ភរិយាសកម្មជននយោបាយ និងជាបេក្ខជនឈរឈ្មោះមកពីគណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ លោក ជិន សេងឃាង គឺអ្នកស្រី ប៉ង់ ចន្ធី ស្នើសុំឱ្យអាជ្ញាធរដោះលែងប្ដីអ្នកស្រី ដែលត្រូវអាជ្ញាធរឃុំខ្លួននៅពន្ធនាគារឱ្យមានសេរីភាពឡើងវិញ។
ការស្នើសុំនេះ ក្រោយពីលោក ជិន សេងឃាង ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។
អង្គការការពារសិទ្ធិមនុស្សលីកាដូ ឱ្យដឹងថា លោក ជិន សេងឃាង អាយុ ៤១ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះរបស់លោកក្នុងភូមិចចក ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ឈន ចាន់ដែត មិនទាន់អាចបញ្ជាក់ពីអង្គហេតុ និងបទចោទនៅឡើយ ត្រឹមថ្ងៃទិ៥ ខែមិថុនា ឆ្នាំ២០២៦។
លោក សេងឃាង ជាសកម្មជនដែលតែងតែបញ្ចេញមតិរិះគន់ និងលើកឡើងពីបញ្ហាសង្គម និងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ លើបណ្ដាញសង្គមហ្វេសប៊ុក។ បើតាមអ្នកស្រី ចន្ធី ស្វាមីអ្នកស្រីត្រូវបានអាជ្ញាធរកោះហៅបញ្ជូនទៅសួរនាំនៅសាលាឃុំត្រពាំងព្រះ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសាកសួរ ហើយបន្ទាប់មកលោកក៏ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរបន្ត និងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម។
អ្នកស្រី ប៉ង់ ចន្ធី ប្រាប់ប្រជាកាសែតឱ្យដឹងថា លោក សេងឃាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ចាម។ អ្នកស្រីបង្ហាញការខកចិត្ត និងចាត់ទុកជារឿងអយុត្តិធម៌ ក្រោយអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ស្វាមីអ្នកស្រីពីបទព្រហ្មទណ្ឌ។ អ្នកស្រី អះអាងថាស្វាមីអ្នកស្រីគ្រាន់តែឈឺឆ្អាលរឿងអយុត្តិធម៌ក្នុងសង្គម និងចង់ឱ្យសង្គមរីកចម្រើនតែប៉ុណ្ណោះ។
អ្នកស្រីថា៖ «ខ្ញុំយល់ឃើញថាអយុត្តិធម៌ណាស់បង។ គាត់អត់មានធ្វើអីខុសធំដុំផងយកគាត់ទៅដាក់គុក។ គាត់ចូលចិត្តបញ្ចេញមតិរឿងដីធ្លី រឿងប្រទេសជាតិ»។
អ្នកស្រីបន្ថែមថា៖ «គេមកចាប់នេះគេថាយកទៅសួរនាំនៅសាលាឃុំត្រពាំងព្រះនេះទេ តែគាត់មិនបានសួរនាំត្រឹមហ្នឹងទេ។ គាត់ត្រូវបញ្ជួនទៅខេត្តហ្មង។ ខ្ញុំអត់បានសួរនាំ ព្រោះគិតថាគេហៅទៅសួរនាំត្រឹមសាលាឃុំហ្នឹងទេ»។
អ្នកស្រី ចន្ធី ស្នើសុំឱ្យអាជ្ញាធរពិចារណាដោះលែងស្វាមីអ្នកស្រីឱ្យមានសេរីភាពឡើងវិញ និងអាចវិលមកប្រកបរបរចិញ្ចឹមគ្រួសារ ព្រោះអ្នកស្រីមានកូនតូច និងត្រូវពឹងលើស្វាមីអ្នកស្រីស្ទើរតែទាំងស្រុង។
អ្នកស្រីថា៖ «ខ្ញុំស្នើសុំឱ្យដោះលែងប្ដីខ្ញុំមកវិញ។ គាត់អត់បានធ្វើអីខុសផង។ គាត់គ្រាន់តែឃើញប្រទេសជាតិអីចឹង ហើយគាត់ឈឺចាប់។ […]វាអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំណាស់បង។ ខ្ញុំពិបាកក្នុងជីវភាពណាស់ ព្រោះមានកូនតូចអាយុ៣ឆ្នាំ។ និយាយរួមទៅទាល់អត់មានអ្នកជួយគ្រួសារ។ ខ្ញុំពឹងលើប្ដីខ្ញុំ។ ខ្ញុំរកអីអត់បាន»។
ជុំវិញករណីអាជ្ញាធរខេត្តកំពង់ចាមចាប់ឃុំខ្លួនលោក ជិន សេងឃាង អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ ម៉ូនីកា អំពាវនាវដល់រដ្ឋាភិបាលឱ្យមានការយោគយល់ខ្ពស់ចំពោះពលរដ្ឋខ្មែរដូចគ្នា។ លោកថា អាជ្ញាធរគួរតែចៀសវាងការចាប់ឃុំខ្លួនពលរដ្ឋ ដោយគ្រាន់តែពួកគេសម្តែងមតិពាក់ព័ន្ធនឹងបញ្ហាសង្គមផ្សេងៗ និងស្នើសុំយ៉ាងទទូចឱ្យតុលាការទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់។
លោកបានប្រសាសន៍ថា៖ «យើងសង្កេតឃើញថាការធ្វើទុកបុកម្នេញ ការរឹតត្បឹតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការឃុំខ្លូនជាពិសេសការឃុំខ្លួនសកម្មជននយោបាយមកពីគណបក្សប្រឆាំង ដែលនិយាយអំពីបញ្ហាព្រំដែន អំពីបញ្ហាភាពអយុត្តិធម៌ក្នុងសង្គមតែងតែទទួលបានការឃុំខ្លួន»។
លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវឱ្យរដ្ឋាភិបាលឱ្យបើកសិទ្ធិទូលាយ ហើយយោគយល់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋខ្មែរ ជាពិសេសសកម្មជននយោបាយ ដើម្បីឱ្យពួកគាត់មានសិទ្ធិបញ្ចេញមតិតាមក្របខ័ណ្ឌច្បាប់រដ្ឋធម្មនុញ្ញ។ សូមឱ្យទម្លាក់ចោលនូវបទចោទប្រកាន់ដែលទៅដល់អ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់នោះ ដើម្បីពួកគាត់អាចមានសិទ្ធិសេរីភាពចូលរួមចំណែកអភិវឌ្ឍប្រទេសរបស់យើង»។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា រដ្ឋាភិបាលគួរពិចារណាដោះលែងសកម្មជននានា រួមមានសកម្មជននយោបាយ និងសកម្មជនបរិស្ថានជាដើម ក្នុងន័យបង្រួបបង្រួម និងផ្សះផ្សាជាតិខ្មែរ។ លោកថា កន្លងមកអង្គការធ្វើការលើការងារសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិ តែងតែទទូចឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិជាដើម។
លោកថា៖ «វាជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា រវាងអ្នកនយោបាយ និងអ្នកនយោបាយឱ្យមានការយោគយល់គ្នា បង្រួបបង្រួមជាតិ សាមគ្គីឯកភាពជាតិ។ អង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាអង្គការសហប្រជាជាតិហ្នឹង គាត់តែងតែព្រួយបាម្ភ លើកឡើងពីមុនមកថា គួរតែពិនិត្យពិចារណាដោះលែងទៅលើសកម្មជនបរិស្ថាន សកម្មជនគណបក្សនយោបាយ»។
លោកបន្ថែមថា៖ «យើងជាអង្គការសង្គមស៊ីវិលធ្វើការលើសិទ្ធិមនុស្សក៏មានការព្រួយបារម្ភដែរ ទាក់ទងការចាប់ខ្លួនបន្ថែមជាបន្តបន្ទាប់ទៅលើសកម្មជនគណបក្សនយោបាយ សកម្មជនការងារសង្គមផ្សេងៗទៀត ឬក៏អ្នកដែលបញ្ចេញមតិលើបណ្ដាញសង្គម»៕







