ក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋការពារខ្លួនពីការឆ្លងវីរុសហាន់តា

សុខភាព

ក្រសួងសុខាភិបាលណែនាំពលរដ្ឋពីវិធីការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus) បើទោះបីជាមកដល់ពេលនេះ កម្ពុជានៅមិនទាន់រកឃើញករណីឆ្លងវីរុសប្រភេទថ្មីនេះលើមនុស្សក៏ដោយ។ នេះបើតាមការចុះផ្សាយក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

ក្រសួងបញ្ជាក់ថា វីរុសហាន់តា គឺជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស ដែលអាចឆ្លងវីរុសនេះតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ(កណ្តុរ កំប្រុក ស្តា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ចំណែកឯ ការឆ្លងតាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែមានក្នុងករណីកម្រ។

អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យនៃការរាលដាលនៃវីរុសហាន់តាជាសកលមានកម្រិតទាប ពីព្រោះវីរុសនេះមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ។ មួយវិញទៀត ការឆ្លងនេះត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងការប៉ះពាល់សត្វកណ្តុរ នៅភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានការរកឃើញករណីឆ្លងវីរុសហាន់តាលើភ្ញៀវដែលធ្វើដំណើរក្នុងនាវាទេសចរណ៍មួយគ្រឿង មានទង់ជាតិហូឡង់ និងផ្ទុកអ្នកដំណើរមកពី២៨ប្រទេស ហើយមានវិជ្ជមានលើមនុស្ស ៥នាក់ និងស្លាប់ ៣នាក់។

គិលានុបដ្ឋាយិកា និងជាម្ចាស់ឱសថស្ថានឯកជននៅរាជធានីភ្នំពេញ អ្នកស្រី អ៊ុ ឈុននាង យល់ថា ការផ្សព្វផ្សាយរបស់ក្រសួងពីការការពារខ្លួនពីវីរុសហាន់តាគឺជារឿងល្អ ដើម្បីឱ្យប្រជាជនបានយល់ដឹង ការពារខ្លួន និងប្រុងប្រយ័ត្នជាងមុន។ 

អ្នកស្រីចងចាំថា កាលពីជំនាន់ជំងឺកូវីដ១៩មានអ្នកខ្លះមិនជឿថាជំងឺនេះអាចឆ្លងមកដល់ក្នុងស្រុកនោះទេ ប៉ុន្តែពេលមានការរីករាលដាលក្នុងសហគមន៍ប្រជាជនពុំបានត្រៀមខ្លួនទុកមុន និងដឹងពីវិធានការពារច្បាស់ឡើយ។ 

ប្រភពដដែលសង្កត់ធ្ងន់ថា៖«បើសិនជាយើងបានដឹងពីវិធីប្រយ័ត្ន វិធីការការពារ ដោយយើងបានត្រៀមខ្លួនទុកមុន ខ្ញុំគិតថាមិនខ្លាំងក្លាដូចកាលពីជំនាន់ជំងឺកូវីដទេ»។

ក្រសួងសុខាភិបាលបានពន្យល់ថា វីរុសហាន់តា អាចបង្កជាជំងឺសំខាន់ៗចំនួន២ គឺមួយជាជំងឺដែលប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម ដែលត្រូវបានរកឃើញនៅទ្វីបអាមេរិក។ មួយទៀត ជាជំងឺដែលបង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់ដល់តម្រងនោម ដែលត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកផងដែរ។

រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លងនៃក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការនាំចូលនូវជំងឺឆ្លងវីរុសហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រសួងរំលឹកថា ក្នុងករណីមានអាការៈសង្ស័យដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តិត្រូវបានខាំ ឬប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្តា សំពោច) ទឹករងៃ ទឹកនោម លាមក ឬមានប្រវត្តិធ្វើដំណើរមកពីតំបន់ដែលរាតត្បាតដោយវីរុសហាន់តា ក្នុងរយ:ពេលពី១ទៅ៨សប្តាហ៍ សូមទៅពិនិត្យ និងពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់៕

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2483}" data-page="1" data-max-pages="1" data-start="1" data-end="1">