កម្ពុជាដាក់ឱ្យប្រើប្រព័ន្ធទូទាត់លុយឆ្លងដែនតាម QR Code ជាមួយឥណ្ឌា

សង្គម

(ពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាកក់កាលទី១ «ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា» នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ (រូបថតពីធនាគារជាំតិនៃកម្ពុជា)។

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់លុយឆ្លងដែនតាមឃ្យូអរកូត(QR Code) ដំណាក់កាលទី១ ជាមួយប្រទេសឥណ្ឌា សម្រាប់ប្រជាជនឥណ្ឌាដែលមកកម្ពុជាអាចទូទាត់លុយតាមប្រព័ន្ធឌីជីថលនៅកម្ពុជា។

ការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់លុយឆ្លងដែនតាមឃ្យូអរកូត(QR Code) នេះ ធ្វើឡើងរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឥណ្ឌា(Reserve Bank of India) និងមានដៃគូសហការ National Payments Corporation of India(NPCI) របស់ឥណ្ឌានិងធនាគារ អេស៊ីលីដា ភីអិលស៊ី។ ប្រព័ន្ធទូទាត់លុយឆ្លងដែនតាម QR Code គឺប្រើតាម UPI និង KHQR។

តាមរយៈទំព័ហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាកក់កាលទី១ «ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា» ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញដោយមានការចូលរួមពីទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជាប្រធានគ្រប់គ្រងទូទៅធនាគារកណ្ដាលឥណ្ឌា លោក Vanlalvawna Bawitlung ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជាជាដើម សរុបប្រមាណ ១៩០ នាក់។

ធនាគារជាតិនៃកម្ពុជាបន្តថា៖ «ដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញនិងសេវាតាមខេអេចឃ្យូអរកូតរបស់អាជីវករប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ស្របពេលដែលកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឥណ្ឌា»។

ទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី បានសរសេរលើគណនីហ្វេសប៊ុករបស់គាត់ថា ប្រទេសកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានអរិយធម៌បុរាណទាំងពីរបានភ្ជាប់ទំនាក់ទំនងគ្នាហើយតាមប្រព័ន្ធទូទាត់លុយដោយឃ្យូអរកូត។

អ្នកស្រីថា៖ «នៅពេលនេះ ប្រទេសដែលមានអរិយធម៌បុរាណទាំងពីរបានភ្ជាប់គ្នាតាមរយៈការទូទាត់លុយតាមឃ្យូអរ (QR Payment) បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងគ្នារាប់ពាន់ឆ្នាំមកហើយតាមរយៈវប្បធម៌ ជំនឿសាសនា និងពាណិជ្ជកម្ម[…]មិនបាច់ប្រើសាច់ប្រាក់សុទ្ធ មិនបាច់តម្រង់ជួរដូរប្រាក់ គ្មានភាពរញ៉េរញ៉ៃ គឺគ្រាន់តែស្កេន និងទូទាត់ប្រាក់ជាការស្រេច»។

គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់ហិរញ្ញវត្ថុនៃធនាគារ អេស៊ីលីដា ភីអិលស៊ី កញ្ញា ម៉ារ អមរា បានប្រាប់ប្រជាកាសែតថា កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រីកវិសាលភាពនៃការទូទាត់ប្រាក់ឌីជីថល រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ព្រមទាំងគាំទ្រវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

កញ្ញាថា៖ «ជួយសម្រួលគាត់[ប្រជាជនឥណ្ឌា]បានច្រើន គាត់មិនមានការបារម្ភរឿងដូរលុយ ឬមួយក៏កាន់[លុយ]ត្រឡប់ទៅវិញទៅមក វាធ្វើឱ្យកាន់តែស្រួល Consumer ក៏ចំណេញ អ្នកប្រើប្រាស់ក៏ចំណេញ និយាយទៅចំណេញទាំងពេលវេលា ចំណេញទាំងគាត់មាន Track[តាមដាន]​ព័ត៌មានក្នុងការប្រើប្រាស់ គាត់មាន Records[កំណត់ត្រា]អីច្បាស់លាស់ស្រួល»។

ជាមួយគ្នានេះ កញ្ញាថាកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់នូវប្រព័ន្ធទូទាត់លុយឆ្លងដែនតាម​ឃ្យូអរកូត(QR Code)ដំណាក់កាលទី២ ដោយរង់ចាំតែការសម្រួលពីអាជ្ញាធរពាក់ព័ន្ធដើម្បីដាក់ឱ្យដំណើរការជាមួយឥណ្ឌា។

ទន្ទឹមនឹងនេះកញ្ញា អមរា ចង់ឱ្យមានការផ្សាយផ្សាយពីប្រព័ន្ធទូទាត់លុយឆ្លងដែនតាមឃ្យូអរកូត(QR Code) ដល់សាធារណជនឱ្យបានទូលំទូលាយ ដើម្បីបំផុសឱ្យពួកគេប្រើប្រាស់ប្រព័ន្ធនេះ។

អាជីវករនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញលោក ស៊ូ បូរី បានប្រាប់ថា លោកមិនសូវមានអតិថិជនជាជនជាតិឥណ្ឌាទិញទំនិញពីលោកទេ គឺយូរៗមានម្នាក់ ឬពីរនាក់ប៉ុណ្ណោះ។ អាជីវករវ័យ ៤៥ឆ្នាំរូបនេះឱ្យដឹងថា ភ្ញៀវជនជាតិឥណ្ឌាភាគច្រើនប្រើប្រាស់ក្រដាសប្រាក់រៀលដើម្បីទិញទំនិញពីលោក។

ជាមួយគ្នានេះលោកគាំទ្រចំពោះការដែលធនាគារជាតិនៃកម្ពុជាដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់លុយឆ្លងដែនតាមឃ្យូអរកូត(KHQR) រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។

លោកថា៖ «បើដាក់អ៊ីចឹងកាន់តែល្អហើយ[…]វាបាញ់លុយវាៗចេញជាលុយខ្មែរមកវិញ ស្កេនអ៊ីចឹងក៏ល្អម្យ៉ាងដែរតើ អ្នកលក់ចូលចិត្ត។ ជួនណាសាសន៍គេមិនដឹងថា ទឹកលុយប៉ុន្មានៗ វាដូរលុយវាទៅបាញ់ទៅជាលុយយើងវិញមក ស្កេនលុយវាតែចេញលុយយើងវិញមក[…]​រដ្ឋាភិបាល​ធ្វើឱ្យយើងប្រើចេះតែប្រើទៅឱ្យតែស្រួល»។

នៅឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៥ ៥៦៩ ៧៥២នាក់ ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌាសរុប ចំនួន ៧១ ០៤៦នាក់ ឬស្មើនឹងប្រមាណ ១,៣ ភាគរយនៃចំនួនភ្ញៀវទេសចរសរុប។ ចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជានៅឆ្នាំ២០២៥ បានថយចុះប្រមាណ ៨,៥ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនភ្ញៀវទេសចរឥណ្ឌាចំនួន ៧៧ ៦៣២នាក់។
ជុំវិញករណីនេះ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាគឺលោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថា ការបង្កើតទំនាក់ទំនងទូទាត់អន្តរជាតិរវាងកម្ពុជានិងឥណ្ឌា វាផ្ដល់នូវអត្ថប្រយោជន៍ចំនួនពីរជាចម្បងគឺ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈប្រព័ន្ធធនាគរ និងការលើកកម្ពស់វិស័យទេសចរណ៍។

លោកថា៖ «ទោះជាភ្ញៀវឥណ្ឌាគាត់មានលុយរបស់គាត់ចាយវាយតិចតួចក្ដី ក៏ប៉ុន្តែចំនួនភ្ញៀវទេសចរមកប្រទេសកម្ពុជាកាន់តែច្រើនកាលណា គឺបានបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ដូច្នេះហើយ ការបង្កលក្ខណៈងាយស្រួលក្នុងការទូទាត់នេះគឺលើកកម្ពស់ឱ្យមានភ្ញៀវទេសចរឥណ្ឌានឹងមកកាន់ប្រទេសកម្ពុជាកាន់តែច្រើនជាងមុន ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌាក៏កាន់តែប្រសើរជាងមុន»។

កន្លងមកកម្ពុជាបានដាក់ឱ្យប្រើប្រព័ន្ធទូទាត់លុយឆ្លងដែនតាមឃ្យូអរកូត(QR Code) ជាមួយប្រទេសជាច្រើនរួមមានប្រទេសចិន(AliPay QR, KHQR) សឹង្ហបុរី(SGQR, KHQR) ឡាវ(SGQR, KHQR) ថៃ(THQR, KHQR) និងប្រទេសម៉ាឡេស៊ី(DuitNow QR, KHQR)​ជាដើម។ កម្ពុជាក៏កំពុងរៀបចំ ប្រព័ន្ធទូទាត់លុយឆ្លងដែនតាមឃ្យូអរកូត(QR Code) ជាមួយប្រទេសហ្វីលីពីន។ នេះបើតាមអ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា(ABC)៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2798}" data-page="1" data-max-pages="1" data-start="1" data-end="1">