រឌិតក៏ដោយ ក៏បញ្ហាប្រឈមជាបន្តបន្ទាប់ក្នុងការផ្តល់មូលនិធិ និងការទទួលបានការថែទាំប្រកបដោយសមធម៌បានគំរាមកំហែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងជាសកល៕







