គណៈគ្រូពេទ្យកម្ពុជាអនុញ្ញាតឱ្យវេជ្ជបណ្ឌិតមួយរូបដែលគេស្គាល់ថា Dr. Tong ផ្សព្វផ្សាយមាតិកាសុខភាពនៅលើបណ្តាញសង្គមឡើងវិញ ក្រោយមហាជនបានរិះគន់ចំពោះចំណាត់ការរបស់គណៈគ្រូពេទ្យកម្ពុជា ដែលបានជម្រុញឱ្យគ្រូពេទ្យត្រូវស្នើសុំលិខិតអនុញ្ញាតផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈជាមុនសិន ប្រសិនបើចង់បន្តផ្សព្វផ្សាយនៅលើបណ្តាញសង្គម។
ការសម្រេចឱ្យ Dr. Tong អាចផ្សព្វផ្សាយឡើងវិញនេះ គឺបន្ទាប់ពីតំណាងក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយអ្នកផលិតមាតិកាអប់រំសុខភាព លោកគ្រូពេទ្យ និត ប៊ុនតុងយី ដែលគេហៅថា Dr. Tong ។
អ្នកផលិតមាតិកាអប់រំសុខភាពហៅ Dr. Tong បានសរសេរលើបណ្ដាញសង្គមថា៖« ការជួបសំណេះសំណាលនេះប្រៀបដូចជាការជជែកជាមួយក្រុមគ្រួសារវេជ្ជបណ្ឌិត ហើយដែលលោកគ្រូសាស្រ្តាចារ្យបានបង្ហាញអារម្មណ៍ ទឹកចិត្តសប្បាយរីករាយ និងមានមោទនភាពដែលឃើញ អ្នកបន្តជំនាន់ក្រោយៗ ស្រលាញ់ និងខិតខំចូលរួមលើកយកសកម្មភាពចែករំលែកចំណេះដឹងមកជូនដល់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះគឺជាសកម្មភាពមួយដែលវេជ្ជបណ្ឌិតគួរតែខិតខំទាំងអស់គ្នា»។
Dr. Tong បន្តថា៖« លោកគ្រូៗសាស្រ្តាចារ្យបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងសុខាភិបាល ទាំងគណៈវិជ្ជាជីវៈទាំងអស់លើកទឹកចិត្តអោយយើងខ្ញុំជាពេទ្យ ចូលរួមបន្ថែមទៀតក្នុងការចែករំលែកចំណេះដឹងសុខភាព ដោយប្រកាន់ខ្ជាប់ជាមួយក្រមសីលធម៍ សំដៅសុវត្ថិភាពប្រជាជន ដែលពិតជាសេចក្តីថ្លៃថ្នូរ និងភាពកក់ក្តៅដែលខ្ញុំបាទ និងគ្រូពេទ្យយើងទទួលបានមកវិញ»។
ក្រោយពីគណៈគ្រូពេទ្យកម្ពុជាអនុញ្ញាតឱ្យមានការផ្សព្វផ្សាយមាតិកាសុខភាពឡើងវិញ ពលរដ្ឋខ្លះបានសំដែងការគាំទ្រ និងបានសរសេរបញ្ចេញមតិនៅលើបណ្តាញសង្គមថា៖«ខ្ញុំមិនមែនហ្វេន (Fan) ដុកទ័រតុងទេ តែខ្ញុំស្គាល់អ្វីដែលជាមាតិកាល្អ រឺអាក្រក់សំរាប់សង្គម សូមជួយគាំទ្រលើកទឹកចិត្តមាតិកាល្អៗឱ្យបានច្រើនជាប្រយោជន៍ដល់សុខុមាលភាពប្រជាពលរដ្ឋ ហើយជួយមានចំណាត់ការលើមាតិកាមិនល្អដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផង ហើយគួរតែអរគុណដុកទរ័តុងដែលធ្វើឱ្យខ្ញុំស្គាល់ Page គណៈគ្រូពេទ្យកម្ពុជា»។
អ្នកលេងបណ្ដាញសង្គមខ្លះទៀតនិយាយថា៖« សូមអរគុណ គណៈគ្រូពេទ្យកម្ពុជា! សូមបន្តពង្រឹងទៀតចំពោះការផ្សព្វផ្សាយ ការលក់ឱសថ គ្លីនិកឯកជន ក៏ដូចជាការលក់អនឡាញលើវិស័យសុខភាព»។
ជាមួយគ្នានេះដែរ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានលើកឡើងថា នៅពេលគណៈគ្រូពេទ្យមានការបើកទូលាយលើការផ្សព្វផ្សាយផ្នែកសុខភាព គឺជារឿងប្រសើរ ព្រោះថ្ងៃក្រោយកម្ពុជានឹងមានអ្នកចេះប្រកបរបរដោយវិជ្ជាជីវៈត្រឹមត្រូវ ហ៊ាននិយាយពន្យល់ដល់ប្រជាពលរដ្ឋ និងហ៊ានឆ្លើយតបទៅនឹងគ្រូពេទ្យដូចគ្នា។
លោកបន្ថែមថា៖« ពេលណាខ្ញុំឃើញមានការរាំងស្ទះ មានការយកជើងរាទឹក ហើយមានការបិទគម្រប បិទបេះដូង បិទចំណេះដឹងកន្លែងហ្នឹងហើយយើងមិនហ៊ាននិយាយ មិនហ៊ានថា ចឹងយើងរកអ្នកចេះអត់ឃើញ ថ្ងៃក្រោយយើងបាត់បង់អ្នកប្រាជ្ញ បាត់បង់អ្នកចេះ ព្រោះសម័យនេះជាសម័យឌីជីថល សម័យអនឡាញ សម័យAI លឿនណាស់ គួរតែរួមគ្នាបើកបេះដូងទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ នេះជារឿងប្រសើរទៅថ្ងៃអនាគត ប្រទេសជាតិយើងនឹងរីកចម្រើន»។
គួររំលឹកដែរថា មាតិកាអប់រំសុខភាពរបស់ Dr. Tong ត្រូវបានលុបចោលទាំងអស់ក្រោយមានការណែនាំពីគណៈគ្រូពេទ្យកម្ពុជាទៅលើមាតិកាអប់រំសុខភាពលើបណ្ដាញសង្គម ដែលគណៈគ្រូពេទ្យថាមិនទាន់មានលិខិតអនុញ្ញាត។ បើទោះជាពេលនេះ Dr. Tong ត្រូវបានអនុញ្ញាតឱ្យបន្តផ្សព្វផ្សាយពីមាតិកាសុខភាពឡើងវិញក្តី វីដេអូចាស់ៗដែលលោកបានលុបចោលនោះ មិនទាន់ឃើញបង្ហោះឡើងវិញជាថ្មីនោះទេ៕







