ម្តាយរបស់យុវជនបញ្ចេញមតិលើបណ្តាញសង្គមលោក ស៊ីម ស៊ាត បានអំពាវនាវឱ្យតុលាការដោះលែងកូនប្រុសឱ្យមានសេរីភាពវិញ បន្ទាប់ពីលោកត្រូវបានអាជ្ញាធរចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយវិលត្រឡប់ពីប្រទេសជប៉ុន និងត្រូវផ្តន្ទាទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។
លោក ស៊ីម ស៊ាត អាយុ ២៣ ឆ្នាំ គឺជាអតីតពលករធ្វើការនៅប្រទេសជប៉ុន និងមានឈ្មោះក្រៅថា Mr.Seth ត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីវិលត្រឡប់មកកម្ពុជាវិញ។ លោកត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ នេះបើតាមការផ្សាយរបស់អង្គការលីការដូកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦។
ម្តាយរបស់លោក ស៊ីម ស៊ាត គឺអ្នកស្រី នីវ សាយ អាយុ ៦០ ឆ្នាំ រស់នៅឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានសម្តែងការខកចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីកូនប្រុសត្រូវបានចាប់ខ្លួន។
អ្នកស្រី នីវ សាយ និយាយថា៖«ឲ្យតុលាការជួយដោះលែងឲ្យកូនខ្ញុំឆាប់ៗមក ខ្ញុំមានកូនហ្នឹងមួយ ហើយពឹងចិញ្ចឹមម្តាយឪពុកបើគ្មាននឹងគ្មានអីចិញ្ចឹមទេ គ្មានអីរំពឹងមានតែមួយហ្នឹងដោយសារតែវារៀនឆ្លាត»។
អ្នកស្រី នីវ សាយ បានលើកឡើងថា លោក ស៊ីម ស៊ាត គឺជាកូនប្រុសតែម្នាក់ដែលធ្វើការនៅប្រទេសជប៉ុនអស់រយៈពេលបីឆ្នាំ និងផ្ញើប្រាក់មកជួយផ្គត់ផ្គង់គ្រួសារជាប្រចាំ ។
អ្នកស្រីរៀបរាប់ថាគ្រួសារមានសមាជិកច្រើននាក់ក្នុងបន្ទុកនិងជំពាក់លុយធនាគារផងដែរ ហើយបារម្ភថា បើគ្មានកូនប្រុសម្នាក់នេះ គ្រួសារនឹងប្រឈមការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង។
កាលពីឆ្នាំ២០២៤ លោក ស៊ីម ស៊ាត ដែលគេស្គាល់នៅលើបណ្តាញសង្គមថា Mr.Seth បានចេញវីដេអូសុំទោស និងប្រកាសចុះចូលគាំទ្រគណបក្សកាន់អំណាចវិញ បន្ទាប់ពីធ្លាប់មានសកម្មភាពបញ្ចេញមតិរិះគន់រដ្ឋាភិបាល។ នៅក្នុងវីដេអូនោះ លោកបានលើកឡើងថា ខ្លួនបានចាញ់ការញុះញង់ពីបុគ្គលជ្រុលនិយមមួយចំនួននៅប្រទេសជប៉ុន និងបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងសុំអភ័យទោសពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស។
លោក ស៊ីម ស៊ាត និយាយក្នុងវីដេអូនោះថា៖ «ខ្ញុំសូមផ្ញើវីដេអូនេះជាពិសេសសម្តេចពុកតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីខ្ញុំមានការមិនចេះគិតបន្តិចបន្តួចធ្វើឲ្យចាញ់ល្បិចកលនៃ បុគ្គលជ្រុលនិយមមួយចំនួន បុគ្គលប្រឆាំងក្បត់ជាតិនៅប្រទេសជប៉ុន ដែលបានញុះញង់បង្កើតចលនានេះដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ខ្ញុំពិតជាដឹងកំហុសរបស់ខ្ញុំ ពិតប្រាកដមែន»។
ប៉ុន្តែក្រោយមក លោក ស៊ាត នៅតែបន្តសកម្មភាពបញ្ចេញមតិនៅលើបណ្តាញសង្គម តិកតុកដែលមានអ្នកតាមដានជាង ៣ម៉ឺង ៧ពាន់នាក់។ នៅក្នុងវីដេអូមួយលើគណនី តិកតុករបស់លោក ឈ្មោះ Mr.Seth.official.Japan លោកបានបញ្ជាក់ថា ការវិលត្រឡប់មកកម្ពុជាវិញ គឺក្នុងគោលបំណងទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក ហើយលោកជឿថា ខ្លួនមិនបានប្រព្រឹត្តអំពើខុសច្បាប់ណាមួយឡើយ។
លោកបញ្ជាក់ថា គោលបំណងសំខាន់នៃការត្រឡប់មកវិញ គឺដើម្បីសួរសុខទុក្ខវីរកងទ័ពដែលកំពុងការពារទឹកដី និងបង្ហាញពីការស្រឡាញ់ជាតិដោយស្មោះត្រង់។
នៅក្នុងវីដេអូតិកតុកនោះលោក ស៊ីម ស៊ាត និយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ ដូច្នេះគឺខ្ញុំអត់ខ្លាចការទៅស្រុកកំណើតខ្ញុំវិញទេបងប្អូន ទៅមាតុភូមិរបស់ខ្ញុំទេ។ ខ្ញុំទៅវិញនេះ គឺខ្ញុំមានបំណងសួរសុខទុក្ខវីរៈកងទ័ពររបស់យើងដែលបាន ការពាទឹកដីការពារមាតុភូមិការពារប្រទេស ការពារប្រជាជនយើង ខ្ញុំនឹងទៅសួរសុខទុក្ខបងប្អូននៅបងប្អូន វីរៈកងទ័ពដែលការពារជាតិយើង អ៊ីចឹងខ្ញុំថានឹងទៅទាល់តែបាន មានបងប្អូនខ្លះគិតថា ចុះខ្ញុំទៅហ្នឹងមិនខ្លាច»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចោទប្រកាន់ និងផ្តន្ទាទោសលោក ស៊ីម ស៊ាត កើតឡើងក្នុងបរិបទដែលមានការរិះគន់យ៉ាងច្រើនលើបញ្ហា CLV-DTA នៅលើបណ្តាញសង្គម។
លោកបន្តថា បន្ទាប់ពីរដ្ឋាភិបាលសម្រេចលុបចោលកិច្ចព្រមព្រៀងនេះ អ្នកដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការរិះគន់គួរតែទទួលបានការដោះលែងឡើងវិញ។
លោកលើកឡើងថា៖ «នៅពេលដែលរដ្ឋាភិបាលនៅរដ្ឋសភាបានសម្រេចនៅក្នុងការ លុបចោលកិច្ចព្រមព្រៀង អ្នកទាំងអស់នឹងត្រូវបានដោះលេង សេរីភាពឡើងវិញផងដែរ»។
បើតាមលីកាដូ លោក ស៊ីម ស៊ាត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ តាមមាត្រា ៤៣៧ (ស្ទួន) ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ មុនចាប់ខ្លួន លោកជាអ្នកប្រើប្រាស់បណ្តាញសង្គមដ៏លេចធ្លោ ដែលតែងរិះគន់រដ្ឋាភិបាលជុំវិញបញ្ហា CLV-DTA ព្រំដែន និងបញ្ហាសង្គមផ្សេងៗ។ បច្ចុប្បន្ន លោកស្ថិតក្នុងចំណោមមនុស្ស ១០១ នាក់ ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាព តាមការកត់ត្រារបស់អង្គការ លីកាដូ៕







