លោក កឹម សុខា មិនទាន់សម្រេចប្ដឹងទៅតុលាការកំពូលនៅឡើយ ប៉ុន្តែស្នើសុំតុលាការជួបមុខម្ដាយជរាជាលើកចុងក្រោយ។នេះបើតាមការបញ្ជាក់របស់មេធាវីរបស់លោក កឹម សុខាគឺលោកមេធាវីផែងហេង ដែលថ្លែងប្រាប់ប្រជាកាសែតនៅថ្ងៃទី១៩ខែឧសភា២០២៦។
មេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោក ផែង ហេង ថ្លែងបញ្ជាក់ប្រាប់ប្រជាកាសែតថា ក្រោយការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញរួចមក កូនក្ដីរបស់លោកនៅពេលនេះ មិនទាន់សម្រេចចិត្តថា ប្ដឹងសាទុក្ខទៅតុលាការកំពូល ឬយ៉ាងណានៅឡើយទេ។
នៅពេលប្រជាកាសែតសួរសំណួរថា ៖«តើលោកកឹមសុខានឹងប្ដឹងបន្តទៀតឬយ៉ាងណា? លោកផែងហេងឆ្លើយជាភាសាអង់គ្លេសថា មិនទាន់នៅឡើយទេ។គាត់កំពុងបារម្ភពីស្ថានភាពជំងឺម្ដាយជរារបស់គាត់»។
បើតាមការសរសេររៀបរាប់លើហ្វេសប៊ុក លោក ផែង ហេង ថា៖«លោក កឹម សុខា បានស្នើសុំព្រះរាជអាជ្ញាក្រុងភ្នំពេញ ដើម្បីបានទៅជួបមុខម្ដាយលើកចុងក្រោយ ខណៈគិតត្រឹមរសៀលថ្ងៃអង្គារនេះ តំណាងអយ្យការនៅមិនទាន់ឆ្លើយតបនៅឡើយទេ»។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចកម្កល់សាលក្រមតុលាការជាន់ទាបដែលកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ រួមទាំងបន្ថែមនូវការហាមឃាត់លោកមិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ ក្រោយលោកអនុវត្តទោសចប់។
អ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកវិភាគសង្គម ទទូចឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិក្នុងកាលៈទេសៈដែលជាតិស្ថិតក្រោមការឈ្លានពានពីសត្រូវដើម្បីជំរុញឱ្យមានឯកភាពជាតិ និងរួមគ្នាស្វែងរកដំណោះស្រាយ។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ស្ថានភាពជាតិនៅពេលនេះ គឺទាមទារឱ្យមានការឯកភាពគ្នារវាងអ្នកនយោបាយដែលមានឧត្តមគតិ និងយល់ដឹងពីគ្រោះថ្នាក់របស់ជាតិ ដើម្បីប្រឆាំងនឹងសត្រូវ ឬការគំរាមកំហែងណាមួយ។
លោក និយាយថា៖ «ឯកភាពជាតិនេះ ឱ្យយើងមកចាប់អារម្មណ៍ទទួលខុសត្រូវលើវិបត្តិព្រំដែនទាំងអស់គ្នា មិនមានក្រុមណាមួយ គណបក្សនយោបាយណាមួយទទួលខុសត្រូវម្នាក់ឯងទេ។ ចឹងកាលណាមានឯកភាពជាតិគឺខ្មែរមានសំឡេងតែមួយ ហើយយើងក៏ទទួលខុសត្រូវរួមជាមួយគ្នាដើរទៅជាមួយគ្នានូវអ្វីដែលជាឧបសគ្គដោះស្រាយទាំងអស់គ្នា»។
ចំណែកសមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែរលោក គង់ មុនីកា យល់ថាការដោះលែងលោក កឹម សុខា នឹងទទួលបានការជួយជ្រុមជ្រែងពីសំណាក់រដ្ឋាភិបាលប្រទេសសេរី ដែលនិយមលទ្ធិប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងជំនួយ រួមទាំងការឈានទៅដោះស្រាយបញ្ហាព្រំដែនទៀតផង។
លោក និយាយថា៖ «ព្រោះថាបើមានការដោះស្រាយ ឬទម្លាក់បទចោទប្រកាន់លោក កឹម សុខា នោះស្ថានភាពនយោបាយរបស់កម្ពុជា អាចហ្នឹងមានការប្រែប្រួលដោយសារ បណ្ដាប្រទេសធំៗដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យប្រកដជាអបអរសាទរកម្ពុជា អបអរសាទររដ្ឋាភិបាលកម្ពុជា ហើយប្រាកដជានឹងមកជួយផ្ដល់ជំនួយ គ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីជួយដល់កម្ពុជាក្នុងការឈានទៅដោះស្រាយ បញ្ហាសេដ្ឋកិច្ច ការលុបបំបាត់អំពើពុករលួយ បញ្ហាព្រំដែនជាដើម»។
រីឯអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ជា ធារ៉ា មានប្រសាសន៍ថា បក្សមូលដ្ឋានមានការសោកស្ដាយចំពោះសាលាឧទ្ធរណ៍ភ្នំពេញដែលតម្កល់សាលក្រមផ្ដន្ទាទោសលោក កឹម សុខា ដែលផ្ទុយពីការរំពឹងទុករបស់បក្សលោកថា សេរីភាពរបស់លោក សុខា នឹងកើតមានឡើងតាមរយៈសាលដីកានេះ។
លោក បន្ថែមថា លោកចង់ឃើញមានការទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា តាមយន្តការតុលាការ ឬការលើកលែងទោសពីព្រះមហាក្សត្រតាមរយៈការស្នើសុំពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីឱ្យសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពរស់រវើក។
លោក និយាយថា៖ «យើងចង់ឃើញមានការទម្លាក់ចោលនូវបទចោទ តាមប្រព័ន្ធយុត្តិធម៌ ហើយទី២ យើងចង់បាននូវការលើកលែងទោស តាមរយៈយន្តការសន្ទនា ឬក៏មួយវិញទៀតយើងចង់បានការដោះស្រាយគ្នានៅក្នុងនាមជាខ្មែរដូចគ្នា ក្នុងនាមជាអ្នកដែលស្រឡាញ់ប្រទេសជាតិដូចគ្នា គ្រាន់តែមានគំនិតនិងទស្សនៈផ្ទុយគ្នាក៏ពិតមែន។ ដូចជាការស្នើទៅព្រះមហាក្សត្រជាដើម ដើម្បីសុំការលើកលែងទោសជាពិសេសនៅបុណ្យជាតិផ្សេងៗជាដើម»។
គួររំលឹកផងដែរថា លោក កឹម សុខា អាយុ៧៣ឆ្នាំ ត្រូវតុលាការចោទពីបទសន្និដ្ឋិភាពជាមួយបរទេសកាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយរងការចោទប្រកាន់ថា បានគប់គិតជាមួយសហរដ្ឋអាមេរិក ដែលហៅថា បដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
សាលាដំបូងរាជធានីភ្នំពេញ នៅឆ្នាំ២០២៣ បានសម្រេចផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ និងហាមឃាត់មិនឲ្យធ្វើនយោបាយអស់មួយជីវិត។ លោកក៏ត្រូវបានហាមឃាត់មិនឱ្យទាក់ទងជាមួយនរណាម្នាក់ ដោយគ្មានការអនុញ្ញាតពីតុលាការឡើយ ក្រៅពីសមាជិកគ្រួសាររបស់លោក៕







