មន្ត្រីនគរបាលដែលហាមសិស្សមិនឱ្យខ្វល់រឿងនយោបាយ ត្រូវថ្នាក់លើហៅទៅអប់រំ

នយោបាយ

(មន្ត្រីនគរបាល ចុះផ្សព្វផ្សាយស្តីពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព នៅសាលារៀនភាសាកូរ៉េ នៅខេត្តកំពង់ឆ្នាំង ដែលរងការរិះគន់ពីសំណាក់មហាជន។រូបភាពថតពីបណ្ដាញសង្គម)។

មន្ត្រីនគរបាលដែលហាមសិស្សមិនឱ្យខ្វល់រឿងនយោបាយ ត្រូវថ្នាក់លើហៅទៅអប់រំ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

ប្រភពដដែលបន្តថា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានកោះហៅមន្ត្រីនគរបាលចំនួន ៣ នាក់ មកអប់រំណែនាំ និងសួរនាំពីចេតនា ជុំវិញករណីនិយាយហាមសិស្សមិនឱ្យជជែករឿងនយោបាយ ដើម្បីកែតម្រូវកំហុសឆ្គង និងឈ្វេងយល់ពីគោលបំណងពិតប្រាកដ ក្នុងន័យរក្សាភាពស្អាតស្អំ និងទំនុកចិត្តពីសាធារណជន។

ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្ម និងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ទៅលើពាក្យសម្ដីរបស់មន្ត្រីនគរបាលទាំងនោះ ដែលបានបែកធ្លាយនៅក្នុងវីដេអូនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។

សេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អធិការនគរបាលស្រុកទឹកផុស បានចាត់តាំងមន្ត្រីនគរបាលចំនួន ៣ រូប ឱ្យចុះផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ៧ ស្ដីពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ នៅចំនួន ៨ កន្លែង ក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប៉ុន្តែក្នុងពេលចុះផ្សព្វផ្សាយព័ត៌មាននោះ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស លោក យី រដ្ឋា បានលើកឡើងថា៖ «ប្អូនៗត្រូវខិតខំរៀនសូត្រ កុំស៊ែរ (ចែករំលែក) បន្តរឿងគណបក្សអីឱ្យសោះ រឿងរ៉ាវទាំងអស់ថ្នាក់ដឹកនាំគាត់ដោះស្រាយខ្លួនគាត់។ យើងមកនេះគិតតែរៀនទៅបានហើយ យើងមិនបាច់គិតអីផ្សេងទេ មករៀនខិតខំរៀន ប្រឡងជាប់ទៅនៅកូរ៉េរកលុយបានហើយ យល់ទេប៉ុណ្ណឹង? ខ្ញុំជូនពរឱ្យថ្ងៃទី១២នេះ ជាប់ទាំងអស់គ្នា ទៅកូរ៉េទាំងអស់គ្នាទៅ កុំនៅស្រុកខ្មែរធ្វើអី»។

បើតាមសេចក្ដីបំភ្លឺព័ត៌មានដដែលអះអាងថា ចេតនារបស់មន្ត្រីនគរបាលខាងលើ គឺមិនចង់ឱ្យប្រជាពលរដ្ឋចាញ់បោកនូវឧបាយកលផ្សេងៗ ដែលគេញុះញង់ ក៏ប៉ុន្តែភាសានិយាយចេញមក នាំឱ្យខ្លឹមសារប៉ះពាល់ដល់ការអនុវត្តតួនាទី ភារកិច្ច របស់កងកម្លាំងនគរបាលជាតិ។

ទន្ទឹមនឹងនេះ ស្នងការនគរបាលខេត្តក៏បានកោះហៅមន្ត្រីទាំងនោះមកធ្វើការអប់រំណែនាំហើយ ស្នងការនគរបាលក៏បានអរគុណដល់អ្នកសារព័ត៌មាន និងសាធារណជនក្នុងបណ្ដាញសង្គម ដែលបានចូលរួមវិភាគ វែកញែក រិះគន់ ក្នុងន័យស្ថាបនា និងធ្វើឱ្យមានការកែប្រែ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2878}" data-page="1" data-max-pages="1" data-start="1" data-end="1">