តំណាងស្ត្រីធ្វើការតាមផ្ទះ ដាក់ញត្តិនៅក្រសួងការងារស្នើសុំលក្ខខណ្ឌការងារសមរម្យ

សិទ្ធិការងារ

(មន្ត្រីក្រសួងការងារចេញមកទទួលញត្តិរបស់តំណាងកម្មករធ្វើការតាមផ្ទះនិងលោកវន់ពៅ នៅក្រសួងការងារ។ថតដោយប៉ា តុងចិន ថ្ងៃទី១៦ខែមិថុនា២០២៦។

ក្រុមស្រ្តីតំណាងឱ្យអ្នកធ្វើការងារតាមផ្ទះជាង ១០ នាក់ បានដាក់ញត្តិនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្នើឱ្យក្រសួងជួយផ្តល់សច្ចាប័ណ្ណលើអនុសញ្ញាលេខ ១៨៩ របស់អង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពីលក្ខខណ្ឌការងារសមរម្យស្របតាមច្បាប់អន្តរជាតិ។

ប្រធានសមាគមអ្នកធ្វើការតាមផ្ទះ អ្នកស្រី យ៉ុង ស្រីមុំ លើកឡើងថា អនុសញ្ញាលេខ ១៨៩ ស្តីពីកម្មករការងារតាមផ្ទះ មានសារៈសំខាន់ ព្រោះច្បាប់នេះទទួលស្គាល់សិទ្ធិកម្មករការងារតាមផ្ទះដូចជាកម្មករដទៃទៀតដែរ។ អ្នកស្រីបន្តថា សិទ្ធិការងាររួមមាន ការឈប់សម្រាក ម៉ោងធ្វើការ ការទូទាត់សំណងពេលធ្វើការលើសម៉ោង ការធានាការការពារសុខភាព និងការការពារពីការគំរាមកំហែងផ្សេងៗទៀត។ អ្នកស្រីបន្ថែមថា និយោជក ឬអ្នកជួលស្ត្រីធ្វើការតាមផ្ទះ គប្បីធ្វើបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដើម្បីឱ្យពួកគេអាចទទួលបានសេវាសុខភាពពេលមានជំងឺដំកាត់។

អ្នកស្រីថា៖ «សូមក្រសួង និងរាជរដ្ឋាភិបាល ផ្ដល់សច្ចាប័ណ្ណលើអនុសញ្ញាលេខ ១៨៩ ដើម្បីឱ្យអ្នកធ្វើការតាមផ្ទះមានប្រាក់ខែសមរម្យ ហើយមាន ប.ស.ស. ប្រើប្រាស់ដូចគេដែរ ព្រោះពួកខ្ញុំធ្វើការតាមផ្ទះពិបាកណាស់ ដល់ពេលឈឺថ្កាត់អីគឺរឹតតែពិបាក»។

អ្នកស្រីបន្ថែមថា៖ «ការរំលោភបំពាន និងការបៀតបៀន ភាគច្រើនគឺការគំរាមកំហែង។ ពេលយើងទាមទារប្រាក់ខែសមរម្យ គាត់ [ថៅកែ] ថា បើយើងមិនធ្វើទេគឺអត់ទៅ។ នេះក៏ជាទម្រង់នៃការបៀតបៀន និងគំរាមកំហែងដែរ»។

ស្រដៀងគ្នានេះដែរ តំណាងស្ត្រីអ្នកធ្វើការតាមផ្ទះ អ្នកស្រី វុន គឹមស្រ៊ី លើកឡើងថា កម្មករការងារតាមផ្ទះនៅតែជាក្រុមដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេ ក្នុងចំណោមកម្មករដទៃទៀត។ អ្នកស្រីបន្តថា ពួកគេប្រឈមនឹងការកម្រិតសេរីភាពក្នុងការធ្វើសកម្មភាពនានា ប្រាក់ឈ្នួលទាប គ្មានកិច្ចសន្យាការងារច្បាស់លាស់ សម្រាកមិនគ្រប់គ្រាន់ ហើយងាយប្រឈមនឹងហានិភ័យនៃអំពើហិង្សា។

អ្នកស្រីថា៖ «សព្វថ្ងៃកម្មករធ្វើការតាមផ្ទះគឺពិបាកខ្លាំងណាស់ ប្រាក់ខែមិនសមរម្យ ការរស់នៅក៏មិនសូវសមរម្យ ហើយមួយទៀតគឺការបំបាត់សេរីភាព។ ដូចជាពេលមានពិធីបុណ្យទាន ឬចូលឆ្នាំអី គឺមិនឱ្យពួកគាត់បានទៅស្រុកទេ ហើយថែមទាំងគំរាមថា បើសិនជាទៅស្រុក គឺត្រូវតែឈប់ធ្វើការ»។

អ្នកស្រីបន្ថែមថា៖​​​​ «ពេលដែលយើងជាប់ជំពាក់លុយជាមួយថៅកែ ទោះបីមានសម្ពាធយ៉ាងណាក៏ដោយ ក៏ត្រូវតែទ្រាំធ្វើការដើម្បីសងបំណុលគេដែរ។ បើយើងឈប់មុន ថៅកែនឹងរករឿង និងគំរាមកំហែង។ ទី២ ពួកគាត់មិនយល់ដឹងពីច្បាប់ការងារ ទើបតែងតែមានសេចក្តីភ័យខ្លាច»។

អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) លោក និន វណ្ណៈ ថ្លែងថា លោកនឹងបញ្ជូនញត្តិនេះទៅថ្នាក់លើដើម្បីពិនិត្យ និងដោះស្រាយបន្ត។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វ៉ន ពៅ លើកឡើងថា កម្មករធ្វើការតាមផ្ទះជាង ២០ ម៉ឺននាក់ មិនទាន់មានស្តង់ដាទម្រង់កិច្ចសន្យាការងារត្រឹមត្រូវនៅឡើយទេ ដោយលោកបញ្ជាក់ថា ពួកគេមិនទាន់ទទួលបានការចុះឈ្មោះពេញលេញ ដើម្បីទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធ និងរបបគាំពារសង្គមឡើយ។ លោកអំពាវនាវឱ្យក្រសួងការងារបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងសិទ្ធិកម្មករការងារតាមផ្ទះ។

លោកថា៖ «ការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តជាដើម នេះហើយជាបញ្ហាសំខាន់ជាងគេ។ បញ្ហាសំខាន់មួយទៀតនោះគឺ យើងចង់ឱ្យអ្នកធ្វើការតាមផ្ទះ ទាំងអ្នកទទួលបានប្រាក់ខែ និងអ្នកធ្វើការឱ្យគ្រួសារក្តី ទទួលបានតម្លៃស្មើនឹងកម្មករដទៃទៀតដែរ។ អាហ្នឹងសំខាន់ ព្រោះកម្មករតាមផ្ទះមិនមែនជាទាសករទេ»។

លោកបន្ថែមថា៖ «នៅបរទេសដូចជានៅហ្វីលីពីន និងម៉ាឡេស៊ីជាដើម រដ្ឋាភិបាលគេយកចិត្តទុកដាក់ណាស់។ គេមានលក្ខខណ្ឌបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លះខែម្ដង ឬមួយខែម្ដង ដើម្បីឱ្យមានជំនាញច្បាស់លាស់ និងមានទុន ប៉ុន្តែនៅស្រុកយើង មិនទាន់មានការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តខ្ពស់ពីរដ្ឋាភិបាលនៅឡើយទេ។ ធាតុពិត យើងមិនទាន់ទទួលបានលទ្ធផលទាំងនោះទេ»។

នៅទូទាំងពិភពលោក វិស័យការងារតាមផ្ទះដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានចំនួនសរុបប្រមាណ ៧៥.៦ លាននាក់ ក្នុងនោះស្ត្រីមានចំនួន ៧៦.២ ភាគរយ ដែលត្រូវបានជួលដោយម្ចាស់ផ្ទះផ្ទាល់ និងជួលតាមរយៈភ្នាក់ងារផ្ដល់សេវា។ សម្រាប់កម្ពុជា កម្មករធ្វើការតាមផ្ទះដែលធ្វើការតាមរយៈភ្នាក់ងារផ្ដើមសេវាកម្ម មានប្រមាណ ៤៣ ភាគរយ។

គួរបញ្ជាក់ថា នៅឆ្នាំ ២០១១ អង្គការអន្តរជាតិខាងការងារ (ILO) បានអនុម័តនូវអនុសញ្ញាលេខ ១៨៩ ស្តីពីសិទ្ធិកម្មករការងារតាមផ្ទះ ដោយទទួលស្គាល់សិទ្ធិរបស់ពួកគេដូចជាកម្មករដទៃទៀតដែរ ។ ក្នុងនោះរួមមាន ការឈប់សម្រាកប្រចាំសប្តាហ៍ ឬប្រចាំខែ ម៉ោងធ្វើការ ការទូទាត់សំណងពេលធ្វើការលើសម៉ោង ប្រាក់ឈ្នួលសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំ និងកិច្ចការពារសមស្របនានាប្រឆាំងនឹងអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់៕

សិទ្ធិការងារ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2953}" data-page="1" data-max-pages="1" data-start="1" data-end="1">