រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តលើកកម្ពស់សិទ្ធកុមារជាមូលដ្ឋាន និងបង្ហាញការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ដែលរងការគម្រាមកំហែង កង្វះអាហារូបត្ថម្ភ និងកង្វះការអប់រំ ជាពិសេសកុមារភៀសសឹករងគ្រោះបណ្ដាលពីជម្លោះព្រំដែន។ នេះបើតាមសារលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាកុមារអន្តរជាតិ លើកទី៧៧។
សារលិខិតនេះ លើកឡើងពីវិស័យអប់រំជាវិស័យអាទិភាពមួយ ដើម្បីធានាថាកុមារអាចទទួលបានការបណ្ដុះបណ្ដាល និងការអប់រំថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងកាត់បន្ថយ ភាពក្រីក្រឱ្យបានជាអតិបរមា។
សារលិខិតសរសេរថា៖ «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើក កម្ពស់សិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារ ដោយចាត់វិធានការអន្តរាគមន៍គ្រប់មធ្យោបាយ ទ្រទ្រង់ សភាពការណ៍ស្ថិតក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីធានា ឱ្យកុមារ ក្រុមគ្រួសារ ប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាសហគមន៍ទាំងមូល ទទួលបាននូវគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពពេញលេញ»។
សារលិខិតបន្ថែមថា៖ «លើសពីនេះទៀត រាជរដ្ឋាភិបាលតែងតែ យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការសង្គ្រោះ បន្ទាន់ដល់កុមារ និងគ្រួសារភៀសសឹក ដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនមានពិការភាព ទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាព និងកុមារអាចបន្ត ការសិក្សារៀនសូត្រ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ»។
រដ្ឋាភិបាលណែនាំឱ្យភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកុមារ និងមានការចូលរួមមតិយោបល់ពីកុមារ រាល់ពេលកសាងច្បាប់ គោលនយោបាយនានាដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់កុមារ។
ពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី នង ពៅ និយាយថាអ្នកស្រីបានផ្លាស់មកនៅផ្ទះបណ្ដោះអាសន្នដែលរដ្ឋាភិបាលសាងសង់ឱ្យនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្តាយមានជ័យ តាំងបីខែមេសា ឆ្នាំ២០២៦ ក្រោយស្នាក់នៅជំរុំភៀសសឹកតាំងពីខែកក្កដា ឆ្នាំ២០២៥។ អ្នកស្រីថា អ្នកស្រីមានកូនពីរនាក់ ម្នាក់រៀនថ្នាក់ទី៣ និងម្នាក់ទៀតរៀនថ្នាក់ទី៦ ដោយពួកគេរៀននៅសាលាដែលកសាងនៅក្បែរនោះ។ អ្នកស្រីរំឮកថា កាលពីក្រុមគ្រួសារអ្នកស្រីស្នាក់នៅជំរុំភៀសសឹក កូនៗរបស់អ្នកស្រីរៀនជាលក្ខណៈប្រមូលផ្ដុំ ដោយមានគ្រូស្ម័គ្រចិត្តចុះមកបង្រៀនប៉ុណ្ណោះ។
អ្នកស្រីថា៖ «នៅនេះគេធ្វើសាលាតើ។ សាលាទើបធ្វើនៅជំរុំភៀសសឹកនេះឯងអូន។ មានគ្រូមានអីបង្រៀន ហើយដូចថាមានក្មេងទៅរៀនអីចឹងចែកសៀវភៅឱ្យក្មេងអីចឹងទៅអត់អីទេ មានទឹកដោះគោ មានអីដែរ។ កាលមុននឹងរៀនក៏រៀនរត់ក៏រត់អូន។ ពេលណាផ្អើលខ្លាំងក៏ឈប់ ពេលណានេះក៏រៀនធម្មតាទៅ។ ធ្វើតង់ធ្វើអីរៀនធម្មតាហ្នឹង»។
អ្នកស្រីបន្ថែមថា៖ «សម្រួលជីវភាពបានបន្តិចបន្ទូចបានតែទិញម្ហូបហូបនឹងអូន។ ឥឡូវនៅនេះអត់មានរកអីបានអីចឹងបានណា។ អត់មានអ្នកណាធ្វើអីបាន អីចឹងទៅយើងអ្នកលក់ក៏លក់អត់បាន។ អ្នកខ្លះដាច់អង្ករហូបបណ្ដើរៗហើយ»។
លរដ្ឋភៀសសឹកមកពីភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ អ្នកស្រីគង់ ចន្ថា និយាយថា អ្នកស្រីរស់នៅក្នុងជំរុំភៀកសឹកវត្តគោកមន ស្ថិតនៅភូមិគោកមន ស្រុកបន្ទាយអំពិល ដោយមិនទាន់ទទួលបានផ្ទះបណ្ដោះអាសន្នសម្រាប់ស្នាក់នៅឡើយ។ អ្នកស្រីមានកូនពីរនាក់រៀន ម្នាក់រៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យក្បែរនោះ ម្នាក់ទៀតរៀនថ្នាក់ទី៣ តាមសាលាជំរុំភៀសសឹក។ អ្នកស្រីត្អូញត្អែរថា ការរស់នៅក្នុងតង់អាចធ្វើឱ្យកូនរបស់អ្នកស្រីងាយនឹងឆ្លងជម្ងឺ និងបញ្ហាជីវភាព ធ្វើឱ្យកូនៗអ្នកស្រីកង្វះអាហារូបត្ថម្ភទៀតផង។
អ្នកស្រីនិយាយថា៖ «នៅក្នុងតង់វានៅតែក្ដៅខ្លាំងបង។ ភ្លៀងម្ដងៗខ្យល់ក៏ខ្យល់ខ្លាំង ទៅពិបាក។ ហើយឥឡូវកូនៗក៏ត្រូវការលុយ។ ប្ដីខ្ញុំទាហានបង។ កុំបានប្ដីទាហានដឹងបានលុយបានកាក់អីឯណាទេបង។ […] បើមានគេឧបត្ថម្ភខ្លះល្អហ្នឹងហើយបង ព្រោះយើងមានការខ្វះខាតដែរ»។
អ្នកស្រីបន្ថែមថា៖ «និយាយរួមទៅកូនបងខ្ញុំរៀននៅអនុវិទ្យាល័យជិតជំរុំទេ បើកូនខ្ញុំទី២នោះគ្រូៗនោះគេតាមបង្រៀនដល់ជំរុំ។ គ្រូៗគេដាក់វេនគ្នាបង្រៀនតាមធម្មតាហ្នឹង»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ឃើញថាការបង្កើតប្រព័ន្ធគាំពាសង្គមសម្រាប់ជួយលើកកម្ពស់កុមារ ជាពិសេសកុមារដែលងាយនឹងប្រឈមនឹងបញ្ហាក្នុងជំរុំភៀសសឹកជារឿងចាំបាច់ និងបន្ទាន់។ លោកថា រដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់និងបង្ហាញឆន្ទៈយ៉ាងមោះមុតលើការអប់រំរបស់កុមារ ដើម្បីឱ្យពួកគេក្លាយជាធនធានដ៏មានសក្តានុពល ។
លោកថា៖ «ការពង្រឹងប្រព័ន្ធគាំពារសង្គមដើម្បីកុមារវាជារឿងចាំបាច់ ហើយជារឿងបន្ទាន់បំផុតដែលត្រូវធ្វើនាពេលបច្ចុប្បន្ននេះ។ មិនត្រឹមតែប្រព័ន្ធការពារសង្គមទេគឺត្រូវតែគិតទៅដល់វិស័យផ្សេងៗទៀត ដើម្បីគាំទ្រ និងជួយជ្រោមជ្រែងឱ្យកុមារមានអនាគតភ្លឺស្វាង រួមទាំងការអប់រំការបណ្ដុះបណ្ដាលផ្សេងៗ អាហារូបត្ថម្ភអីផ្សេងៗ គឺធ្វើយ៉ាងណាឱ្យការលើកស្ទួយសិទ្ធទាំង៤របស់កុមារ»។
លោកបន្ថែមថា៖ «យើងត្រូវតែមានឆន្ទៈមោះមុត ប្រាកដច្បាស់លាស់នៅក្នុងការធ្វើឱ្យសម្រេចបាននូវផែនការនេះបាទ។បើសិនការធ្វើនេះយើងគ្រាន់តែជាការគូសវាស ហើយមិនចេញជាសកម្មភាព មិនបានធ្វើឱ្យកើតចេញជាលទ្ធផល នោះយើងនឹងធ្វើឱ្យកុមារជាច្រើនដែលជាកុមារភៀសសឹកហ្នឹងទទួលរងគ្រោះ»។
ទាក់ទិននឹងសុខុមាលភាពកុមារ ប្រធានអង្គការភ្លែនអន្តរជាតិកម្ពុជា លោក យី គឺមថាន លើកឡើងថា កុមារជាជនភៀកសឹកត្រូវការការគាំពាច្រើនពីរដ្ឋាភិបាល ជាពិសេសរូបភាពនៃការរត់គេចខ្លួនពេលមានជម្លោះប្រដាប់អាវុធអាចធ្វើឱ្យពួកគេនៅតក់ស្លុត។ លោកថា ការរស់នៅក្នុងជំរុំភៀសសឹកធ្វើឱ្យកុមារប្រឈមច្រើនជាមួយនឹងកង្វះអនាម័យ អាហារូបត្ថម្ភ និងជម្ងឺ ក៏ដូចជាអំពើហឹង្សា ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។
លោកមានប្រសាសន៍ថា៖ «ការមករស់នៅក្នុងជំរុំគឺអ្វីដែលយើងសង្កេតគឺទាក់ទងជាមួយរឿងអំពើហឹង្សា ឬក៏វិបត្តិផ្លួវចិត្តរបស់គាត់ដូចជាផ្លូវចិត្តរបស់កុមារ ដូចខ្ញុំបានបញ្ជាក់ចឹងកុមារទទួលបានការរៀនសូត្រនៅសាលា ហើយឥឡូវគាត់មករៀនសាលាបណ្ដោះអាសន្ន។ ការរស់នៅជំរុំ ក្នុងតង់អីវាចង្អៀត ក្ដៅ»។
លោកបន្ថែមថា៖ «អ្វីដែលជាហានិភ័យសម្រាប់កុមារដែលយើងមមើលឃើញដែលគាត់មករស់នៅក្នុងជំរុំហ្នឹង ទាក់ទងទី១ គឺការសិក្សារៀនសូត្ររបស់គាត់។ កុមារស្ថិតក្នុងវ័យមួយសិក្សារអភិវឌ្ឍ ត្រូវការការរៀនសូត្រ ដើម្បីពង្រឹងជំនាញសម្រាប់ជីវិតរបស់ពួកគាត់ដែរ។ អីចឹងទោះបីយើងមានសាលាបណ្ដោះអាសន្នឱ្យគាត់រៀនក៏ដោយក៏មិនអាចរៀនបានពេញលេញ»។
យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១ ខែមីថុនា ឆ្នាំ២០២៦ ជនភៀសសឹកចំនួន ៦សែន២ម៉ឺននាក់ ស្មើនឹង៩៥ភាគរយ បានត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈពលរដ្ឋភៀសសឹកចំនួន២៩.៧៥៦នាក់ទៀត មានស្ត្រី ១៥.៣៨១នាក់ និងកុមារ១០.០២៤នាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញ៕







