ពលករខ្មែរប្រមាណ៨ម៉ឺននាក់ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់នឹងការងារក្រោយបណ្ណអនុញ្ញាតការងារផុតសុពលភាព ដោយសារតែភាគីថៃមិនទាន់បន្តឱ្យ។ ចំណែក អាជ្ញាធរកម្ពុជា អះអាងថាបានត្រៀមវិធានការរួចជាស្រេច ដើម្បីគាំទ្រពលករខ្មែរនៅប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា បច្ចុប្បន្នមានពលករខ្មែរនៅប្រទេសថៃជាង៣០ម៉ឺននាក់ ក្នុងនោះមានតែ ៨ម៉ឺននាក់ ផុតសុពលភាពបណ្ណការងារនៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា គណៈរដ្ឋមន្ត្រីថៃនៅមិនទាន់សម្រេចអនុម័តបន្តសុពលភាពនៅឡើយទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារមានភាពច្បាស់លាស់របស់ខ្លួន។
លោកនិយាយបន្តថា ក្រសួងបានត្រៀមយុទ្ធនាការរួចជាស្រេច ទាំងក្នុងករណីបញ្ជូនពលករត្រឡប់មកវិញ និងក្នុងករណីបន្តសុពលភាពនៅថៃ។ លោកថា កន្លងមក កម្ពុជា បានសម្របសម្រួលដោះស្រាយបញ្ហាពលករជាង ៩០ម៉ឺននាក់ដោយជោគជ័យ។
លោកនិយាយថា៖ «១ក្នុងករណីក្នុងការបញ្ជូនចេញ យើងមានយន្តការរួចជាស្រេច ព្រោះយើងធ្លាប់ដោះស្រាយបញ្ហា បងប្អូនជាង ៩០ ម៉ឺងនាក់ យើងធ្វើបានយ៉ាងជោគជ័យ កាលពីពេលកន្លងទៅ។ យន្តការយើងបានរៀបជាមួយនឹងក្រសួងដែលពាក់ព័ន្ធ ជំនាញរួចជាស្រេចអស់ហើយ»។
លោកបន្តថា៖ «ចំណុចទី២ ប្រសិនបើថៃចង់បន្តសុពលភាព បងប្អូនយើងវិញ ក្រសួងតាមរយៈប្រព័ន្ធការងាររបស់ខ្លួន ក្រុមការងារជំនាញ បានត្រៀមសម្រាប់ជួយ សម្រួលឯកសាររួចរាល់ហើយផងដែរ។ អីចឹងមានន័យថាយើងយកចិត្តទុកដាក់ តាំងពីបងប្អូននៅទីនេះ និងខណៈដែលបងប្អូនត្រឡប់មកវិញ»។
បើតាមរដ្ឋមន្ត្រីក្រសួងការងារថៃលោក ទ្រីណុច ធៀនថុង (Trinuch Thienthong) ពលករកម្ពុជាដែលមានលិខិតអនុញ្ញាតការងារ និងនៅមានសុពលភាពត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការរហូតដល់ពួកគេផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ដែលរដ្ឋាភិបាលថៃនឹងពិនិត្យលើករណីនេះបន្តទៀត។ រដ្ឋមន្ត្រីក្រសួងការងារថៃរូបនេះ ថ្លែងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា គ្មានពលករកម្ពុជាថ្មី នឹងត្រូវបានអនុញ្ញាតឱ្យចូលធ្វើការនៅប្រទេសថៃឡើយ។ លោកថា មានតែអ្នកដែលមានលិខិតអនុញ្ញាតការងារដែលមានសុពលភាពប៉ុណ្ណោះដែលនឹងត្រូវបានគ្រប់គ្រង ទាមទារឱ្យមានការចុះឈ្មោះត្រឹមត្រូវ និងការត្រួតពិនិត្យពីនិយោជក។
យ៉ាងណាមិញ ពលករខ្មែរនៅថៃមួយចំនួន បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកស្រី ណុច បួរិន ដែលធ្វើការនេសាទនៅខេត្តឈុនបុរី បាននិយាយថា បញ្ហាបណ្ណការងារផុតសុពលភាព បានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពការងាររបស់នាង ដោយសារតែបណ្ណការងាររបស់អ្នកស្រីបានផុតសុពលភាពតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មកម៉្លេះ។
អ្នកស្រីថា៖ «ដូចថាគេមិនទាន់បើកផ្លូវ យើងមិនទាន់បានទៅដែរ អីចឹងអត់ទាន់ទៅ ដូចខ្មែរនៅនេះមិនទាន់គិតថា អ្នកខ្លះ passport គេមិនទាន់ដាច់ គេនៅបានប៉ុន្តែយើងដាច់នៅអត់បាន តែថៅកែយើងក៏មានបញ្ហាដែរ […]ប្រសិនជាភាគីថៃ បន្តឲ្យរស់នៅប្រទេសថៃនឹងអាចបន្តបាន៦ខែទៀត ប៉ុន្តែមកដល់ពេលនេះ មិនទាន់លឺដំណឹងថានឹងអាចបន្តទៀត បាននោះទេ»។
អ្នកស្រីបន្តថា ៖ «ខ្ញុំមានសំណើចង់ថាសុំឲ្យគេបើកធ្វើ passport ទៅប្រជាជនយើងនៅពិបាកក្រីក្រនៅស្រុកគេច្រើនណាស់ គ្នាខ្វះខាតណាមួយទៅផ្ទះវិញនៅជំពាក់អង្គការច្រើនចឹងហា វាពិបាកផ្លូវអីផងណាមួយយើងទៅវ័យនេះហើយវាមិនអាចទេ ហើយណាមួយកូនរៀនមិនទាន់ចប់ អ្នកខ្លះគ្នាក្រ ដូចពួកខ្ញុំអីចឹង មានអីសង្ឃឹមអីទៀត អត់មានអីសង្ឃឹមទេ។ យើងមានតែរកស៊ីស្រុកគេមួយរយៈសិនបើថា អាជ្ញាធរគេមិនបានបើកធ្វើឲ្យយើង គឺផ្លូវតែមួយមានតែទៅផ្ទះ។ ចំាមើលបន្តទៀត គេបើកឲ្យ៦ខែហ្នឹង ប៉ុន្តែមិនដឹងថាជាយ៉ាងណានៅផ្តុំកន្លែង [ខ្ញុំ]រស់នៅនេះមិនទាន់មានបញ្ហានៅធម្មតា»។
អ្នកស្រីបន្ថែមថា៖ «បើចង់ទៅខ្មែរវិញ ចង់ឲ្យរដ្ឋាភិបាលជួយប្រជាជនបន្តិចមក ព្រោះប្រជាជនខ្លះគ្នាទៅរកការងារធ្វើមិនបានទេ ចឹងនិយាយចឹង ហើយណាមួយសម្រួលទៅកាន់ធនាគារបន្តិចមក។ បើគ្នាទៅបានទៅហើយ អ្នកខ្លះមិនអាចទៅបានដោយសារតែជីវភាពខ្វះខាត នៅជំពាក់»។
ដូចគ្នានេះដែរ ពលករម្នាក់ទៀត អ្នកស្រី លី កា អាយុ ២៧ឆ្នាំ ដែលធ្វើការសំណង់នៅខេត្តបទុមថានី បាននិយាយថា ទោះបីមានការព្រួយបារម្ភពីបណ្ណការងារអស់សុពលភាព ក៏នាងនៅតែបន្តធ្វើការងារនៅប្រទេសថៃដោយសារតែជំពាក់បំណុល និងមិនអាចត្រឡប់ទៅកម្ពុជាវិញបាន។
អ្នកស្រីថា៖ «ខ្ញុំព្រួយចេះតែព្រួយហើយ ប៉ុន្តែខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េច ព្រោះអីខ្ញុំទៅអត់បានដោយសារតែខ្ញុំជំពាក់គេ ដល់ពេលចឹងទៅចេះតែស៊ូនៅ។ យើងនៅស្ងាត់ៗណា ក៏វាអត់អីចឹងទៅ យើងអត់បានទៅណាឆ្វេកឆ្វាច គឺយើងនៅតែកន្លែងធ្វើការ ចេញពីធ្វើការងារយើងចូលទៅផ្ទះដេកចឹងទៅ អត់បានទៅណាទៅណីអីទៀតទេ»។
រីឯអ្នកស្រី ម៉ុន សុខម៉ៃ ធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ បានលើកឡើងថា អ្នកស្រីនឹងបន្តធ្វើការនៅប្រទេសថៃរហូតដល់បណ្ណការងាររបស់អ្នកស្រីផុតសុពលភាពនៅឆ្នាំ២០២៧ ហើយប្រសិនបើដល់ពេលនោះ អ្នកស្រីមិនអាចបន្តបណ្ណការងារបានទៀត អ្នកស្រីនឹងវិលត្រឡប់ទៅស្រុកកំណើតវិញ។
អ្នកស្រីបាននិយាយថា កាលពី៣ ខែមុន ទោះអ្នកស្រីមានឯកសារស្របច្បាប់ធ្វើការនៅប្រទេសថៃក៏ដោយ ប៉ុន្តែដោយសារភ្លេចយកបណ្ណការងារ អ្នកស្រីត្រូវប៉ូលីសថៃឃាត់ខ្លួន មុនពេលថៅកែមកជួយដោះស្រាយ។ អ្នកស្រីយល់ថា ពលករដែលគ្មានបណ្ណការងារ អាចប្រឈមនឹងការបញ្ជូនត្រឡប់ទៅស្រុកវិញ។
អ្នកស្រីលើកឡើងថា៖ «បើគេមិនបន្តឲ្យមានតែយើងទៅផ្ទះមុនថ្ងៃ៣១ ។ បើមិនបន្តឲ្យទេមានតែទៅផ្ទះហើយ ដោយសារនៅតំបន់បង សុទ្ធតែប៉ូលីស។»
កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា រដ្ឋាភិបាលថៃបានចេញបម្រាមជាផ្លូវការលើពលករចំណាកស្រុកខ្មែរថ្មីដែលចូលប្រទេសថៃដោយលើកឡើងពី «ហានិភ័យសន្តិសុខជាតិ» ដែលកំពុងបន្តដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ បើទោះបីជាវិស័យឯកជនរបស់ប្រទេសថៃបានប្រឈមនឹងកង្វះកម្លាំងពលកម្ម ដែលអាចប៉ះពាល់ដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងប្រទេសថៃក៏ដោយ។
ជុំវិញការប្រឈមរបស់ពលករខ្មែរនៅប្រទេសថៃនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បានជំរុញទៅរដ្ឋាភិបាលកម្ពុជាថា៖ «ក្រសួងការងារកម្ពុជាត្រូវតែត្រៀមលក្ខណៈរួចរាល់ ប្រសិនបើមានការចាប់បញ្ជូនដោយបង្ខំបែបណាមួយឲ្យវិលត្រឡប់មកវិញគឺត្រៀមលក្ខណៈរួចនៅខាងកម្ពុជា»។
លោកផ្តល់យោបល់ថា រដ្ឋាភិបាលគួរពង្រីកឱកាសការងារនៅក្នុងស្រុក និងបង្កើនផលិតភាពទីផ្សារ ដើម្បីធានាថាពលករអាចរកចំណូល និងរស់នៅបានបន្ទាប់ពីត្រឡប់មកវិញ។ បន្ថែមពីនេះ លោកស្នើឲ្យក្រសួងការងារកម្ពុជា ពង្រឹងទំនាក់ទំនងដោយផ្ទាល់ជាមួយភាគីថៃ ដើម្បីតាមដានព័ត៌មានឲ្យបានច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ «ក្រសួងការងារកម្ពុជាគួរតែធ្វើការទំនាក់ទំនងជាមួយក្រសួងការងារថៃដើម្បីតាមដានទៅលើការវិវត្តព័ត៌មានឲ្យបានល្អិតល្អន់ ជាជាងការគ្រាន់តែទទួលព័ត៌មានពីមជ្ឍដ្ឋានខាងក្រៅ ពីសារព័ត៌មាន MMO ផ្សេងៗ ប៉ុន្តែគួរតែមានការទាក់ទងជាមួយដោយផ្ទាល់រវាងក្រសួងការងារថៃ ក្រសួងការងារខ្មែរដើម្បីតាមដានរឿងហ្នឹង»៕







