អ្នកសារព័ត៌មានបរិស្ថានជំរុញឱ្យអ្នកពាក់ព័ន្ធលើកកម្ពស់ការរាយការណ៍ពីបញ្ហាបរិស្ថាន

សង្គម

(វេទិកាសួរដេញដោយពីការរាយការណ៍ព័ត៌មានផ្នែកបរិស្ថានដែលរៀបចំឡើងដោយសង្គមស៊ីវិលក្នុងទិវាសេរីភាពសារព័ត៌មានឆ្នាំ២០២៦)។រូបភាពរ៉ាត់ទី)។

អ្នកសារព័ត៌មានបរិស្ថានជំរុញឱ្យអ្នកពាក់ព័ន្ធលើកកម្ពស់ការរាយការណ៍ពីបញ្ហាបរិស្ថាន។ ការលើកឡើងនេះធ្វើឡើងកាលពីកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ក្នុងពេលដែល អ្នកកាសែត បុគ្គលិកអង្គការ សមាគមអ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងៗទៀតជាង១៧០នាក់បានចូលរួមប្រារព្វទិវាសេរីភាពសារព័ត៌មាន ក្រោមប្រធានបទ «ការកសាងអនាគតដោយសន្តិភាព៖ លើកកំពស់សេរីភាពសារព័ត៌មាន ដើម្បីសិទ្ធមនុស្ស ការអភិវឌ្ឍ និងសន្តិសុខ»។

កិច្ចពិភាក្សានានា ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីសារសំខាន់ឱ្យអ្នកសារព័ត៌មានយល់ដឹងពីការធានាការទទួលបានព័ត៌មាន ការការពារសុវត្ថិភាពអ្នកសារព័ត៌មាន និងលំហូរព័ត៌មាន ដែលអាចរក្សាទំនុកចិត្តពីសាធារណជន និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ក្នុងនោះក៏មានការរាយការណ៍ពីបញ្ហាបរិស្ថាន។

អ្នកសារព័ត៌មានមកខេត្តក្រចេះ លោក ប្រាក់ ស៊ាងលី លើកឡើងថាអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាបរិស្ថាន តែងតែប្រឈមមុខទៅនឹងការរឹតត្បិតមិនឱ្យចូលទៅយកព៍ត៌មាននៅតំបន់ធនធានធម្មជាតិ និងការមិនទទួលបានពីអាជ្ញាធរមូលដ្ឋាន។ លោកស្នើសុំឱ្យការរាយការណ៍ពីបរិស្ថានមានភាពទូលំទូលាយ និងការសហការល្អជាមួយអាជ្ញាធរ ពេលអ្នកសារព័ត៌មានរាយការណ៍ពីបញ្ហាបរិស្ថានពីសហគមន៍មូលដ្ឋាន។

លោកថា៖ «ខ្ញុំនៅតំបន់ដាច់ស្រយ៉ាលដែរ ហើយការផ្សព្វផ្សាយពីបញ្ហាបរិស្ថាននៅមិនទាន់ទូលំទូលាយនៅឡើយទេ។ រាល់រឿងរាយការណ៍ពីបរិស្ថាន ខ្ញុំសង្កេតឃើញ ក៏ដូចជាជួបខ្លួនឯងពិតៗ ចេញពីខាងមានការគំរាម កាយវិការដោយបោះសម្ដីពីអាជ្ញាធរ ហើយខ្ញុំផ្ទាល់ក៏ធ្លាប់រងបណ្ដឹងបីបួនលើកមកហើយដែរ»។

លោកបន្ថែមថា៖ «ស្នើសុំទៅភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរតែម្ដងសូមគាត់ជួយសហការណ៍ជាមួយយើងអ្នកសារព័ត៌មាន។ ហេតុអ្វីបានខ្ញុំលើកឡើងថាអាជ្ញាធរពាក់ព័ន្ធត្រូវសហការណ៍ជាមួយ កាលណាប្រភពព័ត៌មានយើងផ្សាយ ទី១យើងទាមទារប្រភពច្បាស់លាស់ ជៀសវាងការផ្សាយមានការាភ័ន្តច្រលំ។ អ្នកសារព័ត៌មានជាធម្មតាតែងទទួលព័ត៌មាន ទទួលដំណឹងពីប្រជាពលរដ្ឋគឺចុះទៅដល់គោលដៅហើយ។ ចំណុចមួយទៀតជាខ្ញុំផ្ទាល់នៅតាមសហគមន៍ដើម្បីប្រព័ន្ធផ្សព្វផ្សាយទៅល្អ ពេលមានអ្នកសារព័ត៌មានរាយការណ៍ពីព័ត៌មានបរិស្ថាន ក៏ត្រូវមានអង្គការសង្គមស៊ីវិលចូលរូមពង្រឹងសុវត្ថិភាពអ្នកសារព័ត៌មានដែរ»។

ចំណែកឯអ្នកសារព័ត៌មានសេរី កញ្ញា Danielle Keeton-Olsen ក៏លើកឡើងស្រដៀងគ្នានេះដែរថា ក្នុងនាមជាអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាបរិស្ថាន ជាពិសេសក្នុងនាមជាអ្នកសារព័ត៌មានស្ត្រី មានក្ដីព្រួយបារម្ភពីការគំរាមកំហែងផ្នែកច្បាប់ ការរឹតត្បឹតសេរីភាពក្នុងការចុះយកព័ត៌មាន និងការគំរាមកំហែងផ្នែកសុវត្ថិភាពផ្សេងៗទៀត។ កញ្ញាថា ភាគីពាក់ព័ន្ធសហការជាមួយអ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីលំហសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាបរិស្ថាន។

កញ្ញាថា៖ «បញ្ហាដែលខ្ញុំជួបប្រទះនោះមែនទែនទៅនៅក្រៅទីតាំង ពេលដែលរាយការណ៍ពីបញ្ហាបរិស្ថាន និងបញ្ហាផ្សេងៗ បញ្ហាឃាត់ខ្លួនខុសច្បាប់ ក៏ដូចជាការព្រួយបារម្ភគំរាមកំហែងដែលយើងប្រឈមពាក់ព័ន្ធនឹងលំហផ្នែកផ្លូវច្បាប់ ជាពិសេសបញ្ហាផ្លូវច្បាប់ពេលដែលយើងចេញផ្សាយរួច ហើយហ្នឹងគេហៅថាបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន ហើយហ្នឹងការគំរាមកំហែងនៅក្នុងសង្គមក៏ដូចជាការបៀតបៀនផ្ទាល់ខ្លួន»។

កញ្ញាបន្ថែមថា៖ «ក្នុងនាមជាអ្នកសារព័ត៌មានស្ត្រី គេថាយើងក៏ជាសម្លេងភាគតិចដែរ ហើយបញ្ហាមួយទៀតគឺពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច និងបញ្ហាពាក់ព័ន្ធនឹងផ្លូវចិត្តផងដែរ ។ ចំពោះខ្ញុំៗមើលឃើញថាការរាយការណ៍ព័ត៌មានពីបរិស្ថានគឺមានបញ្ហាប្រឈមច្រើន ពិសេសជាងគេនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងដោយសារខ្ញុំក៏មានបទពិសោធដែរ»។

ឆ្លើយតបនឹងបញ្ហារាយការណ៍ពីបរិស្ថាន អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា សង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន ក្នុងនាមជាស្ថាប័នរដ្ឋតែងតែលើកលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានដែលរាយការណ័ពីបញ្ហាបរិស្ថាននៅតាមមូលដ្ឋានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទទួលបានព័ត៌មាន។ លោកថា ក្រសួងបរិស្ថាន តែងតែលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ និងថាក្រសួងតែងតែលើកកំពស់សេរីភាពអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាទាំងនេះ។

លោកថា៖ «ការរាយការណ៍ពីការរឹតត្បិត ខ្ញុំគិតថាមិនដល់ថ្នាក់ជាការគំរាមកំហែងទេ ភាគច្រើនជាការសួរនាំ។ ពេលខ្លះការរាយការណ៍តំបន់ធនធានធម្មជាតិ តំបន់ខ្លះគឺយើងមិនអនុញ្ញាតឱ្យមានមនុស្សទេ ហើយការចូលតំបន់ធនធានធម្មជាតិគឺសមត្ថកិច្ច អាជ្ញាធរការពារតំបន់ធម្មជាតិ មានការអនុញ្ញាតបានចូលបាន ហើយនេះគឺចែងដោយច្បាប់»។

លោកបន្ថែមថា៖ «ពេលខ្លះព័ត៌មានគាត់សួរភ្លាមចង់ឱ្យយើងឆ្លើយភ្លាមពេលខ្លះទិន្នន័យ ការស្វែងរកប្រភព អីហ្នឹង ដើម្បីផ្ដល់ត្រូវការចាំបាច់ពេលវេលាដែរ អីចឹងដល់ម៉ោងផ្សាយគាត់ចេញប្រាវទៅ ដល់ចឹងយើងត្រូវពន្យល់គាត់ឡើងវិញ»។

អ្នកសម្របសម្រួលកម្មវិធី នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ពេជ្រ ចំរុង លើកឡើងថា ក្នុងនាមអង្គការសង្គមស៊ីវិលធ្វើការលើកកំពស់ប្រព័ន្ធផ្សព្វផ្សាយ លោកតែងតែធ្វើការគាំពារដល់អ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាបរិស្ថាន ជាពិសេសអ្នកសារព័ត៌មានពលរដ្ឋ។

លោកថា៖ «ការរាយការណ៍របស់ពួកគាត់គឺជាការពិតចេញពីសហគមន៍តែម្ដង អីចឹងបើសិនជាយើងឆ្លុះបញ្ចាំងពីការអនុវត្តជាក់ស្ដែងមិនថាតែរឿងបរិស្ថានទេ នៅក្នុងប្រទេសរបស់យើងតែម្ដង សម្បីតែអភិបាលកិច្ចមូលដ្ឋានធម្មតាសោះក៏ទទួលរងនូវការសួរនាំគំរាមកំហែង។ នេះជាការអនុវត្តដែលរាងថ្មី ហើយគួរឱ្យមានការព្រួយបារម្ភដែរ។ ចំពោះបញ្ហាបរិស្ថានវិញ ខ្ញុំគិតថាមានបញ្ហាច្រើន ដែលព័ត៌មានទាំងអស់នេះមិនសូវត្រូវបានរាយការណ៍ទេ»។

លោកបន្ថែមថា៖ «យើងតែងតែឃ្លាំមើល គាំទ្រទៅដល់អ្នកសារព័ត៌មាននៅទូទាំងប្រទេស ក៏ដូចជាអ្នកសារព័ត៌មានពលរដ្ឋ ហើយយើងគិតថាអ្នសារព័ត៌មានសព្វថ្ងៃយើងតែងតែឈ្លោះគ្នាថា ពេលរិះគន់ភាគីម្ខាង ភាគីម្ខាងទៀតហាក់ដូចជាច្រានចោលរហូត មានន័យថាយើងអត់ទាន់សហការគ្នាបាន»។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា ៨៤,៦ ភាគរយ ក្នុងចំណោមអ្នកស្ទង់មតិចំនួន ៥៧០នាក់ ដែលតំណាងអ្នកសារព័ត៌មានទូទាំងប្រទេស ដែលត្រូវបានសម្ភាសនិយាយថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ លោកអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ការមានប្រព័ន្ធផ្សព្វផ្សាយសំបូរបែប បានចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ លោក អស្នារិទ្ធ បញ្ជាក់ថា ការចូលរួមលើកកំពស់សុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងផ្ដល់ការគាំទ្រផ្នែកច្បាប់ ជាអាទិភាពចម្បងរបស់ក្រសួងព័ត៌មាន និងស្នើឱ្យអ្នកសារព័ត៌មានធ្វើការគោរពវិជ្ជាជីវៈ និងធ្វើការជាមួយអាជ្ញាធរ ដើម្បីរាយការណ៍ព័ត៌មានដោយសុវត្ថិភាព។

លោកថា៖ «ខ្ញំគិតថារបាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មាន របាយការណ៍របស់សង្គមស៊ីវិល សុទ្ធតែមានសារសំខាន់ សម្រាប់ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រមូលឱ្យបានគ្រប់។ វាសុទ្ធសឹងតែជាធាតុចូលសំខាន់ ហើយយើងចង់ដឹង ហើយយើងធ្វើការស្ទង់មតិទូទាំងប្រទេសមែន តែយើងត្រូវតែស្ដាប់ដៃគូរបស់យើង ក៏ដូចជាអ្នកធ្វើការក្នុងសមាគម អង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកសារព័ត៌មានដែលគាត់បានជួបប្រទះ»។

ទោះជាយ៉ាងណាក្ដី ការសិក្សារបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចាអំពីការរាយកាណ៍ពីបញ្ហាបរិស្ថាន កាលពីពេលកន្លងទៅ បង្ហាញថា ៣៣ ភាគរយ នៃអ្នកសារព័ត៌មានចូលរួមក្នុងការស្ទង់មតិ លើកឡើងថាពួកគេមិនមានសុវត្ថិភាព នៅពេលរាយការណ៍ពីបញ្ហាបរិស្ថាន។ ហានិភ័យចម្បងៗទាំងនោះរួមមាន ការបំភិតបំភ័យ (៦៤ ភាគរយ) ការបដិសេធផ្ដល់ព័ត៌មាន ឬមិនឱ្យចូលទីតាំង (៥៧ ភាគរយ) និង ការគំរាមកំហែងផ្នែកច្បាប់ (៤៦ ភាគរយ)៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2447}" data-page="1" data-max-pages="1" data-start="1" data-end="1">