សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្ត្រីបក្សកម្លាំងជាតិ លោក ខឿន វីរ៉ាត់

នយោបាយ

(លោក ខឿន វីរ៉ាត់ ថ្លែងក្នុងវេទិកាគណបក្សកម្លាំងជាតិ នាពលកន្លងទៅ)រូបភាពបក្សកម្លាំងជាតិ)។

សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្ត្រីគណបក្សកម្លាំងជាតិខេត្តព្រៃវែង លោក ខឿន វីរ៉ាត់ ដែលជាប់ចោទពីបទញុះញង់ និងបទប្រមាថអ្នករាជការសាធារណៈ។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានចាប់ខ្លួនសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជាប្រធានប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិប្រចាំខេត្តព្រៃវែង លោក ខឿន វីរ៉ាត់ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោកបានបង្ហោះសាររិះគន់បញ្ហាសង្គម និងចែករំលែកព័ត៌មានលើបណ្តាញសង្គមរបស់លោក។

ក្រោយការចាប់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានចោទប្រកាន់លោក ខឿន វីរ៉ាត់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «បទប្រមាថអ្នករាជការសាធារណៈ» តាមបញ្ញត្តិមាត្រា ៤៩៤, ៤៩៥ និង ៥០២ នៃក្រមព្រហ្មទណ្ឌ និងសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន រឿងក្ដីរបស់បុរសដើមកំណើតខ្មែរកម្ពុជាក្រោមរូបនេះ កំពុងស្ថិតនៅដំណាក់កាលចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ។

មេធាវីការពារក្ដីឱ្យលោក ខឿន វីរ៉ាត់ គឺលោក សឺន ជុំជួន បានប្រាប់អ្នកសារព័ត៌មានថា សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានបើកសវនាការជំនុំជម្រះសំណើសុំនៅក្រៅឃុំរបស់កូនក្ដីលោក។ លោកមេធាវីឱ្យដឹងថា ក្នុងការស្នើសុំនេះ លោកបានលើកហេតុផលមួយចំនួន រួមមាន៖ ស្ថានភាពគ្រួសារ, បញ្ហាសុខភាព និងស្ថានភាពឃុំខ្លួននៅពន្ធនាគារឆ្ងាយជាដើម ប៉ុន្តែត្រូវសាលាឧទ្ធរណ៍បដិសេធ។

លោកមេធាវីបញ្ជាក់ថា៖ «ការសំអាងហេតុផលរបស់យើងទាំងអស់ហ្នឹង គឺត្រូវបានតុលាការបដិសេធ ដោយយល់ថាមិនទាន់សមរម្យដើម្បីអនុញ្ញាតឱ្យជនជាប់ចោទនៅក្រៅឃុំជាបណ្ដោះអាសន្នបាន និងដើម្បីជៀសវាងភាពរាំងស្ទះដល់ការស៊ើបអង្កេតរបស់តុលាការ»។ លោក សឺន ជុំជួន យល់ថា តុលាការមិនបានពិចារណាល្អិតល្អន់ចំពោះភស្ដុតាង រួមមានលិខិតបញ្ជាក់ពីគ្រូពេទ្យដែលលោកបានដាក់ជូននោះឡើយ។

ភរិយារបស់លោក ខឿន វីរ៉ាត់ គឺអ្នកស្រី ថាច់ ចន្ធូ សម្ដែងការសោកស្ដាយជាខ្លាំង ដោយបញ្ជាក់ថាប្ដីរបស់អ្នកស្រីមានជំងឺខ្លាញ់រុំបេះដូង និងលើសឈាមដែលត្រូវព្យាបាល។ អ្នកស្រីបន្ថែមថា ចាប់តាំងពីប្ដីជាប់ឃុំ អ្នកស្រីត្រូវរ៉ាប់រងបំណុលធនាគារជាង ១ម៉ឺនដុល្លារ (បង់ជាង ២៥០ដុល្លារក្នុងមួយខែ) ថ្លៃផ្ទះជួល និងមើលថែម្ដាយជរាវ័យជាង ៧០ឆ្នាំ ព្រមទាំងចំណាយជិត ២០០ដុល្លារ រាល់ពេលទៅសួរសុខទុក្ខប្ដីនៅខេត្តត្បូងឃ្មុំម្ដងៗ។

ចំណែកឯអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង យល់ថាការសម្រេចនេះមានចរិតរើសអើងនយោបាយ និងមិនបានឈរលើស្មារតីច្បាប់ទាំងស្រុងឡើយ។ លោកអំពាវនាវឱ្យអ្នកអនុវត្តច្បាប់ឈរលើជំហរស្មោះត្រង់នឹងជាតិ និងអនុវត្តច្បាប់ឱ្យស្មើភាពគ្នា។

ទាក់ទងនឹងករណីនេះ អ្នកសារព័ត៌មានមិនទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បាននៅឡើយទេ ត្រឹមរសៀលថ្ងៃទី៩ ខែមិថុនា។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកស្រី ឌី ម៉ូឡានី បានបញ្ជាក់យ៉ាងខ្លីថាកំពុងជាប់ប្រជុំ។

ដោយឡែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) ក៏បានសម្ដែងការសោកស្ដាយផងដែរ ដោយលោកយល់ថា ការឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន មិនមែនមានន័យថាបញ្ចប់សំណុំរឿងនោះទេ ប៉ុន្តែវាជាសិទ្ធិដែលតុលាការអាចពិចារណាបាន ប្រសិនបើជនជាប់ចោទសន្យាចូលរួមតាមនីតិវិធី។

សូមរំលឹកថា នេះមិនមែនជាលើកទីមួយទេដែលលោក ខឿន វីរ៉ាត់ ជាប់ពន្ធនាគារ។ កាលពីដើមឆ្នាំ២០២៣ លោកធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃចុះបញ្ជីគណបក្សបេះដូងជាតិ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2848}" data-page="1" data-max-pages="1" data-start="1" data-end="1">