បក្សមួយចំនួនផ្ដើមយុទ្ធសាស្ត្រត្រៀមប្រជែងការបោះឆ្នោតខាងមុខ

បោះឆ្នោតនិងគណបក្សនយោបាយ

គណបក្សឆន្ទៈខ្មែរនិងបក្សភ្លើងទៀនចងសម្ព័ន្ធភាពជាមួយគ្នា ត្រៀមចូលរួមបោះឆ្នោត។ (រូបថតពីបណ្ដាញសង្គមបក្សភ្លើងទៀន)

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ចាប់ផ្ដើមជួបជុំសមាជិកនិងអ្នកគាំទ្រដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧។

កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា គណបក្សឆន្ទៈខ្មែរនិងគណបក្សភ្លើងទៀនបានរៀបចំកម្មវិធីចុះហត្ថលេខាចងសម្ព័ន្ធភាពនយោបាយជាមួយគ្នា។ ក្នុងថ្ងៃដដែល គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានរៀបចំសមាជនិងជួបជុំសមាជិករបស់ខ្លួនដើម្បីត្រៀមខ្លួនរៀបចំការបោះឆ្នោតខាងមុខ។

អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា មានប្រសាសន៍ថា បក្សឆន្ទៈខ្មែរគ្រោងដាក់បេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស ហើយលោកសង្ឃឹមថា បេក្ខជនដែលឈរឈ្មោះឱ្យបក្សភ្លើងទៀននឹងបន្តឈរឈ្មោះឱ្យបក្ស

ឆន្ទៈខ្មែរ។

ទន្ទឹងនឹងនេះ លោក ថា គណបក្សឆន្ទៈខ្មែរ ក៏បើកចំហឱ្យប្រជាពលរដ្ឋទូទៅដែលមានបំណងប្រឡូកក្នុងការឆាកនយោបាយ និងដឹកនាំឃុំសង្កាត់របស់ខ្លួន អាចឈរឈ្មោះជាបេក្ខជនបាន។

លោក និយាយថា៖ «យើងជឿជាក់ថា សកម្មជន និងបេក្ខជនរបស់គណបក្សភ្លើងទៀនកន្លងមកនឹងចូលរួមបន្តឈរឈ្មោះឱ្យគណបក្សឆន្ទៈខ្មែរ។ យើងក៏បើកទូលាយដែរឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន យុវនារី ដែលមានបំណងចូលរួមក្នុងការឆាកនយោបាយ មានបំណងចូលរួមដឹកនាំឃុំសង្កាត់របស់ខ្លួន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ យើងស្វាគមន៍ឱ្យគាត់មកឈរជាបេក្ខជនរបស់គណបក្សឆន្ទខ្មែរ ដើម្បីឱ្យគាត់មានឱកាសក្នុងការឈានទៅដឹកនាំឃុំ-សង្កាត់របស់ខ្លួននៅក្នុងឆ្នាំ២០២៧ខាងមុខ»។

ជាមួយគ្នានេះ ក្នុងថ្ងៃអាទិត្យដដែល គណៈកម្មាធិការនាយកនៃបក្សឆន្ទៈខ្មែរក៏បានបោះឆ្នោតជ្រើសតាំងលោក សេង ម៉ារឌី ជាប្រធានបក្សជំនួសលោក សុក ហាច ដែលលោក មុនីកា អះអាងថា លោក ហាច មានបញ្ហាសុខភាព ប៉ុន្តែនៅតែជាសមាជិកគណៈកម្មធិការនាយកបក្សដដែល ខណៈការផ្លាស់ប្ដូរប្រធានបក្ស ដើម្បីប្រសិទ្ធភាពការងារប៉ុណ្ណោះ។

ជុំវិញការចងសម្ព័ន្ធភាពនយោបាយលោក មុនីកា អះអាងថា ចំពោះបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សកែទម្រង់កម្ពុជា ដែលធ្លាប់ចងសម្ព័ន្ធភាពនឹងគ្នាពីមុនមកដែរ អាច​ចងសម្ព័ន្ធភាពនយោបាយសាជាថ្មីវិញបាន បន្ទាប់ពីបក្សទាំងពីរបានកែប្រែលក្ខន្ដិកៈផ្ទៃក្នុងរបស់ខ្លួនដោយស្របតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ជា ធារ៉ា មានប្រសាសន៍ថា ការរៀបចំសមាជរបស់បក្សកាលពីសប្ដាហ៍មុន ដើម្បីកែប្រែលក្ខន្ដិកៈផ្ទៃក្នុងឱ្យស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការចងសម្ព័ន្ធភាពនយោបាយ។

ក្រៅពីនេះ លោក ថា គណបក្សក៏ឆ្លៀតឱកាសជួបជុំសមាជិក និងអ្នកគាំទ្រនៅតាមមូលដ្ឋានដើម្បីពិភាក្សា និងត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ។

លោក និយាយថា៖ «នៅក្នុងការកែប្រែនេះដើម្បីគណបក្សប្រជាធិបតេយ្យមូលដ្ឋានអាចចង​សម្ព័ន្ធភាពជាមួយគណបក្សក្រៅរដ្ឋាភិបាលដទៃទៀត ដើម្បីឱ្យកម្លាំងសាមគ្គីនៅក្នុងការបម្រើប្រជាពលរដ្ឋ មានឱកាសនៅក្នុងអាណត្តិពេលខាងមុខ»។

រីឯមន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស មានប្រសាសន៍ថា អង្គការខុមហ្វ្រែល នៅមិនទាន់វាយតម្លៃថាតើនឹងចូលរួមពិនិត្យមើលក្នុងកម្រិត​ណានៅឡើយទេ ដោយរងចាំការពិគ្រោះយោបល់ផ្ទៃក្នុង និងអង្គការដៃគូជាមុនសិន។

លោក និយាយថា៖ «មកដល់ពេលនេះយើងមានផែនការមួយចំនួនសម្រាប់ពិនិត្យមើលទៅលើដំណើរការនៃការបោះឆ្នោត ប៉ុន្តែការវាយតម្លៃ ការចូលរួមបែបណា យើងមិនទាន់ធ្វើការសម្រេចចិត្តថាតើ យើងចូលនៅក្នុងកម្រិតណាមួយនៅឡើយទេ គ្រាន់តែយើងនឹងចូលរួមនៅក្នុងដំណើរការនៃការបោះឆ្នោតហ្នឹង»។

យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឱ្យប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕

បោះឆ្នោតនិងគណបក្សនយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2023}" data-page="1" data-max-pages="1" data-start="1" data-end="1">