គន្ធបុប្ផាជួបបញ្ហាខ្វះឈាមនិងអំពាវនាវឱ្យមានការបរិច្ចាគឈាមឱ្យបានច្រើន

សុខភាព

(ទារកដែលត្រូវបញ្ចូលឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា)រូបភាពពីទំព័រហ្វេសប៊ុកលោកវេជ្ជបណ្ឌិត។ Beat Richner

មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ អំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីប្រើប្រាស់ ក្នុងការព្យាបាលទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ ស្របពេលមន្ទីរពេទ្យកំពុងខ្វះខាតឈាមប្រើប្រាស់ខ្លាំង។

ប្រធានបច្ចេកទេសមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យគន្ធបុប្ផា លោក ឡម វី អក្ខរា សរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២០ ខែមេសា ថា បន្ទាប់ពីចូលឆ្នាំថ្មីរួច ឈាមប្រើប្រាស់ក្នុងស្តុកនៅមន្ទីរពេទ្យ ធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យមានបញ្ហាដល់ការផ្គត់ផ្គង់ឈាមជាប្រចាំថ្ងៃ ក្នុងមន្ទីរពេទ្យ។ លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឈាមក្នុងស្តុកនៅសល់ប្រមាណជិត ៣០​សាក់ ក្នុងនោះឈាមប្រភេទអេ (A) មាន ៤សាក់ ប្រភេទប៊ី(B) មានក្រោម១០សាក់ និងប្រភេទអេប៊ី (AB) នៅក្រោម១៥សាក់។ 

លោក ឡម វី អក្ខរា បញ្ជាក់ប្រាប់ប្រជាកាសែតនៅថ្ងៃទី២១ ខែមេសា បន្ថែមថា កង្វះខាត​ឈាម នាំឱ្យមានផលប៉ះពាល់ដល់ប្រតិបត្តិការវះកាត់ជួយសង្គ្រោះកុមារ និងទារក ដោយមន្ទីរពេទ្យគន្ធបុប្ផាមានការវះកាត់ជាប្រចាំ ដែលត្រូវការឈាមប្រើប្រាស់ជាចាំបាច់បំផុត លើការវះកាត់បេះដូង ការវះកាត់ធំៗ និងគ្រោះថ្នាក់ចរាចរណ៍។

លោកបន្ថែម៖ «នៅមន្ទីរពេទ្យគន្ធបុប្ផា មានការវះកាត់បេះដូង ដោយមានគម្រោងវះកាត់ជាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ។ ក្នុងការវះកាត់អ្នកជំងឺម្នាក់ ចំពោះក្មេងម្នាក់ហ្នឹង យ៉ាង​ហោច​ណាស់​ក៏ត្រូវការឈាម៣ ទៅ៤សាក់ដែរ»។

លោកបញ្ជាក់៖ «នៅគន្ធបុប្ផា យើងបម្រើសេវាកម្មដោយឥតគិតថ្លៃ អ៊ីចឹងមានជំងឺខ្លះ ត្រូវការបញ្ចូលឈាមជារៀងរាល់ខែក៏មាន ហើយយើងមិនអាចទៅបង្ខំឱ្យគាត់ថា បងត្រូវបញ្ជូលឈាមអស់ប៉ុណ្ណេះ បងត្រូវសងប៉ុណ្ណេះវិញ។ យើងអត់អាចនិយាយអ៊ីចឹងទេ យើងគិតធ្វើម៉េច ជួយ​សង្គ្រោះជីវិតមនុស្ស។ ត្រង់នេះហើយ ដែលធ្វើឱ្យយើងខ្វះឈាម បើគ្មានការផ្ដល់ឈាមដោយស្ម័គ្រចិត្ត»។

តាមមន្ត្រីបច្ចេកទេសមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យគន្ធបុប្ផារូបនេះ កន្លងមក ដោយសារកង្វះខាតឈាមខ្លាំង មន្ទីរពេទ្យគន្ធបុប្ផា ក៏អាចខ្ចីឈាមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែរ ប៉ុន្តែនៅតែមានកង្វះខាត ដោយសារតម្រូវការប្រើប្រាស់ក្នុងមន្ទីរពេទ្យមានច្រើន ខណៈចំនួនអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តធ្លាក់ចុះ។ លោកទទូចសុំប្រជាពលរដ្ឋគ្រប់អាយុចូលរួមផ្ដល់ឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា ទីតាំងវត្តភ្នំ និងក្រោយព្រះបរមរាជវាំង ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ 

លោក ឡម វី អក្ខរា ក៏លើកទឹកចិត្តឱ្យមហាជន ឈ្វេងយល់ពីការបរិច្ចាគឈាមឱ្យបានច្រើន និងមានភាពក្លាហានក្នុងការផ្ដល់ឈាម ព្រោះលោកថាវាមិនមានហានិភ័យដូចការលើកឡើងតៗគ្នានោះទេ។ លោកថា ការចូលរួមផ្តល់ឈាម ផ្តល់អត្ថប្រយោជន៍ដល់ទាំងអ្នកផ្ដល់ និងអ្នកទទួល ស្របពេលអ្នកទទួលឈាម បានរួចចាកពីគ្រោះថ្នាក់ដល់ជីវិត ចំណែកអ្នកផ្ដល់ឈាម ទទួលអត្ថប្រយោជន៍ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

លោកបញ្ជាក់ថា អ្នកផ្ដល់ឈាម អាចផលិតគ្រាប់ឈាម ដែលល្អជាងមុនបន្ទាប់ពីផ្ដល់ឈាម ការបង្ការពីជំងឺបេះដូង សុខភាពស្បែក ព្រមទាំងផ្លូវចិត្តល្អដោយបានជួយសង្គ្រោះជីវិតកុមារ។

លោក វី អក្ខរា៖ «ក្នុងការបរិច្ចាគម្ដង យើងអាចជួយជីវិតទារក ឬកុមារ យ៉ាងហោចណាស់ ក៏បីនាក់ដែរ»។ 

លោកបន្ថែម៖ «កាលណា ដែលគាត់បូមឈាមម្ដងចំណុះ ៣៥០មីលីលីត្រ ស្មើមួយសាក់ហ្នឹង គឺដូចរំញោចខួរឆ្អឹងខ្នងរបស់គាត់ ផលិតគ្រាប់ឈាមថ្មី ដែលរឹងមាំល្អជាងមុន។ គាត់អាចដឹងពីប្រភេទឈាមរបស់គាត់ អាចជួយកាត់បន្ថយជំងឺត្បៀតសរសៃបេះដូង ខ្លាញរុំបេះដូង ហើយស្បែកមុខមាត់គាត់ស្រស់ថ្លាជាងមុន មួយទៀតអីសំខាន់ហ្នឹង ផ្លូវចិត្តរបស់គាត់ធ្វើឱ្យគាត់សប្បាយចិត្តបានជួយមនុស្ស ដូចការធ្វើបុណ្យអ៊ីចឹង»។

តាមមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យនេះ មានតម្រូវការឈាមប្រមាណ ៥ពាន់សាក់ ដើម្បីធានាក្នុងការជួយសង្គ្រោះ និងព្យាបាលកុមារ និងទារក៕

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2299}" data-page="1" data-max-pages="1" data-start="1" data-end="1">