សង្គមស៊ីវិលបង្ហាញក្តីបារម្ភចំពោះអត្រាបោះបង់ការសិក្សា និងស្នើរដ្ឋាភិបាលពង្រឹងគុណភាពអប់រំ និងពង្រីកការគាំពារសង្គម។ការលើកឡើងនេះ បន្ទាប់ពីរបាយការណ៍ថ្មីរបស់យូនីហ្វេសបង្ហាញ អត្រាបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យនៅកម្ពុជានៅតែខ្ពស់ ប្រមាណជិត ២០% សម្រាប់ឆ្នាំ ២០២៤។
របាយការណ៍ថ្មីរបស់អង្គការយូនីហ្វេស ដែលសហការជាមួយក្រសួងអប់រំកម្ពុជាចេញផ្សាយនៅថ្ងៃទី ២៤ មីនា ២០២៦ បង្ហាញថា ទោះបីជាវិស័យអប់រំកម្ពុជាត្រូវបានពង្រឹងក៏ដោយ ការបោះបង់ការសិក្សារបស់សិស្សអនុវិទ្យាល័យនៅតែខ្ពស់ប្រមាណជិត ២០%នៅឆ្នាំ២០២៤ និងនៅតែជាក្តីកង្វល់សំខាន់មួយ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោកបណ្ឌិត ប៉ា ចន្ទរឿន យល់ឃើញថារបាយការណ៍នេះ បានបញ្ជាក់ស្មារតីដ៏សំខាន់មួយទៅកាន់ក្រសួងអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ អំពីបញ្ហាបោះបង់ការសិក្សានៅកម្ពុជា នៅតែគួរឲ្យព្រួយបារម្មណ៍ ដែលអត្រាបោះបង់ការសិក្សានេះមាន ២០ ភាគរយ មិនមែនជាចំនួនតិចទេ។
លោកលើកឡើងថា បញ្ហាសំខាន់មួយទៀតគឺគុណភាពអប់រំ ដែលនៅមិនទាន់ឆ្លើយតបតាមតម្រូវការ សិស្សជាច្រើន ទោះបីបានឡើងថ្នាក់អនុវិទ្យល័យក៏ដោយ ក៏នៅតែខ្វះចំណេះមូលដ្ឋាន ដូចជា ការអាន ការសរសេរ និងគណិតវិទ្យា។
លោកថ្លែងប្រាប់ថា៖ «ខ្ញុំឃើញកន្លងក្រសួងអប់រំបានយកចិត្តទុកដាក់ ធ្វើការកំណែរទម្រង់ច្រើន ប៉ុន្តែដូចជាផ្តោតសំខាន់ទៅលើការប្រឡងច្រើនជាជាង ការពង្រឹងគុណភាពអប់រំនៅកម្រិតភូមិដ្ឋាន យើងដូចជាផ្តោតទៅលើធ្វើម៉េចឲ្យតែជាប់ឡើងថ្នាក់ឲ្យបានច្រើន ប៉ុន្តែអត់សូវទៅលើ ។ ការអប់រំឲ្យសិស្សមានសម្ថភាពនៅក្នុងការ ការអានការសរសេរ ការគិតគូរ បណ្តុះនូវ ផ្តត់គំនិតល្អឬក៏ផ្តត់គំនិតល្អនៅឡើយ»។
លោកបន្តថា៖ «ដូច្នេះបានជាយើងឃើញមានបញ្ហាច្រើនទោះបីជាភាគរយ នៃការប្រឡងបាក់ឌុបសិស្សនិទ្ទេស A មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែបើយើងក្រឡែកទៅក្រោយមូលដ្ឋានគ្រឹះនៃការអប់រំ របស់យើងគឺថានៅកម្រិតទាបណាស់ ។ដូច្នេះហើយទាមទារការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ជាងនេះដើម្បីសម្រេចគោលដៅនៃការអប់រំទាំងអស់គ្នាដោយ មិនទុកនរណាម្នាក់ចោល »។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានលើកឡើងថា រដ្ឋាភិបាលត្រូវតែមានដាក់ចេញនូវគោលនយោបាយគាំពារសង្គមមកដល់គ្រួសារដែលក្រីក្រ ដែលធ្វើឲ្យប៉ះពាល់ដល់ការរៀនសូត្រដោយ ក្នុងការគាំពារសិស្ស ផ្តល់អាហារូបករណ៍និងឧត្តបម្ភបន្ថែម ។
លោកបន្តថា៖ «ទាក់ទងទៅនឹងគុណភាពនៃការរៀនប្រហែលជាត្រូវតែពិនិត្យមើលឡើងវិញ ការបង្កើតនូវបរិយាកាសនៃការរៀននៅក្នុងថ្នាក់ឲ្យបានច្រើនជាជាង ការផ្តោតទៅលើការៀនគួរ។ យើងមានបាតុភូតបាតភាពជាច្រើន ករណីទាំងសិស្សទាំង ឪពុកម្តាយនឹងឃើញមានការបារម្មណ៍ នៅពេលដែលគ្រូខ្លះនៅសាលាខ្លះដែលជាមិនយកចិត្តទុកដាក់បង្រៀននៅក្នុងថ្នាក់»។
លោកលើកឡើងថា៖«តាមការសិក្សារបស់ word bank ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាក្រសួងអប់រំក៏ដូចជារដ្ឋាភិបាល បានដំឡើង [ប្រាក់ខែ] ច្រើនដងហើយ កម្រិតប្រាក់ខែគ្រូនាពេលបច្ចុប្បន្នមិនខុសគ្នាពីវិស័យឯកជនប៉ុន្មានទេ ។ អានឹងបើយើងនិយាយអំពីតាមលក្ខណៈសម្បត្តិនៃធ្វើការ ប៉ុន្តែអ្វីជាបញ្ហាអ្វីទាក់ទងទៅនឹងការផ្លាស់ប្តូរទម្លាប់មិនទាន់ធ្វើកើត ទោះបីជាប្រាក់ខែឡើងពីរទៅបីរដង ប្រាក់ខែឡើង ខុសពីច្រើនជាង ១០ឆ្នាំមុនក្តី »។
រីឯ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី បានលើកឡើងថា ប្រព័ន្ធអប់រំបច្ចុប្បន្នមានទំនោរផ្តោតលើការឲ្យសិស្សឡើងថ្នាក់ ជាជាងពង្រឹងសមត្ថភាពពិតប្រាកដរបស់សិស្ស ដែលបណ្តាលឲ្យគុណភាពអប់រំធ្លាក់ចុះ ។
អ្នកស្រីលើកឡើងថា៖ «ការសិក្សាប្រសិនជារៀនយកតាមចំណេះជំនាញរបស់យើងចេះបានជាប់ ដូចអ្វីដែលរាល់ថ្ងៃនឹងយកជំនាញនឹង អ្នកចេះគឺជាប់ ។ បើយើងនិយាយគុណភាពវាធ្លាប់ចុះច្រើនហើយជាប់ក្នុងចំណាក់ថ្នាក់ទាប វាមិនមែនដូចកាលពីមុនទេ អានឹងអ្វីដែលយើងមើលឃើញជាក់ស្តែង»។
អ្នកស្រីបន្តថា៖«ហើយរឿងដែលបោះបង់ការសិក្សាច្រើន យើងមិនមែនថាតែជនបទនោះទេនៅក្នុងភ្នំពេញក៏ដោយសូម្បីឥលូវ សេដ្ឋកិច្ចធ្លាក់ចុះបែបនេះនេះទៀត ដើរផ្សារមើលស្ងាត់ជ្រៀបឃើញតែមនុស្សអត់មានលុយទិញសាំងឡើងថ្លៃអីចេះទៀតពួកគាត់ច្បាស់ជាការតែធ្ងន់ធ្ងរ»។
បន្ថែមពីនេះ អ្នកស្រីបានបង្ហាញថា បញ្ហាគ្រូបង្រៀនក៏ជាចំណុចសំខាន់ ព្រោះប្រាក់បៀវត្សនៅមិនគ្រប់គ្រាន់ បណ្តាលឲ្យគ្រូមួយចំនួនត្រូវរកការងារបន្ថែម ដែលអាចប៉ះពាល់ដល់គុណភាពបង្រៀន។អ្នកស្រីស្នើឲ្យរាជរដ្ឋាភិបាលពង្រឹងការយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយដំឡើងប្រាក់ខែឲ្យសមរម្យ និងលើកទឹកចិត្តគ្រូដែលបំពេញការងារល្អ ។
អ្នកស្រីនិយាយថា៖ «រាជរដ្ឋាភិបាលគួរតែធ្វើយ៉ាងណាមានប្រាក់បៀវវត្តន៍គ្រប់គ្រាន់ទៅ ឥលូវយើងគិតមើលថាទៅរៀនសាលាឯកជន នៅក្នុង១ ខែប៉ុន្មាន ហើយរៀនសាលារដ្ឋមួយខែប៉ុន្មានហើយយើងបូកគុណនឹងពីរឲ្យគាត់ទៅ ហើយប្រសិនជាគាត់នៅល្វើយទៀត យើងលុបឈ្មោះចោលគាត់ពីរទៅបីរនាក់សាកល្បងមើលទៅ។ អីចឹងត្រូវយកចិត្តដាក់គ្រូបង្រៀនឲ្យខ្លាំង ប្រសិនគ្រូបង្រៀនខ្សោយហើយ កិច្ចការអប់រំធ្លាក់ចុះហើយម៉េចគួសទេដាំក្បាលទៅហើយ អានឹងអ្វីដែលយើងមើលឃើញ។ លើកទឹកចិត្តគ្រូដែលគាត់ធ្វើការងារល្អ កុំលើកទឹកគ្រូដែលខូច»។
ក្រឡែកទៅលើរបាយការណ៍យូនីហ្វេស បានបញ្ជាក់ថា ការបោះបង់ចោលការសិក្សានៅថ្នាក់អនុវិទ្យាល័យនៅកម្ពុជា មិនមែនមានមូលហេតុតែពីសិស្សឯងទេ។ ស្ថានភាពគ្រួសារដែលមានប្រាក់ចំណូលទាប ការចំណាកស្រុក និងអវត្តមានរបស់ឪពុកម្តាយ ជាផ្នែកសំខាន់ដែលធ្វើឲ្យសិស្សខ្លះបោះបង់ការសិក្សា។ រីឯបញ្ហាសាលារៀនដូចជា ចម្ងាយពីផ្ទះ និងការខ្វះសម្ភារៈសិក្សាក៏ជាកត្តាសំខាន់ផងដែរ។
របាយការណ៍យូនីហ្វេសបន្តថា ទោះបីមានការផ្តល់អាហារូបករណ៍និងជំនួយផ្សេងៗ ក៏ការកែប្រែមានកម្រិត។ ដូច្នេះ យូនីហ្វេសស្នើរអំពាវនាវ ឲ្យពង្រឹងវិស័យអប់រំបឋមសិក្សា ដោយផ្តោតលើការកែលម្អភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចសាលារៀន ដោយមានគ្រូបង្រៀនជាមួយធនធាន និងសមត្ថភាពលើកទឹកចិត្តការផ្តល់អន្តរាគមន៍ទាន់ពេលវេលា រួមទាំងការគាំទ្រសិស្ស និងការបង្កើនប្រព័ន្ធទិន្នន័យ ដើម្បីអនុវត្តការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ និងការរចនាកម្មវិធីអប់រំ៕







