ពលរដ្ឋរិះគន់គណៈគ្រូពេទ្យកម្ពុជាដែលរឹតបន្តឹងការផ្សព្វផ្សាយមាតិកាសុខភាពនៅលើបណ្តាញសង្គម

សុខភាព

(ម្ចាស់ផេកដុកទ័រតុងដែលបានលុបមាតិកាអប់រំសុខភាពតាមការបង្គាប់របស់គណៈគ្រូពេទ្យ)រូបភាពបណ្ដាញសង្គមហ្វេសប៊ុក។

ពលរដ្ឋមិនពេញចិត្តចំពោះការណែនាំរបស់គណៈគ្រូពេទ្យកម្ពុជាជុំវិញការធ្វើមាតិកាផ្សព្វផ្សាយ ឬការចែករំលែកទាក់ទងនឹងសុខភាពនៅលើបណ្តាញសង្គម និងបានណែនាំគ្រប់គ្រូពេទ្យទាំងអស់ឱ្យលុបចោលវីដេអូហើយត្រូវស្នើសុំលិខិតអនុញ្ញាតផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈ។

ប្រតិកម្មរបស់ពលរដ្ឋនេះ គឺបន្ទាប់ពីគណៈគ្រូពេទ្យកម្ពុជានៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានចេញពន្យល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ៖ «ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវ:វេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល»។ 

សំណេររបស់គណៈគ្រូពេទ្យកម្ពុជាបន្តថា៖ «ក្រមសីលធម៌ វិជ្ជាជីវៈ អាចអនុញ្ញាតអោយអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្តចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតអោយផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួនក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ»។ 

ក្រោយមានការលើកឡើងរបស់គណៈគ្រូពេទ្យកម្ពុជាកាលពីម្សិលមិញ ពលរដ្ឋបានចូលបញ្ចេញមតិដោយភាគច្រើនបង្ហាញការមិនពេញចិត្តចំពោះការណែនាំឱ្យក្រុមគ្រូពេទ្យដែលផលិតមាតិកាទាក់ទងនឹងសុខភាពតាមបណ្ដាញសង្គមធ្វើការលុបវីដេអូ ឬអត្ថបទរបស់ពួកគាត់ទាំងអស់។

អ្នកលេងបណ្ដាញសង្គមបានចូលបញ្ចេញមតិថា៖ «តើគណៈគ្រូពេទ្យកម្ពុជារាល់ថ្ងៃបានផលិតជាមាតិកាអប់រំខ្លះហើយឬនៅ ? ជាក់ស្តែងឃើញថាមានតែរូបភាព សកម្មភាពប្រជុំ។ល។ ក្នុងនាមជាប្រជាជនម្នាក់គាំទ្រអោយគណៈគ្រូពេទ្យអាចផលិតជាមាតិកាសុខភាពជូនប្រជាពលរដ្ឋ ដូចសិង្ហបុរីជាគំរូ»។

មតិផ្សេងទៀតសរសេរថា៖ « បើសិនជាគ្មានបំណងអាក្រក់អី គ្រាន់តែអោយគាត់ស្នើសុំលិខិតស្របច្បាប់មួយមក ដោយមិនមានការលុបវីដេអូរបស់គាត់ទៅបានហើយ។ ការផ្សព្វផ្សាយរបស់គាត់អាចជួយមនុស្សច្រើនណាស់ ភាគច្រើនក្មេងៗ និងអ៊ំពូមីងដែលអត់បានយល់ច្បាស់ពីការបង្ការជំងឺនានា ដែលគាត់នៅតាមខេត្តដាច់ស្រយាល។ គួរតែជំរុញលើកទឹកចិត្តគាត់អោយធ្វើមាតិកាចឹងអោយបានច្រើន គាត់ជា Doctor ការផ្សព្វផ្សាយបានផលប្រយោជន៍ផ្ទាល់ខ្លួនតិចតួច ក៏ដូច Doctor ផ្សេងៗធ្វើការនៅពេទ្យធំចេញពីកន្លែងធ្វើការមាន Clinic ផ្ទាល់ខ្លួនមួយចឹង អត់ខុសគ្នាទេ»។

ម្ចាស់គណនីហ្វេសប៊ុកមួយរូបទៀតលើកឡើងថា៖ «ឃើញអ្នកលក់ online , content creator អ្នកលក់អាហារបំប៉ន និងបុគ្គលជាច្រើនរូបដែរមិនមែនពេទ្យ ក៏ចែករំលែកពីក្បួនវេជ្ជសាស្រ្តដែលមិនត្រឹមត្រូវ និងក្នុងគោលបំណងដើម្បីផលប្រយោជន៍ខ្លួនឯង លើកតម្កើងខ្លួនច្រើនណាស់ចឹងខ្ញុំសូមស្នើសុំគណៈគ្រូពេទ្យកម្ពុជាមេត្តាចេញសេចក្តីណែនាំហាមឃាត់កុំអោយចែករំលែកផ្តេសផ្តាសផងចុះ ហាមពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវមិនអោយផ្សាយ តែមិនព្រមទៅព្រមានបុគ្គលដែលមិនមែនពេទ្យតែតាំងខ្លួនជាពេទ្យផ្សាយខុសក្បួនវេជ្ជសាស្រ្តសោះ មាតិកាសុខភាពចែករំលែកដោយពេទ្យជំនាញត្រូវបានហាមឃាត់ ហើយអនុញ្ញាតអោយបុគ្គលមិនមែនពេទ្យចែករំលែកខុសក្បួនវេជ្ជសាស្រ្ត ប៉ះពាល់សុខភាពយ៉ាងព្រោងព្រាតពេញបណ្តាញសង្គម»។

ជាមួយគ្នានេះដែរ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) 
អ្នកស្រី ឆន សុគន្ធា សង្កេតឃើញថា មកដល់ពេលបច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២៦នេះ ដោយមានជាង១៤លាននាក់ហើយ តែសួរថាតើអ្នកប្រើប្រាស់ទាំងនោះគាត់បានទទួលចំណេះដឹងផ្នែកអ្វីខ្លះ ឬគ្រាន់តែប្រើប្រាស់បណ្តាញសង្គមដើម្បីតែជាការកំសាន្ត ពិសេសតាមដានជីវិតឯកជនភាពរបស់បុគ្គលល្បីៗនៅលើបណ្តាញសង្គមឬយ៉ាងណា។

ប្រភពដដែលបន្តថា៖ «អ្នកធ្វើមាតិកាពាក់ព័ន្ធនឹងសុខភាពនេះជាទម្រង់មួយដែលអាចឱ្យពលរដ្ឋទទួលបានចំណេះដឹងផ្នែកសុខភាព តែសម្រាប់ខ្ញុំមិនមានចំណេះដឹង និងយល់ពីក្រមសីលធម៌របស់ពេទ្យឬផ្នែកសុខាភិបាលទេ តែយល់ថាប្រសិនបើមានការរឹតត្បិតបែបនេះ ហេតុអីបានឃើញអ្នកលក់ឡេ លក់ថ្នាំផ្សេងៗបែរជាមិនរឹតត្បិត ព្រោះវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ បែរជារឹតត្បិតអ្នកចែករំលែកពីសុខភាពជាចំណែកក្នុងការផ្តល់ចំណេះដឹងដល់ពលរដ្ឋទៅវិញ» ។

យោងតាមលិខិតចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការផ្សព្វផ្សាយក្នុងលក្ខខណ្ឌវិជ្ជាជីវៈសុខាភិបាលប្រការ៤ ឱ្យដឹងថា ការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលដែលមិនប៉ះពាល់ដល់ក្រមសីលធម៌ អាចប្រព្រឹត្តទៅបានលុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយដាក់ពាក្យស្នើសុំតាមរយៈច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាល។

ប្រការផ្សេងទៀតនៃលិខិតនេះបន្ថែមថា៖ «មូលដ្ឋានសុខាភិបាលឯកជនដែលមានបំណងធ្វើការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ទោះក្នុងរូបភាពចែករំលែកចំណេះដឹង ឬការអប់រំថែទាំសុខភាពក៏ដោយ លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាលទើបធ្វើការផ្សព្វផ្សាយបាន»។

ក្រោយពីមានការរិះគន់លើបណ្ដាញសង្គម គណៈគ្រូពេទ្យកម្ពុជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញលិខិតបំភ្លឺជុំវិញការលុបវីដេអូរបស់គ្រូពេទ្យ និត ប៊ុនតុងយី ហៅ Dr. Tong ដែលតែងតែផលិតមាតិកាអប់រំពីសុខភាពថា គណៈគ្រូពេទ្យរាជធានីភ្នំពេញ និងគណៈគ្រូពេទ្យភូមិភាគ១ បាន ជួបលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងបំណងជ្រោមជ្រែង គាំទ្រ និងជួយរំលឹកអំពីកាតព្វកិច្ចរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំចូលរួមចំណែកតាមគ្រប់រូបភាពចែករំលែកចំណេះដឹង អំពីការថែទាំសុខភាព សុខុមាលភាព ជូនដល់សាធារណជន ដោយត្រូវខិតខំផ្ទៀងផ្ទាត់ព័ត៌មានស្តីពីសុខភាពឈរលើមូលដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន “Evidence-Based Medicine” (EBM) ដោយអ្នកជំនាញជាតិ អន្តរជាតិ និងអង្គការសុខភាពពិភពលោក។

គណៈគ្រូពេទ្យកម្ពុជា បញ្ជាក់ថា ស្ថាប័នខ្លួន និងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក៏កំពុងរៀបចំជាបន្តបន្ទាប់នូវវគ្គបណ្តុះបណ្តាលក្រើនរំលឹកផ្សព្វផ្សាយគ្រប់ទិដ្ឋភាព និងគ្រប់រូបភាពតាមបណ្តាខេត្តក្រុង អំពីក្រមសីលធម៌វិជ្ជាជីវៈ រួមទាំងបទប្បញ្ញត្តិទាំងឡាយដែលមានជាធរមាន ជូនដល់សមាជិក សមាជិកាដែលកំពុងប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល រួមទាំងជំនួបបុគ្គល ជំនួបរួមក្នុងអង្គភាពសុខាភិបាល ទាំងសាធារណៈ ទាំងឯកជនផងដែរ។ 

ទោះជាយ៉ាងណា អ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើននៅតែចង់ឃើញក្រុមគ្រូពេទ្យជំនាញត្រូវបានអនុញ្ញាតឱ្យបន្តផលិតមាតិកាសុខភាព ព្រោះមាតិកាប្រភេទនេះ ជួយបង្កើនចំណេះដឹងរបស់ពលរដ្ឋផង និងការថែទាំសុខភាពរបស់ពលរដ្ឋផង៕

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2817}" data-page="1" data-max-pages="1" data-start="1" data-end="1">