ក្រសួងមហាផ្ទៃបានបដិសេធក្នុងការចេញលិខិតច្បាប់ដើមឬទុតិយតា តាមការស្នើសុំរបស់គណបក្សភ្លើងទៀន ក្រោមហេតុផលថា គ្មានបទប្បញ្ញត្តិនៃច្បាប់អនុញ្ញាត។ គណបក្សភ្លើងទៀន ស្នើសុំក្រសួងមហាផ្ទៃចេញលិខិតទុតិយាលើលិខិតចុះបញ្ជីគណបក្សនៅឯក្រសួងមហាផ្ទៃ ដើម្បីអាចឲ្យបក្សប្រឆាំងមួយនេះ ចូលរួមការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ និងការបោះឆ្នោតក្រោយៗទៀត។
កាលពីខែឧសភា ឆ្នាំ២០២៣ គណកម្មការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បដិសេធការចុះឈ្មោះគណបក្សភ្លើងទៀនក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីឆ្នាំ២០២៣ ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត ដោយសារតែបក្សភ្លើងទៀនបានបាត់លិខិតចុះបញ្ជីគណបក្សច្បាប់ដើម។
ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ហុង សុខហួរ លើកឡើងថា ក្នុងជំនួបជាមួយក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ គណបក្សភ្លើងទៀនស្នើសុំពីរចំណុចទៅក្រសួងមហាផ្ទៃ រួមមាន ស្នើសុំចេញលិខិតបញ្ជាក់ម្ដងទៀត ដោយយោងប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះបញ្ជីគណបក្សនយោបាយ និងស្នើឱ្យមានវិសោធនកម្មច្បាប់លើការធ្វើទុតិយតាផ្សេងៗ។
លោកថា៖ «សំណើររបស់យើងឱ្យក្រសួងមហាផ្ទៃធ្វើទុតិយតាប្រកាសរបស់គណបក្សភ្លើងទៀនលេខ១៩៣ ដែលយើងបានទាមទារតាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកហើយ។ ហើយមានជំនួប៤ ទៅ៥ ដងជាមួយក្រសួងមហាផ្ទៃ ប៉ុន្តែក្រសួងមហាផ្ទៃចេញលិខិតមួយឱ្យយើងយកទៅប្រើប្រាស់ ដែលយើងគណបក្សភ្លើងទៀនជាគណបក្សស្របច្បាប់នៅក្រសួងមហាផ្ទៃ ប៉ុន្តែលិខិតដែលចេញដោយក្រសួងមហាផ្ទៃនៅខែឧសភា ២០២៣ ហ្នឹង អត់ទទួលស្គាល់ទេ មិនបានចុះឈ្មោះឱ្យគណបក្សភ្លើងទៀនទេ ពេលបោះឆ្នោតជាតិនៅឆ្នាំ២០២៣»។
ទោះជាយ៉ាងណា លោកថា ក្រសួងមហាផ្ទៃបដិសេធសំណើររបស់គណបក្សភ្លើងទៀន ដោយក្រសួងមហាផ្ទៃលើកឡើងថា ក្រសួងមហាផ្ទៃមិនអាចធ្វើសេចក្ដីចម្លងច្បាប់ដើមនោះទេ ហើយការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោត គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គ.ជ.ប និងស្នើឱ្យគណបក្សភ្លើងទៀនដាក់ឯកសារដើម្បីបង្កើតគណបក្សថ្មី។ លោកបន្ថែមថា គណបក្សភ្លើងទៀននៅតែរក្សាជំហរបស់ខ្លួនឱ្យក្រសួងមហាផ្ទៃអន្តរាគមន៍លើរឿងនេះ និងដើម្បីលើកកំពស់ប្រជាធិបតេយ្យរបស់ប្រទេសសេរីពហុបក្ស។
លោកបន្ថែមថា៖ «ចម្លើយរបស់ក្រសួងមហាផ្ទៃគឺមិនមានអីថ្មីទេ គឺមិនមានច្បាប់ណាមួយឱ្យធ្វើទុតិយតាច្បាប់ដើម យើងមិនមានចម្លើយអីថ្មីទេ ក្រសួងមហាផ្តៃបានយកហេតុផលថាអត់មានច្បាប់។ យើងស្នើថាហេតុអ្វីបានជាក្រសួងមហាផ្ទៃមិនចាប់ផ្ដើមធ្វើសេចក្ដីស្នើច្បាប់លទ្ធភាពធ្វើទុតិយតាឱ្យគណបក្សនយោបាយ»។
លោកថា៖ «គណបក្សភ្លើងទៀននៅតែបន្តរក្សាជំហ ឲ្យក្រសួងមហាផ្ទៃជួយដោះស្រាយបញ្ហារបស់ខ្លួន ដើម្បីអាចចូលរួមការបោះឆ្នោតពេលខាងមុខ។ ប្រសិនបើគណបក្សភ្លើងទៀនបានចូលរួមបោះឆ្នោតនៅឆ្នាំ២០២៧ ២០២៨ ខាងគឺជាកិត្តិយសរបស់ប្រទេសកម្ពុជា។ សារព័ត៌មានធំៗគេនឹងអបអរសាទរក្នុងការរកដំណោះស្រាយជូនគណបក្សប្រជាធិបតេយ្យមួយនេះ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ លើកឡើងថាក្រសួងមហាផ្ទៃតែងតែផ្ដល់ឱកាសក្នុងការសហប្រតិបត្តិការ និងជួបពិភាក្សាជាមួយគណបក្សនយោបាយក្នុងការស្វែងរកដំណោះស្រាយ។ លោកបន្តថា ក្រសួងមហាផ្ទៃក៏បានធ្វើលិខិតមួយឱ្យគណបក្សភ្លើងទៀនថាជាគណបក្សស្របច្បាប់ ដើម្បីយកទៅប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត។ លោកបន្ថែមថា ក្រសួងមហាផ្ទៃមិនអាចធ្វើផ្ទុយនឹងច្បាប់ទេ ដោយលោកអះអាងថាគណបក្សភ្លើងទៀនត្រូវទទួលខុសត្រូវព្រោះខ្លួនជាអ្នកធ្វើឱ្យបាត់ឯកសារដើម ដែលច្បាប់ទាមទារក្នុងការចុះបញ្ជី។
លោកថា៖ «ក្រសួងមហាផ្ទៃតែងតែបង្ករលក្ខណៈ ហើយសហការជាមួយគណបក្សនយោបាយ ជាពិសេសខ្ញុំសម្គាល់ឃើញគណបក្សភ្លើងទៀនតែងតែទទួលបានឱកាសនៃការសហប្រតិបត្តិការជជែកសន្ទនាស្វែងរកដំណោះស្រាយនេះ ស្វែងរកដំណោះស្រាយនោះពីក្រសួងមហាផ្ទៃ»។
លោកបន្ថែមថា៖ «បើឱ្យក្រសួងមហាផ្ទៃធ្វើផ្ទុយពីច្បាប់ បញ្ច្រាស់ពីច្បាប់វាមិនបានទេ ទៅវាមិនរួចទេពីព្រោះវាកើតចេញពីកំហុសរបស់គណបក្សខ្លួនឯង របស់មន្ត្រី របស់ថ្នាក់ដឹកនាំដែលធ្វើឱ្យបាត់បង់សំណៅដើមរបស់គណបក្សដែលច្បាប់តម្រូវយកសំណៅដើមនោះទៅបំពេញបែបបទ ដើម្បីចុះឈ្មោះ ចុះឈ្មោះបោះឆ្នោត គ្រប់ប្រភេទនៃការបោះឆ្នោត»។
រីឯមន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា ក្រសួងមហាផ្ទៃគួរទេពិចារណាផ្ដល់លិខិតចម្លងច្បាប់ដើមដល់គណបក្សនយោបាយដើម្បីអាចឱ្យគណបក្សភ្លើងទៀនមានសិទ្ធចូលរួមបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថា ការសម្រេចផ្ដល់ឱ្យគណបក្សមួយអាចមានឈ្មោះបោះឆ្នោត ផ្អែកអាស្រ័យលើច្បាប់បោះឆ្នោតរបស់គណកម្មការរៀបចំការបោះឆ្នោត ដែលតម្រូវឱ្យមានច្បាប់ដើម។ តែយ៉ាងណា លោកបន្ថែមថា គួរតែមានការធ្វើវិសោធនកម្មច្បាប់ដើម្បីអាចឱ្យគណបក្សមួយអាចចូលរួមបាន ដើម្បីលើកកំពស់លំហសិទ្ធសេរីភាពក្នុងការចូលរួមផ្នែកនយោបាយក្នុងសង្គមប្រជាធិបតេយ្យ។
លោកថា៖ «វាមិនមានអីគួរឱ្យស្មុគស្មាញ ការលំបាកដល់ថ្នាក់ដែលមិនអាចសម្រេចបានពីព្រោះទី១ យើងពិនិត្យលើភាពស្របច្បាប់របស់គណបក្សនយោបាយ។ បើនិយាយពីគណបក្សនយោបាយគឺមានន័យថាគណបក្សនឹងស្របច្បាប់ព្រោះក្រសួងមហាផ្ទៃបានទទួលស្គាល់នូវការចុះបញ្ជីរបស់គណបក្សនយោបាយនឹងរួចស្រេចទោហើយ។ គណបក្សនយោបាយនឹងមិនមានអ្វីជាកំហុសទេ បើសិនជាមានកំហុសក្រសួងមហាផ្ទៃអាចមានសិទ្ធពិនិត្យមើលដើម្បីសម្រេច ឬការបញ្ឈប់អីផ្សេងៗ។
លោកបន្ថែមថា៖ «វាជាការសោកស្ដាយមួយហើយកន្លែងនេះហើយដែលគួរតែពិនិត្យមើលច្បាប់របស់គាត់ពីព្រោះក្រសួងមហាផ្ទៃមិនបានចេញថាគណបក្សនេះខុស គ្រាន់តែថាបាត់ឯកសារ។ ហើយការបាត់ឯកសារមិនគួរណាធ្វើឱ្យអាក់ខានការចុះឈ្មោះបោះឆ្នោតទេ។ វាអាចមានការពិចារណាលើកលែងនៅក្នុងផ្នែកច្បាប់»៕







