អង្គការសង្គមស៊ីវិលបង្ហាញក្ដីបារម្ភពីពលករខ្មែរដែលបន្តធ្វើការនៅប្រទេសថៃប្រមាណជាង១០ ម៉ឺននាក់ ថាអាចប្រឈមនឹងភាពអត់ការងារធ្វើ និងការបណ្ដេញចេញ ក្រោយក្រសួងការងារថៃមិនព្រមបន្តបណ្ណការងារស្របច្បាប់ឱ្យពួកគេ។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា កន្លងមកក្រសួងការងារថៃបានធ្វើបច្ចប្បន្នភាពឱ្យដឹងថាពលករខ្មែរជាង១០ ម៉ឺននាក់ទៀតនឹងអស់សុពលភាពបណ្ណការងារនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។ តែយ៉ាងណាលោកថាមកទល់ពេលនេះ ក្រសួងការងារថៃមិនទាន់អនុញ្ញាតឱ្យបន្តសុពលភាពនៅឡើយ ដែលធ្វើឱ្យពលករខ្មែរនៅប្រទេសថៃមានការព្រួយបារម្ភពីសុវត្ថិភាពការងារ ប្រឈមការរស់នៅខុសច្បាប់ និងការបណ្ដេញចេញមកកម្ពុជាវិញ។
លោកថា៖ «យើងបានឃើញព័ត៌មានជាហូរហែដែរថាពួកគាត់ជាង១០ ម៉ឺននាក់ហ្នឹងមិនអាចបន្ត វីសា (visa) បានទេ។ អីចឹងបញ្ហាប្រឈមរបស់ពួកគាត់គឺប្រឈមច្រើន ហើយកន្លងមកប្រជាពលរដ្ឋក៏បានត្អូញត្អែរពីការខ្លាចរស់នៅដោយខុសច្បាប់ ហើយណាមួយបញ្ហាប្រឈមរបស់គាត់ហ្នឹង គឺអ្នកខ្លះទៅគាត់រង់ចាំមើលគោលនយោបាយក្រសួងការងារថៃ ថាតើគេតឱ្យ ឬមិនតឱ្យយ៉ាងម៉េច»។
លោកបន្ថែមថា៖ «ខ្ញុំគិតថាក្រសួងពាក់ព័ន្ធជាពិសេសក្រសួងការងារខ្មែរក៏គាត់បានជ្រាបដែរ ដែលក្រសួងការងារថៃមិនបន្ត Visa ឱ្យពលករខ្មែរនៅថៃ។ កន្លងមកក្រសួងការងារខាងថៃក៏គេបានធ្វើបច្ចុប្បន្នភាព ទាក់ទងទៅរឿងហេតុផលដែលថារដ្ឋាភិបាលថៃនៅតែរឹតបន្តឹងទាក់ទងរឿងសន្តិសុខរបស់ថៃ។ នេះហើយដែលធ្វើឱ្យប៉ះពាល់ដល់ពលករ ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ»។
លោក សុផុន បន្តលើកឡើងថាពលករខ្មែរទាំងនោះបារម្ភពីឱកាសការងារតិចតូចប្រសិនបើពួកគេត្រឡប់មកប្រទេសកម្ពុជាវិញ។ លោកថា៖ «ផលប៉ះពាល់ច្រើន ហើយខ្ញុំមើលឃើញថាពលរដ្ឋនៅតាមតំបន់ផ្សេងៗដែលព្រួយបារម្ភពីការរស់នៅ ព្រួយបារម្ភពីការបំលាស់ទី ព្រួយបារម្ភពីការវិលត្រឡប់ទៅប្រទេសកំណើត ជាពិសេសគាត់មានអាយុច្រើនៗ ខ្ទង់៣០ ៤០ជាងអី គាត់ព្រួយបារម្ភថាពេលត្រឡប់មកប្រទេសកំណើតវិញ ប្រទះនូវកង្វះការងារឱ្យេពួកគាត់»។
បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃលោក ទ្រីណុច ធៀនថុង (Trinuch Thienthong) ពលកររកម្ពុជាដែលមានលិខិតអនុញ្ញាតមានសុពលភាពត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការរហូតដល់ពួកគេផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ដែលរដ្ឋាភិបាលថៃនឹងពិនិត្យលើករណីនេះបន្តទៀត។ រដ្ឋមន្ត្រីក្រសួងការងារថៃរូបនេះ ថ្លែងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា គ្មានពលករកម្ពុជាថ្មី នឹងត្រូវបានអនុញ្ញាតឱ្យចូលធ្វើការនៅប្រទេសថៃឡើយ។ លោកថា មានតែអ្នកដែលមានលិខិតអនុញ្ញាតការងារដែលមានសុពលភាពប៉ុណ្ណោះដែលនឹងត្រូវបានគ្រប់គ្រង ទាមទារឱ្យមានការចុះឈ្មោះត្រឹមត្រូវ និងការត្រួតពិនិត្យពីនិយោជក។
កាសែតបាងកកប៉ុស្តិ៍ថៃ បានផ្សាយថា រដ្ឋាភិបាលថៃបានចេញបម្រាមជាផ្លូវការលើពលករចំណាកស្រុកខ្មែរថ្មីដែលចូលប្រទេសថៃដោយលើកឡើងពី «ហានិភ័យសន្តិសុខជាតិ» ដែលកំពុងបន្តដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ បើទោះបីជាវិស័យឯកជនរបស់ប្រទេសថៃបានប្រឈមនឹងកង្វះកម្លាំងពលកម្ម ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងប្រទេសថៃក៏ដោយ។
ប្រជាកាសែតមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានទេនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ។ តែយ៉ាងណា ទាក់ទងនឹងបញ្ហាបន្តសុពលភាពបណ្ណការងារសម្រាប់ពលករខ្មែរនៅប្រទេសថៃនេះ លោក មេសា បានប្រាប់សារព័ត៌មានគិរីប៉ុស្ត៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ថា ការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាលទីក្រុងបាងកកគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ លោកថា ក្រសួងការងារបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយពលករខ្មែរដែលវិលត្រឡប់មកកម្ពុជាវិញដើម្បីទទួលបានការងារ។
ពលករខ្មែរម្នាក់ដែលធ្វើការជាងមួយទសវត្សរ៍នៅក្នុងប្រទេសថៃ អ្នកស្រី ម៉ុន សុខម៉ៃ បាននិយាយថា អ្នកស្រីមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការណាមួយអំពីគោលនយោបាយថ្មីនេះនៅឡើយទេ។ អ្នកស្រីថា បណ្ណការងាររបស់អ្នកស្រីអស់សុពលភាពនៅឆ្នាំ២០២៧។ លើសពីនេះ អ្នកស្រីសង្កេតឃើញថា បើទោះបីជាមានការរឹតបន្តឹងផ្នែកសន្តិសុខជាមួយពលករខ្មែរ ពលករដែលមានឯកសារត្រឹមត្រូវ និងមានការងារ និងការធានាច្បាស់លាស់ជាមួយថៅកែថៃនៅតែអាចបន្តសុពលភាពបណ្ណការងារបាន។
អ្នកស្រីថា៖ «សម្រាប់បងផុតកំណត់ឆ្នាំ២០២៧។ បងធ្វើការជាមួយថៅកែថៃនៅបាងកកយូរហើយ ដូចមិនមានការព្រួយបារម្ភទេ។ បងអត់ដឹងច្បាស់រឿងហ្នឹងទេ តែបងឃើញពលករខ្មែរយើងនៅបន្តបានធម្មតាតើ»។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថាក្នុងស្ថានភាពដែលកម្ពុជា និងថៃ កំពុងមានភាពតានតឹងដោយសារជម្លោះព្រំដែន រដ្ឋាភិបាលកម្ពុជាគួរត្រៀមលក្ខណៈជានិច្ចក្នុងការដោះស្រាយវិបត្តិការងាររបស់ពលករខ្មែរ។ ប្រសើនបើពួកគេមិនអាចបន្តការងារក្នុងប្រទេសថៃបាន លោកថា កម្ពុជាគួរត្រៀមរកការងារឱ្យពួកគេធ្វើ និងជួយផ្នែកសមធម៌ ក៏ដូចជាទ្រទ្រង់ផ្នែកជីវភាពរបស់ពួកគេ។
លោកថា៖ «ទី១ ប្រសិនបើចង់ពលករខ្មែរធ្វើការបាន ទាល់តែមានទំនាក់ទំនងជាមួយថៃ។ បើសិនទំនាក់ទំនងមិនអាចទៅរួចទេ ដោយសារស្ថានភាពតានតឹង អាហ្នឹងមានតែត្រៀមលក្ខណៈទទួលពលករត្រឡប់មកវិញ។ បើទល់ពេលនេះហើយ ប្រសិនបើខាងថៃគេមិនទាន់សម្រេចថាយ៉ាងម៉េចផង។ ខ្ញុំគិតថាគេទុកឱ្យយើងអស់សុពលភាព ហើយគេចាប់ផ្ដើមប្រើវិធានការក្ដៅលើយើង អីចឹងវាអាចបង្កបញ្ហាកាន់តែខ្លាំង។ វាអាចជាសម្ពាធសម្រាប់រដ្ឋាភិបាលកម្ពុជាហ្នឹង»។
លោកបន្ថែមថា៖ «ខ្ញុំមើលឃើញលទ្ធភាពរាជរដ្ឋាភិបាលហាក់ដូចជាមិនមានលទ្ធភាពអីអាចនឹងទទួល អាចនឹងផ្ដល់ជំនួយ ការឧបត្ថម្ភអីធំដុំ ខ្ញុំមើលឃើញជាទូទៅ ព្រោះអ្នកដែលត្រឡប់មកមុនមិនដឹងថាបានការងារគ្រប់គ្នាហើយឬនៅ។ ខ្ញុំគិតថាលំបាក តែយ៉ាងណាយើងត្រូវតែត្រៀម»។
តាមរយៈរបាយការណ៍ស្ទង់មតិពីផលប៉ះពាល់នៃពលករខ្មែរចំណាកស្រុកដែលត្រឡប់ពីថៃចំនួន ៥២៧ នាក់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់(CENTRAL) រកឃើញថាមានពលករខ្មែរដែលត្រឡប់ពីថៃដោយសារជម្លោះព្រំដែនជាង៧០ភាគរយជំពាក់បំណុលគេ ដោយជាមធ្យមជំពាក់ជាង៥ពាន់ដុល្លារក្នុងមួយគ្រួសារ។
ចំណែកខាងក្រសួងការងារវិញ អះអាងថា ក្នុងចំណោមពលករខ្មែរត្រឡប់ពីថៃវិញប្រមាណជាង ៩០ម៉ឺននាក់ដោយសារសង្រ្គាមវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជា មានពលករខ្មែរប្រមាណ៦០ម៉ឺននាក់ទទួលបានឱកាសការងារទាំងក្នុងនិងក្រៅប្រព័ន្ធ៕







