អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្នើសុំសាលាឧទ្ធរណ៍ភ្នំពេញទម្លាក់ចោលរាល់បទចោទប្រកាន់មកលើរូបលោក ព្រមទាំងដោះលែងលោកឱ្យមានសេរីភាពវិញ ដោយលោកអះអាងថាមិនបានប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់នោះឡើយ។
ការស្នើរបស់លោក កឹម សុខា នេះ ធ្វើឡើងនៅក្នុងសវនាការសំណុំរឿងរបស់លោកនៅថ្ងៃទី២ទាក់ទងនឹងបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស»។
សហមេធាវីការពាក្ដីឱ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា គឺលោកមេធាវី
ផែង ហេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងសវនាការនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ មានការបំភ្លឺបន្ថែមទាក់ទងនឹងផ្លូវច្បាប់ពីសំណាក់ភាគីមេធាវីដើមបណ្ដឹង និងចុងចម្លើយ ព្រមទាំងមានការឆ្លើយតបពីតំណាងមហាអយ្យការ។
លោកថា៖ «តពីម៉ោង២មកមានការតបពីតំណាងអយ្យការទៅលើនីតិវិធីខ្លះ ហើយនិងចំណុចខ្លះដែលមេធាវីឯកឧត្តម កឹម សុខា បានលើកហើយមិនមានការឯកភាពហើយគាត់បានតប ហើយមេធាវីរបស់រដ្ឋាភិបាលក៏បានតបតិចតួច ប៉ុន្តែទោះយ៉ាងណាវាជាការពាក់ព័ន្ធនឹងផ្លូវច្បាប់ ក្នុងការបំភ្លឺបន្ថែមដើម្បីឱ្យក្រុមប្រឹក្សាបានយល់ពីគោលបំណងនៃការបកស្រាយច្បាប់»។
លោកមេធាវីឱ្យដឹងទៀតថា នៅក្នុងសវនាការលោក កឹម សុខា មានប្រសាសន៍ពីសំណូមពរលោកទៅកាន់តុលាការ ទោះមានការកាត់សំដីលោកពីសំណាក់តំណាងអយ្យការ និងមេធាវីដើមបណ្ដឹងក្តី ដោយលោក កឹម សុខា បានសំណូមពរ ទី១គឺស្នើឱ្យតុលាការច្រានចោលនូវសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោក ព្រោះលោកយល់ថាសាលក្រមនេះមិនត្រឹមតែអយុត្តិធម៌សម្រាប់រូបលោកនោះទេ ថែមទាំងអយុត្តិធម៌ដល់ប្រទេសជាតិទាំងមូល។
លោកមេធាវី ផែង ហេង បន្ត៖ «សំណូមពរទី២គឺគាត់សុំមេត្តាឱ្យគាត់រួចផុតពីការចោទប្រកាន់ទាំងអស់ ព្រោះគាត់យល់ថាគាត់មិនមានចេតនាក្បត់ជាតិ ឬគប់គិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់ទេ ហើយគាត់ក៏មានបំណងចង់ចូលរួមជួយជាតិ ជួយប្រទេស ហើយការលើកលែងចោទប្រកាន់គាត់ឱ្យរួចផុតបទចោទនេះ គឺបង្ហាញពីសាមគ្គីភាពជាតិ ការរួបរួមជាតិ បង្ហាញបរទេសឱ្យឃើញថាខ្មែរចេះដោះស្រាយបញ្ហាជាមួយគ្នា»។
ចំណែកឯសំណូមពរចុងក្រោយ គឺលោក កឹម សុខា ស្នើសុំឱ្យតុលាការផ្ដល់សេរីភាពជូនលោកវិញ ដើម្បីឱ្យលោកមានលទ្ធភាពជួយសង្គមជាតិកម្ពុជា ខណៈមានជម្លោះជាមួយប្រទេសជិតខាង។
ជាមួយគ្នានេះ លោកមេធាវី ផែង ហេង ឱ្យដឹងថា សាលាឧទ្ធរណ៍មិនទាន់កំណត់ពេលប្រកាសសាលដីកាចំពោះសំណុំរឿងលោក កឹម សុខា នៅឡើយទេនៅក្នុងសវនាការថ្ងៃនេះ ពោលគឺតុលាការបញ្ជាក់ថានឹងជូនដំណឹងជាលាយលក្ខណ៍អក្សរនៅពេលក្រោយ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ដែលបានចូលរួមស្ដាប់សវនាការលោក កឹម សុខា ទាំង២ថ្ងៃនេះ មានប្រសាសន៍ថា លោកយល់ថាការដែលលោក កឹម សុខា ស្នើសុំសាលាឧទ្ធរណ៍ភ្នំពេញចំនួន៣ចំណុចនេះ គឺលោកមិនត្រឹមតែចង់បានយុត្តិធម៌សម្រាប់ខ្លួនលោកប៉ុណ្ណោះទេ ថែមទាំងដើម្បីបានភាពយុត្តិធម៌ជូនបរទេសជាមិត្តផងដែរ។
លោកថា៖ «គាត់សំណូមពរ៣ចំណុចនេះគឺជារឿងដែលគាត់ចង់ឱ្យមានភាពយុត្តិធម៌សម្រាប់គាត់ ក៏ដូចមានភាពយុត្តិធម៌សម្រាប់ប្រទេសជាមិត្តដែលគេជួយកម្ពុជាជាច្រើនអាណត្តិមកហើយ»។
លោក មាជ សុវណ្ណារ៉ាបន្ថែមថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាល ក៏ដូចជាតុលាការ ក៏ប៉ុន្តែតុលាការក៏មានសិទ្ធិក្នុងការលើកលែងទោស ក្នុងការទម្លាក់បទចោទ។ រដ្ឋាភិបាលក៏មានសិទ្ធិដកបណ្ដឹងដកអី បើសិនជាយើងគិតថាចង់ផ្សះផ្សាបង្រួបបង្រួមជាតិ ហើយយើងមើលតួអង្គលោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ តើជាមនុស្សឃោរឃៅ ឬក៏ជាមនុស្សឧក្រិដ្ឋ លក់ទឹកលក់ដី លក់ព្រៃប្រឹក្សា ឬក៏ជួញដូរគ្រឿងញៀន»។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត ដែលបានចូលអង្កេតក្នុងសវនាការ កត់សម្គាល់ការលើកឡើងរបស់មេធាវីចុងចម្លើយក្នុងសេចក្ដីសន្និដ្ឋានរបស់គាត់ថា ភស្តុតាងជាវីដេអូដែលតុលាការយកមកចោទប្រកាន់ លោក កឹម សុខា នោះឆ្លងកាត់ការកាត់បញ្ជូលគ្នា។ ម៉្យាងវិញទៀត ចំពោះការចោទប្រកាន់លោក កឹម សុខា ថា បានប្រព្រឹត្តបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសនោះ មកដល់ពេលនេះតុលាការមិនបានបញ្ជាក់ឈ្មោះបរទេសណាមួយជាក់លាក់នោះទេ។
លោកថា៖ «វីដេអូមួយម៉ោង អ៊ីចឹងគាត់យកមកកាប់ចិញ្ច្រាំនៅសល់តែ២នាទី ហើយយកមកសរុបអ៊ីចឹង អាហ្នឹងខាងតុលាការតាមផ្លូវច្បាប់អាហ្នឹងគេចាត់ទុកថាជាឯកសារក្លែងហើយ វាមិនសុទ្ធទេ។ បើសុទ្ធគេយកមកទាំងដុល នេះគឺជាហេតុផលមួយដែលខ្ញុំមើលឃើញ»។
មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគម អាដហុករូបនេះសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់លោក កឹម សុខា ពីព្រោះសកម្មភាពដែលគាត់ធ្វើកន្លងមកសុទ្ធតែស្របតាមច្បាប់។
លោកបន្ថែមថា៖ «តាំងពីដើមមកគាត់ធ្វើការងារនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស រហូតដល់គណបក្សសិទ្ធិមនុស្ស គឺសុទ្ធតែជាការដែលគាត់អនុវត្តទៅតាមច្បាប់មានចុះបញ្ជីត្រឹមត្រូវ មិនមានប្រឆាំងជាមួយរដ្ឋាភិបាលទេ។ ក្នុងនាមអង្គការសង្គមស៊ីវិល យើងចង់ឃើញ ភាគីខ្មែរទាំងអស់រួបរួមគ្នា ដើម្បីជាតិសាសន៍និយមមួយ ដើម្បីជួយកសាងប្រទេសជាតិ»។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ ឬបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដកហូតសិទ្ធិធ្វើនយោបាយ។ បច្ចុប្បន្នលោកត្រូវបានតុលាការដាក់ឱ្យស្ថិតជាប់ឃុំនៅក្នុងផ្ទះដោយមិនអនុញ្ញាតឱ្យជួបនឹងអ្នកនយោបាយ ឬភ្ញៀវបរទេសណាឡើយ៕







