កម្មរកររោងចក្រកាត់ដេរសម្លៀកបំពាក់ មានឈ្មោះ អ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) ជាង៣០០នាក់ ជួបជុំគ្នាមុខរោងចក្រនៅខណ្ឌដង្កោភ្នំពេញ ដើម្បីធ្វើកូដកម្មទាមទារឱ្យថៅកែទទួលយកប្រធានសហជីពប្រចាំរោងចក្រចូលធ្វើការវិញ។
កូដកម្មនោះចាប់ផ្ដើមធ្វើពីព្រឹកថ្ងៃទី០៧ខែមេសា២០២៦ គឺមួយថ្ងៃក្រោយពីភាគីរោងចក្រអ៊ីសឡូយ៉ាល់ហ្គាមិន (East Loyal Garment) បានបញ្ឈប់ប្រធានសហជីពប្រចាំរោងចក្រម្នាក់ពីការងារកាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយមិនបញ្ជាក់មូលហេតុ។
កម្មរការិនីផ្នែកដេរនៅរោងចក្រកាត់ដេរសម្លៀកបំពាក់អ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) អ្នកស្រី ម៉ុច វ័យ៣២ឆ្នាំ បានប្រាប់ប្រជាកាសែតថា អ្នកស្រីធ្វើកូដកម្មនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យរោងចក្រទទួលប្រធានសហជីពដែលជាតំណាងកម្មករចូលធ្វើការវិញ ព្រោះតំណាងកម្មកររូបនេះតែងតែជួយការពារសិទ្ធិកម្មករ។
អ្នកស្រីថា៖ «គាត់បានដកសហជីព សហជីពតំណាងកម្មករក្នុងរោងចក្រហ្នឹងចេញម្សិលមិញបង។ ពេលម៉ោង៣ជាងគាត់(រោងចក្រ)បាញ់លុយចូលកុងគេ ហើយដល់ពេលហើយទៅគាត់ដកអត់ប្រាប់ពីមូលហេតុអីពីអ្វីដែលគាត់ត្រូវដក គោលគារណ៍របស់គាត់ដករបស់គាត់ ហើយដកកុងត្រា ហេតុអីក៏គាត់ដកៗហ្មងគាត់អត់ប្រាប់ជូនដំណឹងគេមុន[…]ហើយខ្ញុំទាមទារចង់ឱ្យបង[តំណាងកម្មករ]ចូលធ្វើការវិញ»។
ចំណែកឯកម្មករម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា មានបញ្ហាមួយចំនួនដែលកើតឡើងក្នុងរោងចក្ររួមមានការបញ្ឈប់ប្រធានសហជីពមូលដ្ឋាន ការមិនផ្ដល់ប្រាក់ធ្វើដំណើរបន្ថែមជាដើម ទើបកម្មករផ្ទុះកូដកម្ម។
លោកថា៖ «ខាងរោងចក្រដកតំណាងកម្មករចេញ ហើយអត់ជូនដំណឹងគេ ។ ហើយទី១រោងចក្រអត់គោរពច្បាប់ក្រសួងការងារ និយាយទៅរោងចក្រគឺខុសច្រើន ដោយសារគាត់អត់គោរពច្បាប់ក្រសួងការងារ ទាំងអាលុយខាងក្រសួងប្រកាសជួយថ្លៃធ្វើដំណើរកម្មករ អ៊ីចឹងក៏កម្មករទាំងអស់គ្នាអត់សុខចិត្តអ៊ីចឹង ហើយរឿងលុយរង្វាន់ លុតអីផ្សេងៗគឺរោងចក្រភាគច្រើនគឺគាត់កាត់បន្ថយ»។
ប្រធានសហជីពស្មាតីកម្មករកម្ពុជាប្រចាំរោងចក្រអ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) អ្នកស្រី លី សុផារី យល់ថាការដែលរោងចក្រ បញ្ឈប់ ការងាររបស់គាត់ គឺទំនងទាក់ទងនឹងសកម្មភាពដែលគាត់ចេញមុខការពារសិទ្ធិកម្មករកន្លងមក។
អ្នកស្រីថា៖ «ខ្ញុំអត់ដឹងមូលហេតុទេបង ប៉ុន្តែបើតាមខ្ញុំគិតគឺប្រហែលជាមួយរយៈមុនខ្ញុំចេញមុខតវ៉ាទាមទារសំណងឱ្យបងប្អូនកម្មករច្រើនពេក។ អ៊ីចឹងបានក្រុមហ៊ុនគេមានការមិនពេញចិត្ត នឹងតំណាងកម្មករ គឺគេអត់ចង់ឱ្យមានតំណាងនៅក្នុងរោងចក្រហ្នឹងទេ គេបញ្ឈប់ខ្ញុំភ្លាមៗតែម្ដង ខ្ញុំព្យាយាមសួរនាំមូលហេតុគេដែរ ប៉ុន្តែគេអត់ប្រាប់»។
អ្នកស្រី លី សុផារី ឱ្យដឹងថា កម្មករដែលធ្វើកូដកម្មនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ គឺមានប្រមាណជា ៧០ភាគរយនៃកម្មករសរុបជាង៥០០នាក់។ អ្នកស្រីថា ក្រុមកម្មករទាមទារឱ្យរោងចក្រទទួលសហជីពមូលដ្ឋានចូលធ្វើការវិញ និង៦ចំណុចផ្សេងទៀតរួមាន ស្នើសុំក្រុមហ៊ុនអនុវត្តកិច្ចព្រមព្រៀងរវាងនិយោជិតនិងនិយោជកកន្លងមកឱ្យបានពេញលេញ និងស្នើឱ្យប្ដូរប្រធានរដ្ឋបាលចេញចេញ។
ក្រុមកម្មករក៏ទាមទារឱ្យនាយកក្រុមហ៊ុនកែឈប់ជេរប្រមាថ និងដាក់សម្ពាធកម្មករ ស្នើសុំក្រុមហ៊ុនផ្ដល់ប្រាក់ជំនាញតាមផ្នែកឡើងវិញដូចកាលពីមុន ផ្ដល់ប្រាក់រង្វាន់ទៅតាមចំនួនដែលបានឯកភាពគ្នា ព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់សេវាមេធាវីដែលរើសអើង និងញុះញង់កម្មករ។
ប្រជាកាសែតមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានទេត្រឹមរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
ជុំវិញរឿងនេះ ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត សង្កេតឃើញថា កន្លងមកនៅរោងចក្រអ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) មានបញ្ហាមួយចំនួនកើតឡើងដូចជាការបញ្ឈប់កម្មករពីការងារដោយមិនជូនដំណឹងមុន និងមិនប្រាប់មូលហេតុនៃការបញ្ឈប់ជាដើម។
លោកថា៖ «អ្វីដែលខ្ញុំមើលឃើញនៅរោងចក្រហ្នឹងគឺ ដោយសារតែគាត់មានទីប្រឹក្សាខាងក្រុមហ៊ុនហ្នឹង។ ខ្ញុំអត់ដឹងថាគាត់យល់អំពីច្បាប់ដល់កម្រិតណាទេ គាត់នឹកឃើញគាត់ធ្វើហ្មង ហើយទីមួយដូចជាការបញ្ឈប់កម្មករគឺកន្លងមកដល់ថ្ងៃបញ្ឈប់ ដល់ម៉ោងបញ្ឈប់យកហ្មង គាត់អត់មានប្រាប់ថា អូកម្មករធ្វើខុសចំណុច១ចំណុច២ចំណុច៣ទេ ដូចម្សិលមិញអ៊ីចឹង គាត់គឺជាប្រតិភូបុគ្គលិកផង ហើយដល់ម៉ោងគឺខាងរោងចក្រហៅគាត់ទៅបញ្ឈប់យកហ្មង»។
លោកបន្ថែមថា លោកក៏សង្កេតឃើញមានបញ្ហាមួយចំនួនទៀតកើតឡើងនៅរោងចក្រអ៊ីសឡូយ៉ាល់ហ្គាមិន(East Loyal Garment) ដូចជាបញ្ហាកាត់ប្រាក់កម្មករពេលសម្រាកឈឺទោះមានលិខិតពីពេទ្យ និងការមិនបង់ប្រាក់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនកម្មករមួយចំនួនជាដើម។
លោកបន្ថែមថា៖ «សំណូមពរទៅខាងក្រសួងការងារ សូមស្នើតាមរយៈឯកឧត្តមរដ្ឋមន្ត្រីស្នើចាត់មន្ត្រីចុះអធិការកិច្ច និងជំរុញឱ្យរោងចក្រហ្នឹងអនុវត្តច្បាប់ទៅ។ ព្រោះការមិនអនុវត្តន៍ច្បាប់ ហើយចេះតែបំពានច្បាប់វាធ្វើឱ្យកម្មករអត់សប្បាយចិត្ត ហើយវាអាចផ្ទុះរឿងកូដកម្មកើតឡើងនៅពេលក្រោយបន្តទៀត»៕







