គណបក្សចំនួន៣ ធ្វើបុណ្យបង្សុកូលឧទ្ទិសដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម

សង្គម

(មន្ត្រីបក្សភ្លើងទៀននិងឆន្ទៈខ្មែរ រៀបពិធីបង្សុកូល និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារខ្មែរក្រហមនៅវាលពិឃាតជើងឯក)។ រូបភាពបក្សភ្លើងទៀន។

សមាជិកនិងថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាលសរុបជាង១០០នាក់មកពីគណបក្ស៣ផ្សេងគ្នាបានជួបជុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ ភ្នំពេញ ដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។កម្មវិធីនោះរៀបចំដោយ គណបក្សឆន្ទៈខ្មែរ បក្សភ្លើងទៀន ក្នុងនោះក៏មានតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានចូលរួមក្នុងពិធីបុណ្យនោះដែរ។

អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត លោក គីមសួរ ភិរិទ្ធ បានប្រាប់ប្រជាកាសែតថា សមាជិកគណបក្ស រួមទាំងពលរដ្ឋផងចំនួនប្រមាណ១៥០នាក់ បានធ្វើពិធីបង្សុកូលឧទ្ទិសដល់អ្នករងគ្រោះបាត់បងជីវិតជិត ៣លាននាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងខួបទី៥១ ឆ្នាំ២០២៦។

លោកថា៖«គោលបំណងធំគឺយើងចង់រំលឹកដល់ពលរដ្ឋខ្មែរទូទៅ ជាពិសេសក្មេងៗជំនាន់ក្រោយដូចពួកប្អូនៗ ឱ្យចងចាំថានៅពេលណាដែលខ្មែរបែកបាក់ នៅពេលណាដែលមនោគមន៍វិជ្ជាជ្រុលនិយមចូលជ្រៀតជ្រែកមកក្នុងស្មារតីកូនខ្មែរ គឺមហន្តរាយសម្រាប់ជាតិសាសន៍យើង។ ហើយយើងរំលឹកនៅទីនេះដើម្បីជាសារបញ្ជូនទៅខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ គ្រប់បក្សទាំងអស់ថា ការដែលមាននិន្នាការនយោបាយខុសគ្នា ការដែលមានគំនិតខុសគ្នាតិចតួច កុំយកវាមកធ្វើជារនាំង ដែលធ្វើឱ្យខណ្ឌចែកនូវស្មារតីសាមគ្គីភាពជាតិយើង»។

ចំណែកឯអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលបានចូលរួមពិធីបង្សុកូលដែរនោះគឺលោក លីម ប៊ុងគាមានប្រសាសន៍ថា នេះជាលើកទីមួយដែលលោកបានចូលរួមពិធីដែលគណបក្សបង្សុកូលឧទ្ទិសដល់អ្នកស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ពិធីនេះបានរំលឹកនូវការសោកស្ដាយនិងភាពឈឺចាប់របស់ ដោយលោកក៏មានសមាជិកគ្រួសារបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមផងនោះ។

លោកលីម ប៊ុងគា៖«ខ្ញុំអត់កើតទាន់ខ្មែរក្រហមទេ ខ្ញុំកើតនៅឆ្នាំ១៩៨០ ខ្ញុំនៅតែដូចប្រជាជនដទៃទៀតដែរ គឺយើងមានការសោកសង្វែក សោកស្ដាយ លាយឡំនឹងការឈឺចាប់នៅពេលដែលឃើញ។ប្រទេសជាតិយើងដែលកាន់ព្រះពុទ្ធសាសនា ប្រទេសជាតិដែលមានអរិយធម៌ខ្ពង់ខ្ពស់ បែរជាអាចមានរបបដែលប្រល័យពូជសាសន៍គ្នាឯង កាប់សម្លាប់យ៉ាងឃោឃៅអ៊ីជឹង»។

លោក លីម ប៊ុងគា អំពាវនាវឱ្យភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់កុំឱ្យរបបកម្ពុជាប្រជាធិបតេយ្យវិញត្រឡប់មកវិញ ព្រោះវាធ្វើឱ្យប្រជាជនទាំងអស់ឈឺចាប់។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ គាំទ្រចំពោះការដែលសមាជិកនិងថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាលធ្វើពិធីបង្សុកូលឧទ្ទិសដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម ព្រោះវាជាការរំលឹក និងទប់ស្កាត់របបនេះវិលត្រឡប់មកវិញ។

លោកថា៖ «សកម្មភាពទាំងឡាយណាដែលមិនផ្ទុយពីច្បាប់ ហើយជាការរំលឹកដល់ដួងវិញ្ញាណក្ខន្ធ របស់ប្រជាជនរបស់យើងដែលត្រូវបានសម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត អាហ្នឹងជាសកម្មភាពមួយដែលយើងគាំទ្រ ។យើងមិនមានអ្វីជាការរារាំងទេពីព្រោះអាហ្នឹងវាជាសកម្មភាពមួយដែលចូលរួមក្នុងការរំលឹកកុំឱ្យរបបប្រល័យពូជសាសន៍បែបនេះកើតឡើងលើសង្គមជាតិរបស់យើងតទៅទៀត»។

លោកបន្ថែម៖ «ខ្មែរគ្រប់មជ្ឈដ្ឋានគ្មាននរណាចង់ឃើញទេ ហើយជាពិសេសគឺគណបក្សប្រជាជនកម្ពុជាតែម្ដងដែលជាអ្នករំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនេះគឺយើងបានរយៈពេលក្រោយរំដោះនេះគឺយើងបានខិតខំប្រឹងប្រែង ដៃម្ខាងគឺការពារកុំឱ្យរបបប្រល័យពូជសាសន៍នេះកើតមានទៀត ហើយដៃម្ខាងទៀតធ្វើយ៉ាងណាអភិវឌ្ឍប្រទេស»។

ជុំវិញករណីនេះ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថាការដែលធ្វើពិធីបង្សុកូលឧទ្ទិសដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហមនេះ វាជាការរំលឹកប្រវត្តិសាស្ត្រខ្មៅងងឹត ដែលបានកើតឡើងនៅកម្ពុជា និងជៀសវាងកុំឱ្យជាន់ដានប្រវត្តិសាសន៍នេះ។

លោកថា៖ «មែនទែនទៅការគោរពវិញ្ញាណក្ខន្ធ អ្នកដែលស្លាប់នៅក្នុងពេលហ្នឹងវាមិនខុសអីទេ ហើយក៏វាដូចជាក្នុងការគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនយើងដែលទើបនឹងបូជាជីវិតថ្មីៗដើម្បីទឹកដី។ វាគ្រាន់តែជាសិទ្ធិមួយឱ្យកូនខ្មែរជំនាន់ក្រោយនៅចងចាំពីប្រវត្តិសាស្ត្រអាក្រក់របស់ខ្មែរយើង ហើយជៀសវាងធ្វើម៉េចដើម្បីកុំឱ្យនាំគ្នាដើរជាន់ដានអាហ្នឹងវិញ»។

ជាមួយគ្នានេះ លោកបណ្ឌិត មាស នី ចង់ឱ្យភាគីពាក់ព័ន្ធសម្លឹងមើលអនាគតឱ្យបានច្រើន ស្របពេលដែលមានរឿងរ៉ាវថ្មីៗបានកើតឡើងជាបន្តបន្ទាប់ ព្រមទាំងស្នើសុំឱ្យនាំគ្នារួបរួមជាតិ។

របបកម្ពុជាប្រជាធិបតេយ្យ ឬដែលគេនិយមហៅថា របបខ្មែរក្រហម មានរយៈពេល៣ឆ្នាំ៨​ខែ២០ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩១៩ ដែលបានធ្វើឱ្យបាត់បង់ជីវិតមនុស្សប្រមាណ ៣លាននាក់។ គណបក្សក្រៅរដ្ឋាភិបាលតែងតែប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលដល់អ្នកស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជារៀងរាល់ឆ្នាំ។ ចំណែកឯខាងរដ្ឋាភិបាលវិញក៏តែងតែឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដូចគ្នា តាមរយៈទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា រៀងរាល់ឆ្នាំ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2283}" data-page="1" data-max-pages="1" data-start="1" data-end="1">