សហជីព និងសង្គមស៊ីវិលបន្តបារម្ភពីសុវត្ថិភាពកម្មករនៅកន្លែងធ្វើការ

សង្គម

ក្រុមអ្នករៀបចំកម្មវិធីថតរូបជុំគ្នា។ (រូបថតដោយ សេរីហ្វុងនៅថ្ងៃទី២៦ខែមេសា២០២៦)។

សហជីពពីវិស័យផ្សេងៗ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួននៅតែសម្តែងការបារម្ភ ពីបញ្ហាប្រឈមផ្នែកសុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតនៅកន្លែងធ្វើការតាមវិស័យនានានៅក្នុងប្រទេសកម្ពុជា។

ការបារម្ភនេះ ត្រូវបានលើកឡើងនៅក្នុងវេទិកានៃការប្រារព្ធទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារ រៀបចំដោយអង្គការ សមាគម និងសហជីពពីវិស័យផ្សេងៗ រួមមាន វិស័យកាត់ដេរ សំណង់ សេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។

ស្ថាប័នដែលចូលរួមរៀបចំទិវានេះ រួមមានអង្គការសង់ត្រាល់ សហព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (CMPO) និងស្ថាប័នមួយចំនួនទៀត ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹងនិងពង្រីកប្រព័ន្ធធានាសុវត្ថិភាព និងសុខភាពក្នុងពិភពការងារ» ដោយមានអ្នកចូលរួមពីតំណាងអង្គការពលកម្មអន្តរជាតិ និងតំណាងក្រសួងការងារជាដើមសរុបចំនួនប្រមាណ ២៦០នាក់។

ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីនេះថា ការប្រារព្ធទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារ ភាគច្រើនផ្ដោតចំពោះវិស័យការងារ។ លោកចាត់ទុកបញ្ហាសុខភាព និងសុវត្ថិភាពគឺជាសេចក្ដីត្រូវការជាមូលដ្ឋានរបស់កម្មករនិយោជិត។

ជាមួយគ្នានេះ លោកសង្កេតឃើញបញ្ហាមួយចំនួនដែលកម្មករនិយោជិតកំពុងប្រឈម រួមមានបញ្ហាគ្រោះថ្នាក់ពេលធ្វើដំណើរនៅកន្លែងការងារ ឬពេលត្រឡប់ទៅលំនៅដ្ឋានវិញ បញ្ហាអាកាសធាតុក្ដៅខ្លាំង បញ្ហាកម្មករគ្មានពេលសម្រាកសមរម្យ និងការកំណត់បរិមាណដេរនៅក្នុងវិស័យកាត់ដេរជាដើម។

លោកថា៖ «បញ្ហាទាំងអស់នោះ យើងឃើញថានៅតែជាស្ថានភាពដែលគួរឱ្យបារម្ភ។ នៅក្នុងឆ្នាំ២០២៥ យើងឃើញថា អត្រានេះនៅតែមានការកើតឡើង។ រោងចក្រខ្លះក៏មានហានិភ័យនូវប្រព័ន្ធសុវត្ថិភាពការងារ មានការឆេះរោងចក្រជាដើម និងការដួលសន្លប់ជាបន្តបន្ទាប់»។

លោក ថារ៉ូ មើលឃើញថា រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះបញ្ហានេះនៅកម្រិតគោលនយោបាយដែរ ក៏ប៉ុន្តែការធ្វើអធិការកិច្ចពុំសូវទូលំទូលាយនៅឡើយ។

លោកបន្ថែមថា៖ «យើងឃើញមានភាពប្រសើរនៃការធ្វើអធិការកិច្ចនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង ក៏ប៉ុន្តែវិស័យសេវាកម្ម វិស័យសំណង់ និងគ្រឹះស្ថាន សហគ្រាសតូចមធ្យមផ្សេងទៀតគឺនៅមានកម្រិតនៅឡើយ។ អ៊ីចឹងការពង្រឹងនូវគុណភាព ប្រសិទ្ធភាពនៃការធ្វើអធិការកិច្ចដើម្បីចុះទៅហើយដើម្បីឆ្លើយតបទៅនឹងករណីដែលមានគ្រោះថ្នាក់ការងារកើតឡើងនេះ ហើយនិងផ្ដល់យន្តការនៅក្នុងការគាំពារជារឿងដែលសំខាន់»។

ចំណែកឯប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្ម (CFSWF) អ្នកស្រី អ៊ូ ទេពផល្លីន សង្កេតឃើញថា បញ្ហាប្រឈមផ្នែកសុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតនៅកន្លែងការងារ នៅតែជាក្ដីកង្វល់ ដោយអ្នកស្រីថាពុំមានការការពារសុខភាព សុវត្ថិភាពពេញលេញ និងការធ្វើអធិការកិច្ចពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។

អ្នកស្រីថា៖ «ស្ថានភាពឆ្នាំថ្មីៗនេះគឺការរាយការណ៍អំពីកម្ដៅ បើយើងក្រឡេកមើល។ ពីមុនៗកម្មករអីអត់មាននិយាយលើរឿងកម្ដៅកើនឡើងខ្ពស់ទេ គឺនិយាយលើប្រព័ន្ធសុវត្ថិភាពអីផ្សេងៗ។ អាចាស់មិនទាន់ដោះស្រាយ អាថ្មីមកដល់ទៀត[…]ភាគច្រើននៃបងប្អូនកម្មករនិយោជិត ឬក៏អ្នកធ្វើការផ្ទាល់នៅក្រោមកម្ដៅថ្ងៃ តែដល់ពេលអ្នកនៅក្នុងរោងចក្រ ឬសហគ្រាសក៏គាត់ក្ដៅដែរ ក្ដៅបែបហប់»។

ករណីនេះ អ្នកស្រី ផល្លីន ចង់ឱ្យមានការចុះត្រួតពិនិត្យគ្រាប់វិស័យទាំងអស់ ដោយមិនពិនិត្យតែវិស័យកាត់ដេរទេ។ ប្រធានសហជីពកម្មករចំណីអាហារនិងសេវាកម្មរូបនេះក៏ចង់ឱ្យមានការជជែកពិភាក្សាជុំគ្នារវាងភាគីពាក់ព័ន្ធដែលមានការចូលរួមពីតំណាងកម្មករនិយោជិត។

អ្នកស្រីបន្ថែមថា៖ «មិនគួរយកចិត្តទុកដាក់តែវិស័យកាត់ដេរទេ វិស័យចំការដែលនៅឆ្ងាយពីភ្នែកច្រមុះ ពីពួកយើងហ្នឹងក៏គួរតែចុះតាមដានអធិការកិច្ចឱ្យបានពេញលេញដែរ ហើយមានការចុះសួរញឹកញាប់ជាញយៗ»។

កម្មការិនីរោងចក្រផ្នែកពិនិត្យគុណភាព (QC) នៅរោងចក្រកាត់ដេរកាបូប ស៊ុនស៊ុយស៊ីង នៅខេត្តកំពង់ស្ពឺ អ្នកស្រី ឌឿន សូផាត បានធ្វើដំណើរពីខេត្តកំពង់ស្ពឺ មករាជធានីភ្នំពេញដើម្បីចូលរួមទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារនាឆ្នាំ២០២៦នេះ។

អ្នកស្រី សូផាត បានឆ្លៀតពេលពីការចូលរួមពិធីនេះមួយសន្ទុះ និងប្រាប់ប្រជាកាសែតថា នៅរោងចក្រដែលអ្នកស្រីធ្វើការសព្វថ្ងៃនេះមានបញ្ហាក្ដៅក្នុងរោងចក្រដោយពុំមានកង្ហារគ្រប់គ្រាន់ទេ។ បន្ថែមពីនេះនៅក្នុងរោងចក្រមានបញ្ហាក្លិនស្អុយពីលូ និងបញ្ហាទឹកបរិភោគក្នុងរោងចក្រគ្មានអនាម័យ ដែលធ្វើឱ្យកម្មករឈឺពេលពិសាទឹកនោះ។

អ្នកស្រីថា៖ «ជាក់ស្ដែងកន្លែងខ្ញុំអី អត់មានកង្ហារ ប៉ុន្តែអាចនិយាយបានថាវាមិនក្ដៅដល់ថ្នាក់យើង ពេលខ្លះយើងក្ដៅ យើងដើរទៅរកកន្លែងកង្ហារមួយភ្លែតទៅ[…]រោងចក្រខ្ញុំ ចង់និយាយថានៅខ្វះចន្លោះច្រើនដែរ ព្រោះអីទាក់ទងជាមួយនិងកម្ដៅហ្នឹងមួយ បញ្ហាខ្លះដូចជាស្អុយលូហ្នឹងដែរ អ៊ីចឹងកន្លែងខ្លះក៏នៅមានហប់ដែរ[…]ហើយកន្លែងខ្ញុំទឹករោងចក្រ ទឹកជាក់ស្ដែងគឺហូបអត់បានទេ ឈឺកមែនទែន ដូចខ្ញុំអីខ្ញុំទិញតែទឹកពីក្រៅទេ»។

កម្មការិនីវ័យ២៦ឆ្នាំរូបនេះ ចង់ឱ្យភាគីរោងចក្រដោះស្រាយរាល់បញ្ហាដែលគាត់បានរៀបរាប់ ព្រមទាំងចង់ឱ្យមន្ទីរការងារខេត្តកំពង់ស្ពឺចុះធ្វើអធិការកិច្ចរោងចក្រគាត់។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកស្រី សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍ថា បញ្ហាសុខភាព និងសុវត្ថិភាពការងារនេះមិនមែនជារឿងថ្មីទេ ពោលគឺកម្ពុជាមានច្បាប់ស្ដីពីការងារ ដែលអនុម័តតាំងតែពីឆ្នាំ១៩៩៧ ដែលបានចែងការពារបញ្ហានេះតាំងតែពីពេលនោះមក បើទោះជាក្នុងច្បាប់នេះ ប្រើពាក្យខុសគ្នាបន្តិចក៏ដោយ ដោយហៅថាជា «អនាម័យ និងសន្តិសុខការងារ» ជំនួសឱ្យ «សុខភាព និងសុវត្ថិភាពការងារ»។

អ្នកស្រីថា៖ «យើងបានកំណត់នៅក្នុងចំណុចមួយដែលថា បើសិនជាបងប្អូនកម្មករនិយោជិត ក៏ដូចជានិយោជកដែលបំពានទៅលើវិធានផ្នែកអនាម័យ និងសន្តិសុខការងារហ្នឹង គឺបងប្អូនប្រឈមជាមួយនឹងកំហុសធ្ងន់»។

អ្នកស្រីបន្ថែមថា៖ «ហើយតាមរយៈយន្តការអធិការកិច្ចការងារ យើងក៏បានតាមដានជាប្រចាំ នៅក្នុងការលើកម្ពស់ការអនុវត្តវិធានអនាម័យនិងសន្តិសុខការងារនាពេលបច្ចុប្បន្ននេះ»។

ប្រទេសជុំវិញពិភពតែងតែប្រារព្ធទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារនេះនៅថ្ងៃទី២៨ ខែមេសា ជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់ការងារប្រកបដោយសុវត្ថិភាព សុខភាពល្អ និងសមរម្យ ដោយផ្តោតលើការបង្ការគ្រោះថ្នាក់ការងារ និងជំងឺជាសកល៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2338}" data-page="1" data-max-pages="1" data-start="1" data-end="1">