ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញករណីវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ H5N1ថ្មីមួយទៀតនៅស្វាយរៀង។អ្នកកើតផ្ដាយសាយH5N1 គឺស្ត្រីម្នាក់ អាយុ ៦៦ឆ្នាំ នៅខេត្តស្វាយរៀង។ ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ស្របពេលវីរុសនេះ នៅតែបន្តគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានដដែល ឱ្យដឹងថា ករណីជំងឺផ្តាសាយបក្សី ១ករណី កើតលើស្ត្រីអាយុ ៦៦ឆ្នាំនេះ ត្រូវបានបញ្ជាក់ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលអ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
ក្រសួងបញ្ជាក់យ៉ាងដូច្នេះ៖ «អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ដាច់ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរ បានបង្ហាញថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែមេសា នៅក្នុងភូមិកើតហេតុ និងផ្ទះអ្នកជំងឺមានមាន់ឈឺ និងងាប់ ហើយក៏បានយកមកធ្វើម្ហូប»។
ក្រសួងសុខាភិបាលបន្តថា ក្រុមគ្រូពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានសហការជាមួយ ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន កំពុងស្រាវជ្រាវលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ក៏ដូចជាអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ ក្នុងនោះក្រុមការងារក្រសួងក៏ចែកថ្នាំតាមីហ្វ្លូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល ក៏ក្រើនរម្លឹកពលរដ្ឋ ឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទៅទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យ ព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីឆ្លងលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែវាអាចបំប្លែងខ្លួនឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលដែរ។
ក្រសួងឱ្យពលរដ្ឋប្រុងប្រយ័ត្ន ដោយជៀសវាងប៉ះពាល់មាន់ទាឈឺ ឬងាប់ដែលមិនដឹងពីមូលហេតុ និងយកទៅដុត ឬកប់ចោល ឬបើធ្វើជាអាហារ គឺត្រូវចម្អិនម្ហូបអាហារ ជាពិសេសសាច់ សត្វបក្សី និងស៊ុត ឱ្យបានឆ្អិនល្អមុនបរិភោគ។
គិតត្រឹមដើមឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកឆ្លងជំងឺផ្តាសាយប្រភេទ H5N1 សរុបប្រមាណ ២០ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៩នាក់ ដោយសារជំងឺផ្តាសាយបក្សីនេះ៕







