គណបក្សភ្លើងទៀន បានចេញលិខិតអញ្ជើញទៅកាន់ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី ដើម្បីអញ្ជើញឱ្យចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ ស្វែងរកលទ្ធភាពបង្រួបបង្រួមកម្លាំងនយោបាយអ្នកប្រជាធិបតេយ្យ សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨ ខាងមុខ។
យោងតាមលិខិតអញ្ជើញដែលចុះហត្ថលេខាដោយប្រធានគណបក្សភ្លើងទៀនស្តីទី លោក ហុង សុខហួរ បានបញ្ជាក់ថា គោលបំណងនៃការអញ្ជើញនេះ គឺដើម្បីពិភាក្សាអំពីលទ្ធភាពនៃការរួមកម្លាំងរវាងគណបក្សនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យ ដើម្បីបង្កើតសាមគ្គីភាព និងកម្លាំងនយោបាយមួយដែលមានសក្ដានុពល។
លិខិតបានលើកឡើងថា បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងសម្ព័ន្ធភាពជាមួយគណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀនមានបំណងពង្រីកកិច្ចសហការជាមួយក្រុមនយោបាយផ្សេងទៀត ដើម្បីរួមចំណែកកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។
លិខិតអញ្ជើញនេះលើកឡើងថា៖«ខ្ញុំជឿជាក់ថា ការបើកចំហវប្បធម៌សន្ទនា និង សាមគ្គីភាពរវាងខ្មែរ នៅពេលនេះ គឺជាកូនសោរដោះស្រាយបញ្ហាជាតិ និងជាការឆ្លើយតបយ៉ាងប្រសើរ ចំពោះកង្វល់ និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត»។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ប្រាប់ប្រជាកាសែតនៅថ្ងៃទី២៣ ខែមេសាថា ការរួបរួមអ្នកប្រជាធិបតេយ្យនៅដំណាក់កាលនេះ គឺមានសារៈសំខាន់ខ្លាំង ដោយសារការបែកបាក់អាចធ្វើឲ្យកម្លាំងនយោបាយខ្សោយ និងបាត់បង់ឱកាសប្រកួតប្រជែង។
លោកនិយាយថា៖ «ការពិតណាស់យុទ្ធសាស្រ្តគឺជាការចាំបាច់ និងសំខាន់សម្រាប់គណបក្សនយោបាយ។ នៅពេលយើងឈានដល់ចំណុចនៃការរួបរួមពិតប្រាកដមួយយើងនឹងពិភាក្សាគ្នាអំពីយុទ្ធសាស្រ្តរួមដោយមានការចូលរួម និងស្មារតីទទួលខុសត្រូវ និងប្រកបដោយភាពទុកចិត្ត និងជឿជាក់ហើយអាចអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។
លោកអំពាវនាវឲ្យមានការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យនាពេលនេះ ដើម្បីផ្តល់ក្តីសង្ឃឹមថ្មីដល់ពលរដ្ឋ និងអ្នកគាំទ្ររាប់លាននាក់ និងនាំប្រទេសកម្ពុជាទៅរកការផ្លាស់ប្តូរមួយពិតប្រាកដតាមរយៈគោលការណ៍ប្រជាធិបតេយ្យ។
លោកលើកឡើងថា៖«ការបែកបាក់របស់អ្នកប្រជាធិបតេយ្យ គឺជាចំណុចខ្សោយមួយ ឬជាជម្ងឺមួយ និងជាឱកាសសម្រាប់ដៃគូប្រជែងបច្ចុប្បន្នក្នុងការបន្តឈ្នះតទៅទៀត។ មានតែអ្នកមិនចង់បានភាពជោគជ័យ និងមិនចង់ផ្តល់ក្តីសង្ឃឹមដល់ជាតិ ឬពលរដ្ឋទេទើបបដិសេធការរួបរួមគ្នា»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានបញ្ជាក់ថា គណបក្សរបស់លោកស្វាគមន៍ការអញ្ជើញនេះ ប៉ុន្តែមិនទាន់កំណត់ពេលវេលាជាក់លាក់សម្រាប់ជួបពិភាក្សានៅឡើយទេ។
លោកបានបន្តថា គណបក្សទាំងពីរ នៅមិនទាន់អាចសន្និដ្ឋានបានថានឹងរួបរួមគ្នាឬយ៉ាងណានៅឡើយទេ។ ទោះជាយ៉ាងណា លោកថា បើនិយាយពីការរួមកម្លាំង វាហាក់មានតែជម្រើសឲ្យគណបក្សភ្លើងទៀន ចូលរួមជាមួយគណបក្សកម្លាំងជាតិប៉ុណ្ណោះ។
លោកបានពន្យល់ថា មូលហេតុគឺដោយសារគណបក្សភ្លើងទៀន មិនអាចចូលរួមការបោះឆ្នោត រីឯគណបក្សកម្លាំងជាតិអាចឈរឈ្មោះបោះឆ្នោតបាននាពេលខាងមុខ។
លោកលើកឡើងថា៖«វាជាការល្អប្រសើរបើអ្នកប្រជាធិបតេយ្យមកចូលរួមជាមួយគណបក្សកម្លាំងជាតិហើយគណបក្សកម្លាំងជាតិបើកទ្វារទទួលស្វាគមន៍ចំពោះអ្នកប្រជាធិបតេយ្យតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ជាមួយគណបក្សកម្លាំងជាតិឲ្យទៅជាកម្លាំងមួយដ៏ធំមានសក្ដានុពលក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោតនៅ ២០២៧-២០២៨ ខាងមុខនេះ»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានមតិថា ការរួមគ្នារបស់គណបក្សប្រជាធិបតេយ្យអាចបង្កើតកម្លាំងសម្រាប់ប្រកួតប្រជែង ប៉ុន្តែក៏នៅមានឧបសគ្គជាច្រើន។
លោកនិយាយថា៖ «បើនិយាយទៅគណបក្សក្រៅរដ្ឋាភិបាល វាតូចៗហើយកម្លាំងវាតិច ហើយគណបក្សដែលលេចធ្លោមានតែគណបក្សកម្លាំងជាតិនិងគណបក្សភ្លើងទៀន។ ដូច្នេះប្រសិនបើគណបក្សប្រជាធិបតេយ្យក្រៅរដ្ឋាភិបាលគាត់អាចចូលរួមគ្នាក្នុងកម្លាំងតែមួយឬក៏រួបរួមឬបញ្ជូលគ្នាបានវាជាកម្លាំងមួយធំក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ ២០២៨ »។
លោកបានបន្តថា គណបក្សប្រជាធិបតេយ្យតូចៗ នៅមានទស្សនៈខ្វែងគ្នាច្រើន ហើយមិនទាន់មានគោលការណ៍រួមច្បាស់លាស់នៅឡើយទេ។ ទោះបីមានបំណងចង់រួបរួមកម្លាំងក៏ដោយ ប៉ុន្តែភាពខុសគ្នានៅក្នុងរចនាសម្ព័ន្ធ ការងារ និងកម្លាំងមូលដ្ឋាន បានធ្វើឲ្យការរួមគ្នានៅតែពិបាក និងត្រូវការពេលវេលាពិភាក្សាបន្ថែម។
គណបក្សភ្លើងទៀនអញ្ជើញគណបក្សកម្លាំងជាតិឱ្យរួបរួមគ្នានៅពេលនេះ គឺក្រោយពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានប្រកាសចងសម្ពន្ធភាពនយោបាយដើម្បីពង្រឹងកម្លាំងអ្នកប្រជាធិបតេយ្យសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១ មេសា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានបដិសេធក្នុងការចេញលិខិតច្បាប់ដើមឬទុតិយតា តាមការស្នើសុំរបស់គណបក្សភ្លើងទៀន ក្រោមហេតុផលថា គ្មានបទប្បញ្ញត្តិនៃច្បាប់អនុញ្ញាត។ គណបក្សភ្លើងទៀន ស្នើសុំក្រសួងមហាផ្ទៃចេញលិខិតទុតិយាលើលិខិតចុះបញ្ជីគណបក្សនៅឯក្រសួងមហាផ្ទៃ ដើម្បីអាចឲ្យបក្សប្រឆាំងមួយនេះ ចូលរួមការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ និងការបោះឆ្នោតក្រោយៗទៀត៕







