សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានសម្រេចកម្កល់សាលក្រមសាលាដំបីងរាជធានីភ្នំពេញដែលបានលកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ ពីបទក្បត់ជាតិ ព្រមទាំងបានបន្ថែមនូវការហាមឃាត់លោកមិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ។ ទោសបន្ថែមហាមចេញក្រៅប្រទេស៥ឆ្នាំនោះគឺបានន័យថា ក្រោយពីលោកកឹម សុខាទទួលទោសចប់ ហើយអាចដើរហើរបានប៉ុន្តែមិនអាចចេញក្រៅប្រទេសបានឡើយក្នុងរយៈពេល៥ឆ្នាំ។ការសម្រេចនេះធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការចំពោះករណីអតីតមេបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
តំណាងទូតពីសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី កាណាដា និងអង្គការសហប្រជាជាតិ បានចូលស្ដាប់ការប្រកាសសាលដីកា ខណៈក្រុមអ្នកកាសែតជាតិអន្តរជាតិជាច្រើនស្ថាប័ន អ្នកគាំទ្រមកពីគណបក្សនានា និងពលរដ្ឋ ចាំនៅមុខសាលាឧទ្ធរណ៍ភ្នំពេញ តាំងតែពីក្បួនឡានរបស់ លោក កឹម សុខា មិនទាន់មកដល់។ ក្បួនឡានកងកម្លាំងរដ្ឋាភិបាលដែល ដឹក លោក កឹម សុខា មកដល់តុលាការនៅប្រមាណជាម៉ោង៨កន្លះព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ហើយបានចេញពីតុលាការវិញនៅខ្ទង់ម៉ោង៩កន្លះ។
សហមេធាវីការពាក្ដីឱ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា គឺលោកមេធាវី ផែង ហេង ប្រាប់ក្រុមអ្នកសារព័ត៌មានថា ឧទ្ធរណ៍បានសម្រេចកម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឱ្យលោក កឹម សុខា ជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ ព្រមទាំងបន្ថែមការហាមឃាត់លោក កឹម សុខា មិនឱ្យចេញទៅក្រៅប្រទេសរយៈពេល៥ឆ្នាំ។
លោកថា ការសម្រេចនេះគឺធ្វើតាមការស្នើរបស់តំណាងមហាអយ្យការ និងតំណាងមេធាវីរាជរដ្ឋាភិបាល ដែលបានស្នើឱ្យផ្តន្ទាទោសលោក កឹម សុខា ឱ្យធ្ងន់ធ្ងរ។
លោកថា៖ «ថ្ងៃនេះគឺសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍គាត់បានសម្រេចកម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដែល ហើយគាត់បន្ថែមមួយចំនុចទៀតគឺហាមឃាត់ឯកឧត្តម កឹម សុខា មិនឧ្យចេញពីក្រៅប្រទេសរយៈពេល៥ឆ្នាំ»។
ករណីនេះលោកមេធាវី ផែង ហេង សោកស្ដាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។ ក៏ប៉ុន្តែលោកមិនទាន់ដឹងទេថា កូនក្ដីលោកនឹងសម្រេចបន្តនីតិវិធីឬយ៉ាងណា។
លោកថា៖ «ស្ថានភាពពេលនេះគួរតែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ស្វែងរកការផ្សះផ្សារជាតិ ប៉ុន្តែឃើញសាលដីការរបស់សាលាឧទ្ធរណ៍ថ្ងៃនេះវាមិនដូចការរំពឹងទុក»។
ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត មិនមានមតិចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញទេ ក៏ប៉ុន្តែលោកចង់ឱ្យអ្នកនយោបាយខ្មែររក្សានូវវប្បធម៌សន្ទនាគ្នាដើម្បីសាមគ្គីភាពជាតិ។
លោកថា៖ «យើងឃើញថាការសម្រេចរបស់តុលាការគឺវាជារឿងមួយ ប៉ុន្តែគ្រាន់តែថាយើងជាអង្គការសង្គមស៊ីវិល យើងចង់ឃើញថាអ្នកនយោបាយខ្មែរគាត់មានបន្តនូវវប្បធម៌សន្ទនានៃការចចារដើម្បីរកដំណោះស្រាយមួយចេញដូចពីមុនៗមក គឺការចចារគ្នាហើយអាចនឹងមានការដោះស្រាយផ្នែកនយោបាយ»។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ ឬបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដកហូតសិទ្ធិធ្វើនយោបាយ។ បច្ចុប្បន្នលោកត្រូវបានតុលាការដាក់ឱ្យស្ថិតជាប់ឃុំនៅក្នុងផ្ទះដោយមិនអនុញ្ញាតឱ្យជួបនឹងអ្នកនយោបាយ ឬភ្ញៀវបរទេសណាឡើយ៕







