លោក កឹម សុខា ជួបសួរសុខទុក្ខម្ដាយកំពុងឈឺធ្ងន់ រយៈពេល១ម៉ោង ក្នុងបុរីមួយកន្លែង នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា។ នេះបើតាមការសរសេរលើហ្វេសប៊ុករបស់អ្នកស្រីមេធាវី ម៉េង សុភារី ដែលការពារក្ដីឱ្យ លោក កឹម សុខានិងប្រភពអ្នកគាំទ្រលោកកឹមសុខា។
បើតាមអ្នកស្រី សុភារី ឱ្យដឹងថា លោក កឹម សុខា ត្រូវបានបញ្ជូនទៅកាន់ផ្ទះវិញ នៅខណ្ឌទួលគោក រាជធានីភ្នំពេញក្រោយសួរសុខទុក្ខម្ដាយបានរយៈពេល៦០នាទី ក្រោមការឃ្លាំមើលពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ក្នុងវីដេអូដែលបានផ្សាយលើបណ្ដាញសង្គម គេឃើញលោកកឹម សុខា ចុះពីឡានរបស់សមត្ថកិច្ចនគរបាល ហើយដើរចូលក្នុងផ្ទះទៅមើលម្ដាយ។ លោកសុខាបានឱបម្ដាយជរាហើយស្រែកហៅម្ដាយ ដែលម្ដាយរបស់គាត់កាន់តែខ្សោយទៅហើយនោះ។
ក្នុងវីដេអូខ្លីមួយរយៈពេល២៩វិនាទី លោក កឹម សុខា បានយកដៃម្ដាយដែលទន់ទៅហើយនោះយកមកប៉ះថ្ពាល់គាត់។ លោកសុខានិយាយថា៖«ម៉ែធ្លាប់ធ្វើ(កាន់)ធម៌ ម៉ែដឹងហើយថា កូនមិនដែលធ្លាប់បៀតបៀនអ្នកណាឡើយ រួចបើអ្នកណាបៀតបៀនកូន ទៅតាមកម្មរបស់គេចុះ យើងអត់មានធ្វើអីគេទេណាម៉ែ»។
ចំណែកមេធាវីការពារក្ដីឱ្យលោក សុខា គឺលោក ផែង ហេង បញ្ជាក់ប្រាប់ប្រជាកាសែតថា នៅយប់ថ្ងៃទី១៩ ខែឧសភា ព្រះរាជអាជ្ញា បានយល់ព្រមឱ្យកូនក្ដីរបស់លោក ចាកចេញពីផ្ទះដែលជាទីឃុំខ្លួន ទៅជួបសួរសុខទុក្ខម្ដាយកំពុងឈឺធ្ងន់ តាមការស្នើសុំរបស់លោក សុខា ។
លោក និយាយថា៖ «[ស្នើសុំ] ព្រឹកម្សិលមិញ (ថ្ងៃទី១៩ ខែឧសភា) តែទើបបានអនុញ្ញាតយប់ និង នរគបាល ជូនមកព្រឹកនេះ (ថ្ងៃទី២០ ខែឧសភា)»។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចកម្កល់សាលក្រមតុលាការជាន់ទាបដែលកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ រួមទាំងបន្ថែមនូវការហាមឃាត់លោកមិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ ក្រោយលោកអនុវត្តទោសចប់។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា ការអនុញ្ញាតឱ្យលោក កឹម សុខា បានជួបម្ដាយ ជាការចង្អុលបង្ហាញថា អ្នកដឹកនាំនយោបាយនៅតែមានបេះដូងក្នុងការផ្សះផ្សាដែលករណីតូចតាចនេះ នឹងនាំមកនូវការរួបរួមជាតិពិតប្រាកដផងដែរ។
លោក និយាយថា៖ «ខ្ញុំគិតថា នេះជាកាយវិការមួយដែលបង្ហាញថាអ្នកដឹកនាំយើងអាចនៅមានបេះដូង អាចភ្ជាប់គ្នាបាន អាចតគ្នាវិញបាន។ បើយើងមើលពីក្រោយទៅហាក់ដូចជាពិបាកនិយាយគ្នា តែចំណុចទាំងអស់ហ្នឹងខ្ញុំគិតថារឿងបន្តិចៗដែលនាំមកការផ្សះផ្សាជាតិពិតប្រាកដ»៕







