កម្ពុជាណែនាំឱ្យអ្នកដំណើរឆ្លងកាត់កុងហ្គោនិងអ៊ូហ្គាន់ដាពិគ្រោះជាមួយគ្រូពេទ្យបង្ការជំងឺអេបូឡា

សុខភាព

(ក្រុមគ្រូពេទ្យនៅប្រទេសកុងហ្គោនាំយកសាកសពអ្នកឆ្លងជំងឺអេបូឡាទៅបញ្ចុះ។ រូបភាពពីគេហទំព័របរទេស)។

នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លងនៃប្រទេសកម្ពុជាណែនាំឱ្យអ្នកធ្វើដំណើរ ឬអ្នកឆ្លងកាត់ប្រទេសកុងហ្គោ និងអ៊ូហ្គាន់ដានៅក្នុងទ្វីបអាហ្រ្វិក ទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើពួកគេចេញរោគសញ្ញាសង្ស័យថាជាជំងឺឆ្លងអេបូឡា បន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសពីការរាតត្បាតនៃជំងឺនេះ នៅប្រទេសទាំងពីរ ដែលកំពុងបង្កការព្រួយបារម្ភជាលក្ខណៈអន្តរជាតិ។

អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ថា អ្នកសង្ស័យកើតជំងឺអេបូឡានៅក្នុងប្រទេសទាំងពីរនេះមាន ២៤៦ករណី និងមានអ្នកស្លាប់ក្នុងសហគមន៍ ៨០ករណី ។

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា បានចេញសេចក្តីប្រកាសព័ត៌មានណែនាំពីការការពារខ្លួនពីការឆ្លងជំងឺអេបូឡា។ ក្រសួងអះអាងថា បើទោះជារហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនទាន់រកឃើញករណីជំងឺអេបេឡាក៏ដោយ ក្រសួងកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំងប្រទេស និងត្រៀមវិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។ 

ក្រសួងសុខាភិបាលឱ្យដឹងថា ក្រុមវីរុសអេបូឡា អាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola) ស៊ូដង់ (Sudan) តៃហ្វ័ររេស (Tai Forest) និងប៊ុនឌីប៊ូហ្គីយូ (Bundibugyo)។

ក្រសួងបន្តថា បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡាមួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានិភ័យខ្ពស់ ប៉ុន្តែមិនទាន់មានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសនេះបានទាំងស្រុងនោះទេ គឺមានតែការព្យាបាលទៅតាមស្ថានភាពនៃជំងឺប៉ុណ្ណោះ។

យោងតាមនាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លងឱ្យដឹងថា ជំងឺអេបូឡា ឆ្លងមកពីការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុសរីរាង្គរបស់អ្នកជំងឺ ដែលចេញរោគសញ្ញាជាមធ្យមចាប់ពី ៨ ទៅ ១០ ថ្ងៃ បន្ទាប់ពីការប៉ះពាល់អ្នកជំងឺ។ រោគសញ្ញានៃជំងឺអេបូឡារួមមាន គ្រុនក្តៅ ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល និងឈឺបំពង់ក និងវិវត្តិទៅជាហូរឈាមធ្ងន់ធ្ងរ ខ្សោយតម្រងនោម និងខ្សោយសរីរាង្គដទៃទៀត។ 

ក្រសួងសុខាភិបាល បញ្ជាក់ថា ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡាដែលអាចបណ្តាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់ ៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។ វីរុសនេះត្រូវបានគេរកឃើញក្នុងឆ្នាំ ១៩៧៦ នៅប្រទេសកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក៕

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2564}" data-page="1" data-max-pages="1" data-start="1" data-end="1">