ពលរដ្ឋមួយចំនួនរស់នៅឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បារម្ភពីសុខភាព បន្ទាប់ពីទឹកអូរត្រែង រងការបំពុល។ ពួកគេសង្កេតឃើញថារោងចក្រកែច្នៃផ្លែស្វាយបានបង្ហូរទឹកកខ្វក់ពីប្រភពបញ្ចេញសំណល់រាវចូលទឹកអូរត្រែងបណ្ដាលឱ្យត្រីជាច្រើនពុលងាប់។
ប្រជាពលរដ្ឋរស់នៅភូមិស្វាយស លោក អ៊ុយ គីមហុង បង្ហាញក្ដីបារម្ភតាមរយៈវីដេអូបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ក្រោយសង្កេតឃើញមានការបង្ហូរកាកសំណល់រាវចូលប្រភពទឹកធ្វើឱ្យប៉ះពាល់គុណភាពទឹក និងមានត្រីពុលងាប់ក្នុងអូរត្រែង។ លោកបារម្ភថា ទឹកកខ្វក់ពីកាកសំណល់នេះនឹងធ្វើឱ្យប៉ះពាល់ប្រភពទឹក ហើយប្រជាពលរដ្ឋមិនអាចប្រើប្រាស់បាន។
លោកលើកឡើងនៅក្នុងវីដេអូថា៖ «បងប្អូននៅខ្សែទឹកខាងក្រោមចាំទទួលផង ទឹកស្អុយមកដល់ហើយ ត្រីចាប់ផ្ដើមឡើងហើយ ប្រើមិនកើតទេ។ ស្ថានភាពភាពនេះមិនមែនទឹកថ្លាទេបងប្អូនកាកសំណល់ពីរោងចក្រមក ចាប់ផ្ដើមភុល ចាបើផ្ដើមឡើងបណ្ដើរៗហើយ។ ចាប់ត្រីនឹងដៃហើយពេលនេះ ភស្តុតាងជាងស្ដែងអត់មាននិយាយបង្ខូចបង្កាច់ខាងក្រុមហ៊ុនណាទេ»។
លោក គីមហុង ប្រាប់ប្រជាកាសែតឱ្យដឹងថា ក្រុមការងារជំនាញក្រសួងបរិស្ថានបានចុះពិនិត្យដល់ទីតាំងពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់រកប្រភពបញ្ចេញសំណល់រាវ នៅកន្លែងសង្ស័យនោះ។ តែយ៉ាងណាលោកថា តាមការលើកឡើងរបស់មន្ត្រីបរិស្ថានពេលចុះត្រួតពិនិត្យ ករណីសង្ស័យពីការលេចធ្លាយ ឬការបញ្ចេញសំណល់រាវចូលទៅក្នុងអូរត្រែងមិនទាន់ដឹងច្បាស់ ព្រោះនៅតំបន់នោះមានរោងចក្រកែច្នៃផ្លែស្វាយច្រើន។
លោកថា៖ «ខាងក្រសួងគេចុះមកហើយ គេកំពុងតែសើបអង្កេត។ នៅខាងនេះមានរោងចក្រស្វាយពីរបីកន្លែងតែយើងមិនដឹងថារោងចក្រមួយណាឱ្យប្រាកដព្រោះខាងជំនាញគេចុះមកហើយ»។
ប្រជាពលរដ្ឋនៅភូមិស្វាយសម្នាក់ទៀត លោក ឡៅ ងិន លើកឡើងថា នេះមិនមែនជាលើកទី១ ទេដែលអូត្រែងរងការបំពុលពីការបង្ហូរកាកសំណសល់ពីរោងចក្រស្វាយនេះ។ លោកថា កាលពីឆ្នាំ២០២៤ ចម្ការស្ពៃរបស់លោកចំនួន២ហិកតារងការខូចខាត ដោយសាររូបលោកបូមទឹកពីប្រភពខាងលើនៃអូត្រែងនេះ ដើម្បីស្រោចស្រំដំណាំ ដែលធ្វើឱ្យលោកខាតបង់ប្រាក់ចំនួនជិត១ម៉ឺនដុល្លា។ លោកបន្តថា មកដល់ពេលនេះលោកមិនទាន់ទទួលបានសំណងពីការខូចខាតនេះឡើយ ដោយស្នើរកដំណោះស្រាយគ្មានប្រសិទ្ធភាព។ ការណ៍នេះ លោកថា លោកមិនហ៊ានធ្វើចម្ការស្ពៃនោះទៀត ដោយបារម្ភពីការបំពុលនេះ។
លោកថា៖ «និយាយឱ្យចំគេប្រើប្រាស់ទូទៅទឹកហ្នឹង ទាំងស្រោចដំណាំអីហ្នឹង។ ខ្ញុំនៅផ្ទះប្រើអណ្ដូង នៅចម្ការប្រើទឹកអូរហ្នឹង។ កាលវគ្គមុនរោងចក្រហ្នឹងបង្ហូរមកខ្ញុំដាំស្ពៃ ដាំអីខាតអស់មិនចេះតិចទេ។ ខាតចូលខ្ទង់ជិត១ម៉ឺនដុល្លា។ ខ្ញុំគ្មានសង្ឃឹមថាទទួលសំណង។ និយាយថាស្រុកយើងវាតែប៉ុណ្ណឹងហើយ។ ឃើញមកស្ងាត់ៗ អត់មានដំណោះស្រាយឱ្យប្រជាជនផង»។
លោកបន្ថែមថា៖ «អ្នកដាំដំណាំខូចខាតទាំងអស់ឱ្យតែដំណាំខាងលើដែលប្រើប្រាស់ទឹកហ្នឹង។ ហើយណាមួយយើងប្រើអត់កើតទេ បើអ្នកយកទឹកហ្នឹងមកងូតអីអត់កើតទេ ព្រោះទឹកហ្នឹងខ្មៅ។ ខ្ញុំធ្លាប់ខូចដំណាំដល់ចឹងអត់ហ៊ានដាំទៀតខ្លាចមានបញ្ហាចឹងឯង»។
លោក ងិន បន្ថែមថា ការបំពុលទឹកពីរោងចក្រស្វាយនៅខែមេសា ឆ្នាំនេះក៏បង្ករឱ្យមានការព្រួយបារម្ភដល់អ្នកប្រើប្រាស់ប្រភពទឹកពីអូត្រែងនេះដែរ។ លោកអំពាវនាវឱ្យភាគីពាក់ព័ន្ធត្រួតពិនិត្យរកមូលហេតុឱ្យបានច្បាស់លាស់ និងចាត់វិធានការចំពោះរោងចក្រដែលបង្ហូរកាកសំណល់ បំពុលបរិស្ថាននេះ។
មេភូមិស្វាយស លោក វន ឈឿន បានបញ្ជាក់ថាមន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរបានចុះមកត្រួតពិនិត្យទីតាំងដែលមានការបង្ហូរទឹកកខ្វក់ចូលទឹកព្រែកអូរត្រែង តែមិនទាន់ដឹងលទ្ធផលនៅឡើយ។ លោកបន្តថា ប្រជាពលរដ្ឋប្រហែល ២០០ គ្រួសាររស់នៅទីនោះ ភាគច្រើនទៅធ្វើការរោងចក្រ។ ក្នុងរដូវប្រាំង ពួកគេអាស្រ័យលើបឹង និងអូរក្បែរភូមិសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយសារមិនមានអណ្តូងទឹកគ្រប់គ្រាន់។ លោកបន្ថែមថា ក្រោយទឹកអូរត្រែងនៅភាពខ្មៅ ហើយមានត្រីងាប់ទៀត ប្រជាពលរដ្ឋនៅភូមិរបស់លោកមានការព្រួយបារម្ភពីការប្រើប្រាស់។
លោកថា៖ «ខាងបរិស្ថានចុះមើលហើយ ហើយមិនទាន់ដឹងវិនិច្ឆ័យថាម៉េច ព្រោះអត់ទាន់ឃើញចំណុចហូរផងឃើញតែត្រីងាប់។ សង្កេតឃើញទឹកកខ្វក់ពីរបីថ្ងៃហើយ ហើយទើបបានចុះមើលម្សិលមិញដែរ។ ប្រជាពលរដ្ឋប្រើប្រាស់ទឹកហ្នឹងដែរ ដល់ពេលស្អុយចឹង ពិបាកដែរ ដឹងគាត់ប្រើឬមិនប្រើ។ ភាគច្រើនគាត់ប្រើអណ្ដូងបុក»។
លោកបន្ថែមថា៖ «គាត់ (ប្រជាពលរដ្ឋ) ដឹងដែរតែដល់ទឹកស្អុយចឹងគាត់ប្រើទឹកសុទ្ធលក់តាមឡានច្រើនដែរ។ អូរហ្នឹងប្រជាពលរដ្ឋក៏ប្រើដែរ តែដល់ទឹកស្អុយក៏អត់»។
តែយ៉ាងណាមន្ត្រីក្រសួងបរិស្ថានកំពុងចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលទឹកអូរត្រែង ក្នុងភូមិសាស្រ្ត ភូមិស្វាយស នេះក្រោយមានការរាយការណ៍ថាមានត្រីងាប់។ ក្រសួងបរិស្ថានក៏បានណែនាំកុំឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះ និងប្រើប្រាស់ទឹកនៅព្រែកនោះ ដើម្បីបង្ការបញ្ហាសុខភាពពីការបំពុលទឹក។ នេះបើតាមរយៈទំព័រហ្វេសប៊ុកផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានឱ្យដឹងថា៖ «យោងតាមការចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង កន្លែងមានត្រីងាប់ និងទឹកមានធំក្លិនស្អុយ ក្នុងព្រែកត្រែង ដែលស្ថិតនៅចចម្ងាយ ៦០០ ម៉ែត្រ ផ្នែកខាងក្រោមរោងចក្រកែឆ្នៃស្វាយចំនួនពីរ»។
ក្រសួងបរិស្ថានបន្តថា រោងចក្រទាំងពីរនោះ គឺក្រុមហ៊ុនយូយូរភីន និងក្រុមហ៊ុនប៉ៃស៊ិនសេង។ មន្ត្រីក្រសួងបរិស្ថានបានយកសំណាកទឹកចំនួន៥ទីតាំង នៅខ្សែទឹកខាងលើ និងខាងក្រោម និងចំណុចទឹកស្រះរបស់រោងចក្រទាំអពីរនេះ មកមន្ទីរពិសោធ ដើម្បីពិនិត្យ។
ក្រសួងបរិស្ថានថា៖ «ជាមួយគ្នានេះ មន្រ្តីជំនាញបានដាក់ចេញវិធានការ ស្នើសុំឱ្យអាជ្ញាធរ ធ្វើការហាមឃាត់ប្រជាពលរដ្ឋ ផ្អាកការប្រើប្រាស់ទឹកព្រែកត្រែងមួយរយៈ និង កុំយកត្រីដែលងាប់ទៅបរិភោគ។ ក្រុមការងារបានណែនាំបន្ថែមដល់ម្ចាស់ទីតាំងរោងចក្រទាំង២ខាងលើ កុំបញ្ចេញសំណល់រាវបំពុលទឹកសាធារណៈ និងអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវជាប្រចាំ»។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ឃើញថាក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរពាក់ព័ន្ធគួរតែរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឹងម៉ាត់លើរោងចក្រដែលបង្ហូរកាកសំណល់ចូលប្រភពទឹកដែលប្រជាពលរដ្ឋប្រើប្រាស់។ លោកថា កាលណាប្រជាពលរដ្ឋជួបនូវបញ្ហាដដែលៗ ពួកគេតែងតែស្វែងរកដំណោះស្រាយតាមបណ្ដាញសង្គម ព្រោះចំណាត់ការរបស់អ្នកពាក់ព័ន្ធមិនទាន់អាចឆ្លើយតបនៅកង្វល់របស់ពួកគេ។
លោកថា៖ «ខ្ញុំមិនដឹងថាករណីនេះយ៉ាងម៉េចទេ តែធម្មតារោងចក្រមុននឹងធ្វើត្រូវមានកិច្ចសន្យា មានកុងត្រា មានអាជ្ញាបណ្ណពីរដ្ឋាភិបាលអីត្រឹមត្រូវណាស់ ហើយមិនចេះតែធ្វើទេ។ កាលណាប៉ះពាល់បរិស្ថាន ប៉ះពាល់ដល់ប្រជាពលរដ្ឋនៅជុំវិញហ្នឹងត្រូវធ្វើយ៉ាងម៉េច កែសម្រួលយ៉ាងម៉េច ប៉ះពាល់ធ្ងន់ត្រូវផ្ដល់សំណងយ៉ាងម៉េច»។
លោកបន្ថែមថា៖ «ខ្ញុំគិតថាមន្ទីរបរិស្ថានគួរតែហ៊ានអាកាត់។ ជូនកាលទៅវាអាចប៉ះពាល់គ្នាឯង ប៉ះពាល់ខ្សែ ប៉ះពាល់អ្នកស្គាល់ អ្នកតូចអ្នកធំ អីទៅពន្យាទៀតទៅ ជូនកាល។ ខ្ញុំមិនថាករណីនេះវាចឹងទេ តែជាទូទៅពេលពន្យាពេលទៅវាប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ខ្ញុំគិតថាអាហ្នឹងវាមិនពិបាកអីពេកទេឱ្យតែមានវិធានការច្បាស់លាស់ រោងចក្រនោះមិនអាចតវ៉ាអីពេកទេ តែខុសៗហើយ។ កាលណាមានការត្អូញត្អែពីប្រជាពលរដ្ឋហ្នឹងអាជ្ញាធរដែនដីក៏ត្រូវយកចិត្តទុកដាក់ ត្រូវពិនិត្យមើល យកចិត្តទុកដាក់ឱ្យមែនទែន»។
គួរបញ្ជាក់ផងដែរាថា កាលពីខែឧសភា ឆ្នាំ២០២៤ រោងចក្រដំណាប់ស្វាយ Cambodian Gome Farm Food Co Ltd នៅភូមិសាស្រ្តភូមិស្វាយស ធ្លាប់ត្រូវបានអាជ្ញាធរខេត្ត និងមន្ត្រីបរិស្ថានចុះពិនិត្យ និងណែនាំម្ដងរួចមកហើយដែរ ក្រោយពិនិត្យឃើញថា រោងចក្រទាំងនេះបានបង្ហូរកាកសំណល់កខ្វក់ចូលទឹកព្រែក ដែលបណ្ដាលឱ្យត្រីងាប់ និងមានការរអូររទាំពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ៕







