បក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើរដ្ឋាភិបាលពិនិត្យឡើងវិញរាល់វិធានការប៉ះពាល់ដល់ការបញ្ចេញមតិនិងសិទ្ធិនយោបាយ

នយោបាយ

(អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ជា ធារ៉ា ថ្លែងក្នុងសមាជវិសាមញ្ញគណបក្សកាលពីខែមីនា២០២៦)រូបថតបក្សប្រជាធិបតេយ្យមូលដ្ឋាន)។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញរាល់វិធានការដែលប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយ ហើយងាកមករក«វប្បធម៌សន្ទនា» ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។

សេចក្ដីប្រកាសរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ គណបក្សនេះបានលើកឡើងពីការចាប់ខ្លួនភិក្ខុ ជា វុទ្ធី ពាក់ព័ន្ធការបញ្ចេញមតិលើបញ្ហាព្រំដែន និងការដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិតពីទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ដែលគណបក្សនេះយល់ថាជាការប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងការរឹតត្បិតលំហនយោបាយនៅកម្ពុជា ផ្ទុយពីរដ្ឋធម្មនុញ្ញ។

សេចក្ដីប្រកាសខាងលើ និយាយថា៖ «សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យឡើងវិញនូវរាល់វិធានការដែលប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយ។ យើងស្នើឱ្យមានការងាកមករក «វប្បធម៌សន្ទនា» ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ជាជាងការធ្វើឱ្យសង្គមស្ថិតក្នុងភាពតានតឹង»។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ជា ធារ៉ា មានប្រសាសន៍ថា ការចេញសេចក្ដីអំពាវនាវនេះគឺក្រោយពីគណបក្សកត់សម្គាល់ឃើញថា ការអនុវត្តសិទ្ធិរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងនយោបាយរឹតតែចង្អៀតបើប្រៀបធៀបនឹងអាណត្តិមុនៗ ជាពិសេសករណីឈឺឆ្អាលរឿងព្រំដែន។

លោកនិយាយថា៖ «មូលហេតុដែលនាំឱ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវតែចេញសេចក្ដីថ្លែងការណ៍ជាបន្ទាន់នេះ គឺដោយសារឃើញថា ការរឹតត្បិតនូវសិទ្ធិនយោបាយ សិទ្ធិសេរីភាពការសម្ដែងមតិពលរដ្ឋ ព្រះសង្ឃនិងអ្នកនយោបាយកាន់តែរួមតូចទៅ កាន់តែចង្អៀតទៅ កាន់តែពិបាកនៅក្នុងការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ»។

កាលពីថ្ងៃទី០១ ខែមេសា កម្លាំងនគរបាល បានចុះចាប់ខ្លួន ភិក្ខុ ជា វុទ្ធី នៅវត្តពោធិ៍វាល ស្ថិតនៅក្រុងបាត់ដំបង និងបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ។ មុនពេលបញ្ជូនព្រះអង្គមកភ្នំពេញ ភិក្ខុ ជា វុទ្ធី ត្រូវបានគេចាប់ផ្សឹករួចហើយ នៅក្នុងវត្តពោធិ៍វាលដដែល។ 

បន្ទាប់មក នៅថ្ងៃទី០២ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់ភិក្ខុ ជា វុទ្ធី ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ។ សំណុំរឿងនេះអង្គការសង្គមស៊ីវិល ចាត់ទុកថា នឹងប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ បើអង្គហេតុពិតជាពាក់ព័ន្ធនឹងសាររបស់ព្រះអង្គបង្ហោះនៅតាមបណ្ដាញសង្គម។

រីឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី០៣ ខែមេសា បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយច្រានចោលការចោទថា ការចាប់ខ្លួនព្រះអង្គ វុទ្ធី ជាការរំលោភសិទ្ធិសេរីភាព ដោយចាត់ទុកការអះអាងនេះថាគ្មានអង្គហេតុនិងអង្គច្បាប់ត្រឹមត្រូវ។ 

សមត្ថកិច្ច បន្តថា ការចាប់ខ្លួនភិក្ខុ ជា វុទ្ធី គឺធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយផ្អែកតាមអង្គហេតុ និងអង្គច្បាប់ ដែលមានភស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តបទល្មើស ដែលមិនជាប់ពាក់ព័ន្ធនឹងនយោបាយ ឬសេរីភាពបញ្ចេញមតិនោះទេ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានលាតត្រដាងថា ភិក្ខុ ជា វុទ្ធី បានប្រព្រឹត្តខុសវិន័យសង្ឃ ដោយលួចលាក់មានទំនាក់ទំនងស្នេហាជាមួយនារីក្មេងៗជាច្រើន។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញខាងលើ មិនមានការបញ្ជាក់អំពីអង្គហេតុច្បាស់លាស់ដែលនាំឱ្យមានការចោទប្រកាន់ភិក្ខុ ជា វុទ្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នោះទេ។

ព្រះអង្គ វុទ្ធី ត្រូវបានគេដឹងថា ជាសង្ឃសកម្មមួយអង្គក្នុងការអត្ថាធិប្បាយពីបញ្ហាសង្គម ជាពិសេសរឿងព្រំដែន។ 

យុវជនមួយរូបលោក ហៀម ផេត វ័យ២៤ ឆ្នាំ និយាយថា លោកបានស្គាល់ភិក្ខុ ជា វុទ្ធី តាមរយៈសំណេររបស់ព្រះអង្គលើបណ្ដាញសង្គមក្រោយមានការចែករំលែកតៗគ្នា ដែលបានលើកឡើងពីបញ្ហានានាក្នុងសង្គម ជាពិសេសករណីព្រំដែន។ 

លោក ផេត យល់ថា សំណេររបស់ភិក្ខុ ជា វុទ្ធី គ្រាន់តែនិយាយអំពីបញ្ហា ដើម្បីជំរុញឱ្យមានដំណោះស្រាយ ដោយមិនមានចេតនាញុះញង់នរណាម្នាក់ឡើយ។ យុវជនរូបនេះ ចាត់ទុកការចាប់ខ្លួនព្រះអង្គ វុទ្ធី ជាការគំរាមកំហែងដល់ពលរដ្ឋសកម្មដ៏ទៃទៀត ឱ្យខ្លបខ្លាចក្នុងការងារតស៊ូមតិ។

លោកនិយាយថា៖ «ខ្ញុំអត់មានការសប្បាយចិត្តដែរពេលឃាត់ខ្លួនព្រះអង្គចឹង ធ្វើអោយអត់មានលំហសេរីភាព សិទ្ធិមនុស្សទេ ជាពិសេសជាការគំរាមកំហែងទៅដល់យុវជន ដូចជាពលរដ្ឋអ្នកដែលធ្វើការលើកិច្ចការសិទ្ធិមនុស្ស ឬអ្នកដែលស្រឡាញ់សិទ្ធិមនុស្ស អ្នកតស៊ូមតិ គឺគាត់ខ្លាច ឬក៏ជាការបំបាក់ស្មារតីយុវជនផងដែរ ក្នុងការធ្វើកិច្ចការទាំងអស់ហ្នឹង»។

ចំណែកពាក់ព័ន្ធនឹងសិទ្ធិនយោបាយវិញ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា បានសម្រេចដកហូតសិទ្ធិនយោបាយជាអចិន្រ្តៃយ៍របស់ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន តាមបញ្ញតិ្តមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ។ ចំពោះករណីលោក រ៉ុង ឈុន នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកឡើងថា ការដកសិទ្ធិធ្វើនយោបាយលើថ្នាក់ដឹកនាំគណបក្សនយោបាយគឺជាការរឹតត្បិតលំហប្រកួតប្រជែង។ កម្ពុជាត្រូវការសំឡេងចំរុះដើម្បីអភិវឌ្ឍជាតិ ហើយគណបក្សជឿថា ស្ថិរភាពយូរអង្វែងកើតចេញពីការផ្តល់ឱកាសឱ្យគ្រប់ភាគីនយោបាយបានចូលរួមបំរើជាតិដោយសេរី និងយុត្តិធម៌។ 

ទោះជាយ៉ាងណា ឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា ការចោទប្រកាន់នរណាម្នាក់ ជាឆន្ទានុសិទ្ធិរបស់ស្ថាប័នតុលាការ ហើយរដ្ឋាភិបាលក៏គ្មានសិទ្ធិដាក់ទោសបុគ្គលណាម្នាក់នោះដែរ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2165}" data-page="1" data-max-pages="1" data-start="1" data-end="1">