ក្រសួងសុខាភិបាលណែនាំវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភទេ NB.1.8.1 បន្ទាប់ពីរកឃើញមានការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយចំនួនលើពិភពលោក ជាពិសេសនៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ប្រទេសមួយចំនួនលើពិភពលោក ដែលកំពុងមានការឆ្លងរាលដាលនៃវីរុសនេះមានដូចជា សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងទីក្រុងហុងកុង។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្ននេះមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា វីរុសប្រភេទ NB.1.8.1 អាចបង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងវីរុសអូមីក្រុង ដែលបានឆ្លងរាលដាលពីមុននោះទេ។
ក្រសួងបន្តថា ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។ ដោយឡែក ចាប់តាំងពីដើមឆ្នាំ២០២៦ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ក៏បានរកឃើញករណីវិជ្ជមាន ១ករណី នៃវីរុសបំប្លែងថ្មីនេះ កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យផងដែរ។
ក្រសួងសុខាភិបាល រំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លងគឺត្រូវពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហើយត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាមបិទជិត។
ក្រៅពីនេះ ក្រសួងក៏ណែនាំឱ្យអ្នកមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម ទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជម្រុញ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ដើម្បីបង្ការការឆ្លងកូវីដ-១៩ គ្រប់ទម្រង់។
គួរបញ្ចាក់ថា វីរុសបំប្លែងថ្មី NB.1.8.1 គឺជាប្រភេទវីរុសដែលវិវត្តចេញពីវីរុសអូមីក្រុង (Omicron) សែស្រឡាយ JN.1។ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេតឃើញការកើនឡើងយ៉ាងឆាប់រហ័សពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេសនៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។
គួររម្លឹកដែរថា ជំងឺកូវីដ-១៩ បានសម្លាប់ពលរដ្ឋកម្ពុជាសរុបចំនួន៣០១៥នាក់៕







