បក្សក្រៅរដ្ឋាភិបាលសាទរបន្តបន្ទាប់គ្នាចំពោះការលើកលែងទោសលោក កឹម សុខា

នយោបាយ

(អតីតប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោក កឹម សុខា កំពុងសំពះព្រះសង្ឃធ្វើសង្ឃទានជូនម្ដាយដែលជារាព្យាធិ)។ រូបផ្សាយតាមបណ្ដាញសង្គម)។

គណបក្សក្រៅរដ្ឋាភិបាល រួមមានបក្សភ្លើងទៀន ឆន្ទៈខ្មែរ និងបក្សប្រជាធិបតេយ្យជឿន​លឿនជាដើមសាទរបន្តបន្ទាប់គ្នាចំពោះការលើកលែងទោសអតីតប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោក កឹម សុខា ដោយពួកគេយល់ថាការនេះនឹងនាំទៅរកឯកភាពជាតិ។

កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្ដីទីលោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ លើកលែងទោសអតីតប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោក កឹម សុខា ចំពោះទោសជាប់ពន្ធនាគារ២៧ឆ្នាំ ដោយរក្សានូវទោសបន្ថែមដដែល។ ទោសបន្ថែមនោះរួមមាន ការហាមធ្វើនយោបាយ និងហាមចេញក្រៅប្រទេស។

តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ គណបក្សភ្លើងទៀន និងគណ​បក្សឆន្ទៈខ្មែរ សាទរការលើកលែងទោសលោក កឹម សុខា និងថាការនេះស្របតាមបំណងពលរដ្ឋខ្មែរ ហើយជាការបន្ថយភាពតានតឹងផ្នែកនយោបាយ ព្រមទាំងជាការផ្សះផ្សាជាតិពិតប្រាកដ។

សេចក្តីថ្លែងការណ៍បន្ត៖ «គណបក្សភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ សង្ឃឹមថា ការលើកលែងទោសនេះនឹងក្លាយជា ចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់ការបើកលំហប្រជាធិបតេយ្យ ការស្ដារឡើងវិញនូវសិទ្ធិសេរីភាពនយោបាយ ការគោរពពហុនិយម និងការផ្សះផ្សាជាតិដោយសន្តិវិធី»។

តែយ៉ាងណាបក្សក្រៅរដ្ឋាភិបាលទាំងពីរបង្ហាញក្ដីបារម្ភ ព្រោះថាលោក កឹម សុខា មិនអាចធ្វើនយោបាយបាន។

សេចក្តីថ្លែងការណ៍បន្ថែមថា៖ «យើងនៅតែមានក្តីព្រួយបារម្ភ ដែលលោក កឹម សុខា នៅតែត្រូវបានដកហូត សិទ្ធិនយោបាយ និងមិនអាចចូលរួមក្នុងសកម្មភាពនយោបាយបានដូចប្រជាពលរដ្ឋខ្មែរទូទៅ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។

ចំណែកឯគណបក្សប្រជាធិបតេយ្យជឿនលឿនក៏សាទរចំពោះការលើកលែងទោសលោក កឹម សុខា ដូចគ្នា ដោយបានចេញសេចក្ដីថ្លែងការភ្លាមៗក្រោយពីមានព្រះរាជក្រឹត្យលើកលែងទោសនេះ។ បក្សក្រៅរដ្ឋាភិបាលមួយនេះយល់ថា វាជាសញ្ញាឈានដល់ការឯកភាពជាតិខ្មែរ។

សេចក្ដីថ្លែងការបន្ត៖ «គណបក្សប្រជាធិបតេយ្យជឿនលឿន យល់ឃើញថា ករណីនេះនឹងអាចនាំមកនូវការរួបរួមជាតិ ឯកភាពជាតិ សាមគ្គីជាតិ រវាងខ្មែរ និងខ្មែរ ដើម្បីដោះស្រាយបញ្ហាជាតិជាបន្ទាន់ ដែលក្នុងបរិបទបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង កំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាឈ្លានពានរបស់បរទេស បញ្ហាឧក្រឹដ្ឋកម្មឆបោកអនឡាញ និង បញ្ហាជីវភាពប្រជាពលរដ្ឋជាដើម»។

មិនខុសពីគណបក្សក្រៅរដ្ឋាភិបាលខាងលើ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏សាទរនឹងការលើកលែងទោសលោក កឹម សុខា ដែរ តែបក្សមួយនេះចង់ឱ្យមានការលើកលែងទោសបន្ថែមចំពោះលោក កឹម សុខា។

សេចក្តីថ្លែងការណ៍បន្ត៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវឱ្យមានការបន្តលើកលែងទោសបន្ថែមឱ្យ លោក កឹម សុខា»។

ជាមួយគ្នានេះ ទាំងគណបក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ បក្សប្រជាធិបតេយ្យជឿនលឿន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុទ្ធតែចង់ឱ្យរាជរដ្ឋាភិបាលលើកលែងទោសសកម្មជននយោបាយ ដីធ្លី សិទ្ធិមនុស្ស ព្រមទាំងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំឱ្យមានសេរីភាព ដើម្បីឱ្យគ្រប់ភាគីទាំងអស់អាចរួមគ្នាដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ និងរួបរួមជាតិខ្មែរ។

អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត លោក គីមសួរ ភីរិទ្ធ និយាយថា វាគួរតែមានការលើកលែងទោសទាំងស្រុងចំពោះលោក កឹម សុខា ដើម្បីឱ្យគាត់មានសិទ្ធិជាពលរដ្ឋខ្មែរពេញលេញ ព្រមទាំងបង្ហាញថាកម្ពុជាជាប្រទេសដែលប្រកាន់យកច្បាប់។

លោកថា៖ «ទី១វាបង្ហាញថាយើងជាប្រទេសដែលប្រកាន់នីតិរដ្ឋ[…]ទី២វាបង្ហាញពីការលើកតម្កើននៃសិទ្ធិនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស»។

ក្រឡេកទៅគណបក្សកម្លាំងជាតិវិញ ក្រោយមានការលើកលែងទោសលោក កឹម សុខា រហូតដល់រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បក្សក្រៅរដ្ឋាភិបាលមួយនេះមិនបានបញ្ចេញជំហរនយោបាយផ្លូវការ យ៉ាងណានោះទេ។

តែយ៉ាងណាទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់ប្រជាកាសែតថា ក្នុងមានគណបក្សគឺសាទរចំពោះការលើកលែងទោសជាប់ពន្ធនាគាររបស់លោក កឹម សុខា តែវាហាក់នៅតែដាក់បន្ទុកចំពោះអ្នកនយោបាយចាស់វស្សា ដែលហាមគាត់មិនឱ្យធ្វើនយោបាយ។

លោកថា៖ «យើងឃើញថា ការលើកលែងទោសចំពោះលោក កឹម សុខា យើងឃើញថានៅតែដាក់បន្ទុកដល់គាត់ ថ្វីត្បឹតតែមានការលើកលែងមិនឱ្យជាប់ពន្ធនាគារ តែនៅមាត្រា២ចងគាត់ដដែល អ៊ីចឹងគាត់មិនមានសិទ្ធិបោះឆ្នោត មិនមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ហើយមិនមានសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងៗ។ លើសពីហ្នឹង យើងឃើញថា មិនបានសិទ្ធិចេញទៅក្រៅស្រុកបន្ថែមទៀត»។

លោក រ៉ុង ឈុន ថាគណបក្សកម្លាំងជាតិចង់ឱ្យមានឃើញលោក កឹម សុខា មានសិទ្ធិសេរីភាពពេញលេញដូចប្រជាពលរដ្ឋទូទៅ។

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ប៉ូលិសបានយកដីកាតុលាការ ដែលបញ្ជាក់ពីការមានសេរីភាពវិញជូនអតីតប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោក កឹម សុខា ទៅដល់គេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក រាធានីភ្នំពេញ ។

ក្រោយទទួលបានសេរីភាព អតីតថ្នាក់ដឹកនាំបក្សប្រឆាំងរូបនេះថា លោកចង់រក្សាភាព់ស្ងៀមស្ងាត់។លោកមានប្រសាសន៍ថា៖ «ខ្ញុំរក្សាភាពស្ងប់ស្ងាត់ ដោយសារខ្ញុំមានទុក្ខធំ ម្ដាយឈឺ[…]ទី២ខ្ញុំនឹងទៅបួសសងគុណម្ដាយ»។

ក្រឡេកទៅមើលបក្សកាន់អំណាចវិញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ថាការដែលលោក កឹម សុខា មានសេរីភាពឡើងវិញនោះលោកអាចបំពេញនូវភាពកតញ្ញូចំពោះម្ដាយ។

លោកថា៖ «ក្នុងនាមគណបក្សប្រជាជនយើងសាទរចំពោះសេរីភាពមានឱកាសនៅក្នុងការជួបជុំជាមួយនឹងម្ដាយ អាចថែម្ដាយដែលកំពុងមានជំងឺនៅក្នុងដំណាក់កាលចុងក្រោយ[…]លោក កឹម សុខា បានបំពេញនូវភាពកតញ្ញូក្នុងដំណាក់កាលចុងក្រោយនៃម្ដាយរបស់គាត់។ ហើយវាក៏បានបង្ហាញដែរពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគុណធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលោកជាអ្នកស្នើទៅព្រះកូណាដើម្បីឱ្យមានការលើកលែងទោសដល់លោក កឹម សុខា»។

លោក ជា ធីរិទ្ធ យល់ថា នេះជាសញ្ញាបញ្ជាក់ពីការពង្រឹងសាមគ្គីភាព និងការរួបរួមគ្នារបស់ខ្មែរ។

ជុំវិញករណីនេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ក៏សាទរចំពោះការលើកលែងទោសលោក កឹម សុខា តែការនេះលោកថាវាមិនទាន់ផ្ដល់នូវសញ្ញាវិជ្ជមានទាំងស្រុងនោះទេ ខណៈពេលដែលលោក កឹម សុខា ត្រូវដកហូតសិទ្ធិនយោបាយអស់មួយជីវិត។

លោកថា៖ «យើងសាទរហើយសម្រាប់លោក កឹម សុខា នៅក្រៅឃុំ ប៉ុន្តែគាត់មិនមានសិទ្ធិធ្វើនយោបាយ អ្នកនយោបាយហើយមិនមានសិទ្ធិធ្វើនយោបាយ វាពិបាកដែរបើនិយាយធៀបជាមួយពលរដ្ឋសាមញ្ញ វាបាត់សិទ្ធិៗពលរដ្ឋ។ អ៊ីចឹងនៅក្នុងស្ថានការណ៍ហ្នឹង យើងមិនទាន់ឃើញមានលក្ខណៈវិជ្ជមានទាំងស្រុង»។

លោក ឯម សុវណ្ណារ៉ា យល់ថា ការដែលលើកលែងទោសលោក កឹម សុខា តាមរយៈព្រះរាជក្រឹត្យនោះ វាមិនមានន័យថា ជាការទម្លាក់បទចោទ រឿងផ្សំគំនិតជាមួយបរទេសនោះទេ។ លោកចង់ឱ្យកម្ពុជាដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យបរទេសអាចស្ទាក់ស្ទើរចំពោះការភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា។

លោកបន្ថែមថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាត្រូវការប្រទេសច្រើនណាស់ដើម្បីជ្រោមជ្រែង ជាពិសេសនៅក្នុងជម្លោះកម្ពុជាថៃរឿងព្រំដែន។ ប្រសិនបើយើងមិនទាន់បានកសាងពីតម្លៃ ឬក៏ហៅថាលាងសម្អាត ឬក៏បង្ហាញភាពស្មោះត្រង់ទេ វានៅដាក់បន្ទុកដដែលទេ អ៊ីចឹងបរទេសក៏មានថារារែក ឬក៏អល់អែកដែរនៅក្នុងការកសាងទំនាក់ទំនងជាមួយកម្ពុជាដូចមុនឆ្នាំ២០២៧»។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ ឬបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដកហូតសិទ្ធិធ្វើនយោបាយ។ លោកត្រូវបានតុលាការដាក់ឱ្យស្ថិតជាប់ឃុំនៅក្នុងផ្ទះដោយមិនអនុញ្ញាតឱ្យជួបនឹងអ្នកនយោបាយ ឬភ្ញៀវបរទេសណាឡើយ។ សាលាឧទ្ធរណ៍ភ្នំពេញកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានសម្រេចកម្កល់សាលក្រមសា​លា​ដំបីងរាជធានីភ្នំពេញព្រមទាំងបន្ថែមទោស ហាមឃាត់លោកមិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ ក្រោយលោកទទួលទោសចប់៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2649}" data-page="1" data-max-pages="1" data-start="1" data-end="1">