វិវាទព្រំដែនកម្ពុជា-ថៃផ្ទុះឡើងជាងមួយឆ្នាំមកហើយ។ គេសង្កេតឃើញថា ទំនិញមានបាកូដ ៨៨៥ ដែលជាលេខសម្គាល់ផលិតផលថៃ ពុំមានតាំងបង្ហាញច្រើនស្អេកស្កះនៅលើធ្នើតាមផ្សារនៅក្នុងប្រទេសកម្ពុជាដូចមុនទៀតទេ ដោយជំនួសមកវិញដោយផលិតផលប្រទេសផ្សេង ជាពិសេស«ផលិតផលខ្មែរ»។
ការផ្លាស់ប្ដូរដ៏ឆាប់រហ័សនេះ កើតចេញពីភាពឈឺចាប់នឹងការឈ្លានពានរបស់ប្រទេសថៃ ដែលជំរុញឱ្យពលរដ្ឋកម្ពុជាពេញមួយប្រទេស បង្កើតចលនាធំៗចំនួនពីរផ្អែកលើស្មារតីជាតិនិយម នោះគឺ «ចលនាពហិការទំនិញថៃ» និង «ចលនាគាំទ្រផលិតផលខ្មែរ»។
ក្នុងរយៈពេលត្រឹមមួយឆ្នាំ ចលនាទាំងពីរនេះ បានជំរុញផលិតផលខ្មែរដែលធ្លាប់តែមានចំណែក២ភាគរយនៅលើទីផ្សារក្នុងស្រុក ឱ្យកើនឡើងដល់៣០ភាគរយ។ មកដល់ចំណុចនេះ អ្នកជំនាញលើកឡើងថា នាវាផលិតផលខ្មែរ ត្រូវតែលើសពីក្ដោងស្មារតីជាតិនិយម ដោយសហគ្រិន អ្នកពាក់ព័ន្ធ និងរដ្ឋាភិបាល ត្រូវមានមហិច្ឆតាបំពេញតម្រូវការក្នុងស្រុកឱ្យគ្រប់ និងនាំស្លាកយីហោផលិតផលខ្មែរចេញទៅកាន់ទីផ្សារសកលបន្ថែមទៀត។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លោក ឆេង គឹមឡុង យល់ឃើញថា វិស័យរដ្ឋ និងឯកជន ត្រូវពួតដៃគ្នាបង្កើនការផលិតឱ្យលើសចំនួនបច្ចុប្បន្នយ៉ាងហោចណាស់ ៤ដងទៀត ទើបអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក។ លោកបន្តថា កំហឹងនិងភាពឈឺចាប់តែមួយមុខ មិនអាចធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនបានឡើយ ដោយលោកបានលើកប្រទេសកូរ៉េខាងត្បូងក្រោយសង្គ្រាមឆ្នាំ១៩៥២ ជាឧទាហរណ៍ ទាក់ទិនស្មារតីជាតិនិយម និងការចាប់ដៃគ្នាកសាងសេដ្ឋកិច្ចជាតិឡើងវិញរហូតងើបចេញពីភាពក្រីក្រ។
លោក ឆេង គឹមឡុង បញ្ជាក់៖«វាជាការចាប់ដៃគ្នារវាងធនាគារ រវាងរដ្ឋាភិបាល រវាងក្រុមឧស្សាហកម្មផលិតទំនិញ ហើយមានអ្នកជំនាញផ្សេងទៀត ផ្នែកវិទ្យាសាស្ត្រម្ហូបអាហារ ខាងស្បៀងអាហារ ហើយបូកនឹងផ្នែកចំណេះជំនាញពាណិជ្ជកម្មក្រៅស្រុក»។
លោកបន្តថា៖«អ៊ីចឹងកំហឹងហ្នឹងវាមួយហើយ តែបើធ្វើត្រឹមតែកំហឹង ក្នុងចំណោមមនុស្សតូចកម្រិតហ្នឹង គឺមិនអាចប្រកួតប្រជែង មិនអាចរីកធំធាត់ខ្លាំងទេ។ ក៏ប៉ុន្តែដូចខ្ញុំថាមុនហ្នឹង បានអាហ្នឹងជាការឈឺចាប់មក ប៉ុន្តែត្រូវធ្វើច្រើនរឿង»។
កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលទំនិញ តាមច្រកព្រំដែនផ្លូវគោកពីប្រទេសថៃ រួមមាន បន្លែ ផ្លែឈើ ឧស្ម័ន និងប្រេងឥន្ធនៈ បន្ទាប់ពីយោធាថៃបានបិទច្រកព្រំដែនដោយឯកតោភាគី។ ក្រៅពីទំនិញដែលបានហាមឃាត់ ផលិតផលថៃផ្សេងទៀត នៅតែអាចនាំចូលមកទីផ្សារកម្ពុជា ដោយផ្អែកលើ គោលការណ៍បើកចំហទីផ្សារ តាមរយៈការនាំចូលតាមផ្លូវទឹក និងច្រកទ្វារទី៣ កាត់តាមប្រទេសឡាវ។
ប៉ុន្តែស្មារតីជាតិនិយម បានធ្វើឱ្យពលរដ្ឋកម្ពុជាពហិការមិនប្រើប្រាស់គ្រប់ផលិតផលទាំងអស់ រហូតដល់ហាងទំនិញយីហោថៃមួយចំនួន ត្រូវបិទទ្វារឬជម្រុះស្លាក ហើយជំនួសមកវិញដោយទំនិញ និងស្លាកយីហោថ្មីរបស់កម្ពុជា។
យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា រយៈពេល៤ខែដើមឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារ បានកើនឡើងជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នំា២០២៥ ដោយទីផ្សារធំនៅតែជាសហរដ្ឋអាមេរិក តាមដោយវៀតណាម ចិន និងបណ្ដាប្រទេសនៅតំបន់អ៊ឺរ៉ុប។ ចំណែក ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ បានធ្លាក់ចុះ ៣៨ភាគរយ មានតម្លៃ៦៩០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានតម្លៃ ១.៤ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលពីថៃមកកម្ពុជាធ្លាក់ចុះ៤១ភាគរយ ឯការនាំចេញពីកម្ពុជាទៅថៃ ធ្លាក់ចុះ២៨ភាគរយ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់ប្រជាកាសែតតាមរយៈសារសំណេរថា រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតផលក្នុងស្រុកជាយូរមកហើយ ពោលគឺមិនមែនទើបតែមួយឆ្នាំចុងក្រោយនេះទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលក្នុងនោះមានយុទ្ធសាស្ត្រជាតិស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការលើកស្ទួយវិស័យកសិកម្មជាដើម។
លោកបន្តថា៖«រយៈពេលចុងក្រោយនេះដែលថៃឈ្លានពានកម្ពុជា គឺជាសារដាស់ស្មារតីកូនខ្មែរឱ្យរឹតតែពង្រឹងខ្លួនឱ្យខ្លាំងឡើងលើគ្រប់វិស័យ ក្នុងនោះវិស័យផលិតកម្មក្នុងស្រុក ខ្មែរគាំទ្រផលិតផលខ្មែរ គឺត្រូវតែបន្តពង្រឹងរហូតដោយមិនភ្លេចខ្លួន។ រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តគ្រប់បែបយ៉ាងហើយ តែទន្ទឹមនឹងនោះ ការចូលរួមរបស់ប្រជាពលរដ្ឋគឺជារឿងសំខាន់មួយទៀតដើម្បីពង្រឹងស្មារតីស្រឡាញ់ជាតិឱ្យបានរឹងមាំ និងយូរអង្វែង មិនមែនតែមួយឆាវទេ»។
ស្របពេលចលនាពហិការនៅតែបន្តយ៉ាងផុសផុល គេនៅតែសង្កេតឃើញមានពលរដ្ឋកម្ពុជាមួយចំនួនទិញទំនិញថៃ ដែលបង្កឱ្យមានការជជែកដេញដោលនៅលើបណ្ដាញសង្គមយ៉ាងក្ដៅគគុកផងដែរ។ លើសពីនេះ មានទំនិញខ្លះត្រូវបានរកឃើញថាលួចនាំចូលតាមច្រកព្រំដែនគោក ជាក់ស្ដែងករណីលួចនាំចូលបារី ស្រា ពងមាន់កូនស៊ីឈ័ន និងផ្លែទុរេនកាលពីថ្មីៗនេះ ដែលធ្វើឱ្យពាណិជ្ជករ និងអ្នកផលិតនៅកម្ពុជា បារម្ភពីការប្រកួតប្រជែងទីផ្សារជាថ្មីម្ដងទៀត។
ត្រង់ចំណុចនេះ បានបង្ហាញថារបត់នៃការចរចូលគន្លងគាំទ្រផលិតផលក្នុងស្រុក ហាក់នៅមានឧបសគ្គរាំងស្ទះ ដោយសារលំហូរផលិតផលក្រៅប្រទេស ការប្រជែងគុណភាព តម្លៃ ការវេចខ្ចប់ ជាពិសេសទំនុកចិត្តលើគុណតម្លៃពិតប្រាកដនៃផលិតផលជាតិ ខណៈដែលម៉ាកយីហោផលិតផលថៃបានជ្រៀតចូលសរសៃឈាមប្រជាជនកម្ពុជាអស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។
សន្ទុះនៃការប្រើប្រាស់ទំនិញថៃ របស់ប្រជាពលរដ្ឋខ្មែរ បានកើតឡើង ចាប់តាំងពីកម្ពុជា ទើបចាកចេញពីរបបខ្មែរក្រហម។ កាលនោះ ពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែនថៃ បាននាំគ្នាប្រកបរបររត់ពន្ធទំនិញដូចជា គ្រឿងទេស បារី ថ្មពិល ឱសថ និងគ្រឿងអេឡិចត្រូនិច ពីទឹកដីថៃយកមកលក់នៅក្នុងស្រុក។ ក្រោយមក ការនាំចូលកាន់តែធំជាងមុន បន្ទាប់ពីក្រុមឈ្មួញ និងក្រុមហ៊ុនខ្មែរមួយចំនួន បានបង្កើតក្រុមហ៊ុន និងស្នើសុំអាជ្ញាបណ្ណ នាំចូល និងចែកចាយទំនិញពីប្រទេសថៃ មានដូចជា សាប៊ូ គ្រឿងសម្អាង ស្រាបៀរ ភេសជ្ជៈ យានជំនិះ គ្រឿងយន្តកសិកម្ម ជី និងថ្នាំកសិកម្ម គ្រឿងសំណង់ ប្រភពថាមពល និងគ្រឿងអេឡិចត្រូនិច ជាដើម។
មានស្រុកកំណើតនៅខេត្តបាត់ដំបង ក្នុងវ័យជាង៣០ឆ្នាំ អ្នកស្រី ចិន សុភាព អះអាងថា គាត់បានធំធាត់ឡើងជាមួយការប្រើប្រាស់ទំនិញថៃរហូតមក ប៉ុន្តែស្មារតីជាតិនិយម បានធ្វើឱ្យអ្នកស្រីងាកមកប្រើប្រាស់ផលិតផលខ្មែរវិញ។ យ៉ាងណាជិតមួយឆ្នាំមកនេះ អ្នកស្រីផ្លាស់ប្ដូរផលិតផលជាច្រើនដង ដោយសារគុណភាពនៅមានកម្រិត ខណៈផលិតផលខ្លះមានតម្លៃខ្ពស់ពេក ឬបន្លំស្លាកយីហោថាជាផលិតផលកម្ពុជាជាដើម។
អ្នកស្រីបន្តថា៖«ចង់ឱ្យអ្នកផលិតរបស់លក់ក្នុងស្រុកហ្នឹង ឱ្យគាត់ផ្ដោតទៅលើគុណភាព ធ្វើម៉េចឱ្យគុណភាពល្អ ឱ្យប្រជាជននៅក្នុងប្រទេស ឱ្យប្រើប្រាស់ឱ្យបានល្អគ្រប់ៗគ្នា ឱ្យដឹងថាផលិតផលហ្នឹងគឺគាត់ផលិតបានសម្រេចហើយ ធ្វើបានល្អហើយ អ៊ីចឹងគាត់អាចយកផលិតផលហ្នឹងទៅលក់លើឆាកអន្តរជាតិបាន »។
យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦ នេះ មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មចុះបញ្ជីសរុបចំនួន ៤៤,៨៣៦ មូលដ្ឋាន កើនឡើង ៦២៥ មូលដ្ឋាន ធៀបនឹងឆ្នាំ២០២៥។ ចំណែករោងចក្រធុនធំ មានការចុះបញ្ជីសរុប ៣,២៨៤ រោងចក្រ កើនឡើង ២២៤ រោងចក្រ។
កំណើនសហគ្រាសថ្មីហក់ឡើងខ្ពស់នៅពេលកម្ពុជាមានបញ្ហាព្រំដែនភ្លាមៗ ខណៈសហគ្រាសមួយចំនួនដែលធ្លាប់តែមិនសូវទទួលបានការគាំទ្រ និងប្រឈមការបិទទ្វារ ក៏បានដំណើរការឡើងវិញ និងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីមហាជន។
ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) លោក តែ តាំងប៉ សង្កេតឃើញសហគ្រាស និងផលិតផលថ្មីភាគច្រើនគឺជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ លោកលើកឡើងថា កំណើនផលិតផលក្នុងស្រុក៣០ភាគរយ ស្ថិតនៅឆ្ងាយពីតម្រូវការ តែវាបង្ហាញពីសន្ទុះយ៉ាងឆាប់រហ័ស ដែលជាលទ្ធផលបានមកពីស្មារតីពហិការ។
ទន្ទឹមនឹងការខិតខំបំពេញតម្រូវការទីផ្សារក្នុងស្រុក លោក តែ តាំងប៉ ក៏កត់សម្គាល់ឃើញថា សហគ្រិនកម្ពុជាមានបំណងចង់នាំផលិតផលទៅទីផ្សារក្រៅប្រទេស ប៉ុន្តែបញ្ហានៅត្រង់ថាការនាំចេញទាមទារឱ្យមានស្តង់ដារ និងបច្ចេកទេសខ្ពស់ ខណៈសហគ្រិនមួយចំនួននៅខ្វះទុន និងសម្ភារៈគាំទ្រផលិតកម្ម។
លោក តែ តាំងប៉ បន្ថែមថា៖« ហើយទីផ្សារការនាំចេញ ប្រទេសផ្សេងៗគឺមានស្តង់ដារខុសៗគ្នា អ៊ីចឹងយើងត្រូវធ្វើទៅតាមតម្រូវការទីផ្សារអន្តរជាតិ។ ហើយខ្ញុំជឿជាក់ថា ខ្មែរយើងមិនមែនគាត់មិនខំប្រឹងទេ សូម្បីតែការវេចខ្ចប់ ការឌីហ្សាញ (រចនា) ការធ្វើឱ្យមានគុណភាព ធ្វើឱ្យមានស្តង់ដារត្រឹមត្រូវ តម្លៃសមរម្យហ្នឹង គឺយើងគិតមួយកញ្ចប់ហ្នឹង។ បើមិនអ៊ីចឹងទេ យើងប្រកួតប្រជែងទីផ្សារអន្តរជាតិគេអត់បានទេ»។
ជាក់ស្ដែង ម្ចាស់សហគ្រាសកែច្នៃអាហារនាងរំដេង គឺអ្នកស្រី សែម សុជាតា លើកឡើងថា អ្នកស្រីចង់ពង្រីកសហគ្រាសធំជាងនេះ ប៉ុន្តែខ្វះដើមទុនជាង១ម៉ឺនដុល្លារទៀត។ ចាប់ផ្ដើមផលិតដំបូង នៅដើមឆ្នាំ២០២៥ អ្នកស្រី ចាត់ទុកចលនាពហិការគឺជាឱកាសល្អ ដែលធ្វើឱ្យផលិតផលអ្នកស្រីទទួលបានការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
តម្រូវការទីផ្សារកាន់តែច្រើន បានជំរុញឱ្យអ្នកស្រីមានមហិច្ឆតា ចង់នាំផលិតផលទៅទីផ្សារក្រៅប្រទេសស្របតាមច្បាប់ ប៉ុន្តែបញ្ហាកង្វះដើមទុន គឺជាឧបសគ្គ ខណៈផលិតផលអ្នកស្រីត្រូវឆ្លងកាត់នីតិវិធីចុះបញ្ជីផលិតផល ឬ ច.ប.ផ ក៏ដូចជាការស្នើសុំបញ្ជាក់ស្តង់ដារសុវត្ថិភាពចំណីអាហារ ហាសាដ និងហាឡាល់ជាដើម។
អ្នកស្រី សែម សុជាតា៖«សំណូមពរថា បងស្វែងរកវិនិយោគិនដើម្បីមកសហការជាមួយបង ដើម្បីចាប់ដៃគ្នាធ្វើយ៉ាងម៉េចឱ្យផលិតផលនេះបានទៅដល់ក្រៅប្រទេស ព្រោះផលិតផលរបស់បងនេះជាតម្រូវការរបស់អ្នកក្រៅប្រទេសហ្នឹងសំខាន់ខ្លាំង។ ហើយបងចង់រុញម្ហូបខ្មែរហ្នឹងឱ្យទៅជាម្ហូបមួយដែលសាសន៍គេដទៃដែលគេហូបប្រហាក់ប្រហែលនឹងយើងគឺអាចហូបរសជាតិហ្នឹងបាន។»
អ្នកស្រីបន្តថា៖«ឥឡូវហ្នឹងយើងឈរលើទូកវារាងនឹងខ្លួនហើយ វាមិនឃ្លោង។ អ្វីដែលសំខាន់យើងត្រូវការតែអ្នកជួយចែវទេ ឥឡូវយើងមានហើយ ហើយខ្យល់ក៏លែងបោកបក់បែកយើងដែរ។ សំខាន់សុំតែអ្នកជួយចែវវារាង ពីក្រោយមើលមក យើងអុំពីមុខ ហើយហើយ ទៅជិតដល់ត្រើយហើយ ត្រូវទេ?»
ត្រង់បញ្ហាខ្វះដើមទុននេះដែរ លោក តែ តាំងប៉ បញ្ជាក់ថា ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចស្វែងរកការគាំទ្រពីសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបាន។ លើសពីនេះ លោកក៏ជាអាជ្ញាកណ្ដាល ក្នុងការចុះបញ្ជីពន្ធគយ និងនីតិវិធីចុះបញ្ជីផលិតផលផងដែរ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ ឱ្យដឹងថា ក្រសួងបានដាក់ចេញនូវកម្មវិធីតាមប្រព័ន្ធឌីជីថល រួមមាន ថ្នាល Cam DX និង Single Window (ប្រព័ន្ធបញ្ជរតែមួយជាតិ) ដោយសហគ្រិនទទួលបានឯកសារក្រោយដាក់ពាក្យស្នើសុំក្នុងប្រព័ន្ធប្រើពេលត្រឹម ៧២ម៉ោង។ លើសពីនេះ លោកថា ក្រសួងក៏បានគិតគូរសម្រួលដល់សហគ្រិន ឱ្យមានលទ្ធភាពក្នុងការចុះបញ្ជីបានកាន់តែងាយស្រួល ចំណាយតិច ជាពិសេស មានប្រសិទ្ធភាពខ្ពស់ក្នុងការទទួលបានអនុលោមភាព ក៏ដូចជាការបណ្តុះបណ្តាលផ្សេងៗ ទាំងទៅលើ GMP (ការអនុវត្តអនាម័យល្អ) GHP (ការអនុវត្តផលិតកម្មល្អ) 5S-Kaizen (ការរៀបចំសណ្តាប់ធ្នាប់ និងការកែលម្អជាប្រចាំ) HACCP (ប្រព័ន្ធវិភាគហានិភ័យ និងចំណុចត្រួតពិនិត្យសំខាន់) ដើម្បីឈានដល់ស្តង់ដារនាំចេញទាំងនៅទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។
បន្ថែមពីលើនេះ គឺគោលនយោបាយតភ្ជាប់នូវចំណុចខ្វះចន្លោះ(link the dot) រវាងវិស័យឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម ដើម្បីធ្វើឱ្យខ្សែសង្វាក់តម្លៃ (Value Chain) និងការផ្គត់ផ្គង់ (Supply Chain) កាន់តែល្អប្រសើរ។
លោកបន្តថា៖«ហើយចឹងហើយ នៅពេលដែលយើងមាន value chain កាន់តែខ្ពស់ បានន័យថាយើងទទួលបាននូវកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិយើងកាន់តែល្អប្រសើរ ដែលនេះគឺជាក្តីសង្ឃឹមមួយកាន់តែខ្ពស់ថែមទៀត សម្រាប់វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងពាណិជ្ជកម្ម របស់កម្ពុជារបស់យើង ដែលអាចឈានទៅដល់ការនាំចេញហ្នឹងកាន់តែមានកំណើនខ្ពស់ជាងនេះទៅទៀត។»
នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី«តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះ ដើម្បីឱ្យផលិតផលជាតិមានស្ថិរភាព?» រៀបចំដោយរាជ្យបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា វាគ្មិនបានលើកឡើងនូវគោលការណ៍សំខាន់ចំនួន៤ ដើម្បីធានាស្ថិរភាពផលិតផលជាតិ រួមមាន ទីមួយ ការរៀបចំផែនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ទីពីរ ការធានាគុណភាព និងស្តង់ដារ ទីបី ការវេចខ្ចប់ និងការឌីហ្សាញ(រចនា)ទាក់ទាញ និងទីបួន ការពង្រឹងតួនាទីស្ថាប័នរដ្ឋ ដែលផ្ដោតលើការត្រួតពិនិត្យទំនិញ និងសម្រួលដំណើរការចុះបញ្ជី នៅតាមក្រសួងកុំឱ្យមានភាពស្មុគស្មាញ។
ស្ថិតក្នុងដំណាក់កាលពលរដ្ឋកម្ពុជាកំពុងមានស្មារតីជាតិនិយម ឯអ្នកផលិត និងភាគីរដ្ឋរួមគ្នាត្រួសត្រាយកត្តារាំងស្ទះ និងបំពេញចំណុចខ្វះខាត អ្នកជំនាញសម្លឹងឃើញជារួមថា ទាំងអ្នកប្រើប្រាស់ និងម្ចាស់សហគ្រាស មានគោលបំណងតែមួយដូចគ្នា នោះគឺស្មារតីជាតិនិយមលើកកម្ពស់ផលិតផលខ្មែរ ដែលស្មារតីនេះ នឹងក្លាយជាក្ដោងយោងនាវាបក់ផាត់ផលិតផលខ្មែរទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែឆ្ងាយ និងសម្បូរបែបជាងនេះ៕
(អត្ថបទដោយ៖ ហ៊ន ថូវ៉ាន)







