ក្រសួងធនធានទឹកណែនាំឱ្យពលរដ្ឋសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

សង្គម

(ស្រែប្រាំងរបស់ពលរដ្ឋនៅ​ស្រុក​សាលា​ក្រៅ ខេត្តខេត្ត​ប៉ៃលិន ដែលជួបបញ្ហាខ្វះទឹក នៅឆ្នាំ២០២៤ ។ រូបភាព៖ តាមបណ្ដាញសង្គម)

ក្រសួងធនធានទឹកណែនាំឱ្យពលរដ្ឋសន្សំសំចៃទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំង។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ 

យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញថា បាតុភូត អែលនីញ៉ូ (El Niño) បានបន្តកើនដល់កម្រិត ១០០% ក្នុងខែកក្កដា និងកើនដល់កម្រិតអតិបរមាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ 

ក្រៅពីនេះ ក៏មានបាតុភូត អាយ អូ ឌី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral) ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីពាក់កណ្តាលរដូវវស្សា ដល់ចុងរដូវស្សាឆ្នាំ២០២៦ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងអតិបរមា ៣៧°C ខ្ពស់ជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងខ្ពស់ជាងឆ្នាំ២០២៥។ 

ចំណែកឯ បរិមាណទឹកភ្លៀងប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូចឆ្នាំ២០២៥។

ក្រសួងរំលឹកថា ពាក់កណ្តាលរដូវវស្សាចាប់ផ្ដើមពីខែកក្កដា ដល់ខែសីហា ហើយកូនរដូវប្រាំងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦ និងលឿនជាងឆ្នាំ២០២៥ ដែលអាចមានរយៈពេលពីរសប្តាហ៍។ 

យោងតាមក្រសួងដដែល បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ប៉ុន្តែនៅចុងរដូវវស្សាបរិមាណទឹកភ្លៀងថយចុះ ហើយរដូវវស្សាអាចបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែតុលា ដែលលឿនជាងធម្មតា និងឆ្នាំ២០២៥។

ក្រសួងពន្យល់ថា ចុងរដូវវស្សាសីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំហើយបរិមាណទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតទាបជាងឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងពីច្រើនទៅមធ្យម។

កសិកររស់នៅស្រុកបវេល ខេត្តបាត់ដំបង លោក វង្ស ប៉ោយយ៉ង់ និយាយថា ទោះបីជាមានការណែនាំពីក្រសួងពាក់ព័ន្ធលើការថែរក្សាទឹក ក៏ពួកគាត់ដែលជាប្រជាកសិករមិនដឹងពីរបៀបធ្វើបែបណាដើម្បីថែរក្សាទឹកទុកដែរ។

លោកចង់ឱ្យបណ្ដាក្រសួងពាក់ព័ន្ធចុះណែនាំដល់ប្រជាកសិករនៅមូលដ្ឋាន ឱ្យបានដឹងពីរបៀបក្នុងការថែរក្សាទឹក និងធ្វើយ៉ាងណាកុំឱ្យមានបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលធ្វើស្រែចម្ការ។ កន្លងមក លោកថាពុំមានក្រសួង ឬស្ថាប័នណាមួយចុះទៅផ្សព្វផ្សាយ និងណែនាំដល់ពួកគាត់នោះទេ ដែលធ្វើឱ្យការធ្វើស្រែចម្ការផ្សេងៗជួបបញ្ហាជាច្រើន ហើយអាស្រ័យផលទៅតាមការនឹកឃើញដោយគ្មានការយល់ដឹងពីលក្ខណៈបច្ចេកទេស។

ប្រភពរូបនេះបន្តថា៖ «ពេលយើងធ្វើស្រែចម្ការយើងយកលុយគេមកធ្វើ ពេលអត់ទឹក អត់ភក់ចឹង មានតែងាប់អស់ មានលុយពីណា ហើយជំពាក់គេ លក់ដីលក់ចម្ការហ្នឹងឯង»។

ប្រជាកាសែតមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងធនធាន និងឧតុនិយមលោក អឿង ចន្ថា
ដើម្បីសុំការឆ្លើយតបជុំវិញការបារម្ភពីបញ្ហាខ្វះខាតទឹកនេះបានទេនៅថ្ងៃទី១៧ ខែមិថុនា។ 

ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានលើកឡើងថា ការប្រែប្រួលអាកាសធាតុជាសកល នឹងធ្វើឱ្យមានការឡើងកម្ដៅប៉ះពាល់ដល់ការធ្វើស្រែចម្ការរបស់ប្រជាកសិករ ដែលតម្រូវឱ្យពួកគាត់ត្រូវតែថែរក្សាទឹកទុកសម្រាប់ការផ្គត់ផ្គង់ក្នុងការធ្វើកសិកម្ម។

លោកយល់ថា ប្រជាកសិករទាំងអស់ត្រូវតែយល់ដឹងលើបញ្ហាទាំងអស់នេះបើមិនដូច្នេះទេ ពួកគាត់អាចនឹងរងការខាតបង់ និងពិបាកក្នុងបង្កបង្កើនផលដំណាំ។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងគួរតែចុះណែនាំដល់ប្រជាកសិករនៅមូលដ្ឋានឱ្យបានញឹកញាប់ និងផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងការធ្វើកសិកម្មតាមបណ្ដាញសង្គមផងដែរ។

លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់សា្ថប័នពាក់ព័ន្ធជាពិសេសក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទឹក និងប្រព័ន្ធស្តុកទឹកចែកចាយ ដើម្បីត្រៀមលក្ខណៈក្នុងការផ្គត់ផ្គង់ទឹកដល់បងប្អូនកសិករ»។ 

គួររម្លឹកថា កាលពីឆ្នាំ២០២៥ កសិករនៅតាមបណ្តាខេត្តមួយចំនួនដូចជាពោធិ៍សាត់ បាត់ដំបង តាកែវ និងកំពង់ឆ្នាំងជាដើម បានជួបប្រទះនូវការខ្វះខាតទឹកសម្រាប់បង្កបង្កើនផលស្រូវរដូវប្រាំង។ អាជ្ញាធរនៅពេលនោះ បានឆ្លើយតបដោយណែនាំឱ្យកសិករផ្អាកធ្វើស្រែប្រាំងជាលើកទី២ ដោយសារអាចប្រឈមនឹងការខ្វះប្រភពទឹក។ ទោះជាយ៉ាងណា ការអំពាវនាវរបស់អាជ្ញាធរនៅពេលនោះ ហាក់មិនបានធ្វើឱ្យពលរដ្ឋសប្បាយចិត្តនោះឡើយ ដោយសារពួកគាត់ត្រូវបង្កបង្កើនផលដើម្បីបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ចំណែកអ្នកជំនាញទទូចឱ្យអាជ្ញាធរពាក់ព័ន្ធរកវិធីសាស្រ្តស្តុក ឬរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដីស្រែនៅក្នុងរដូវប្រាំង៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2987}" data-page="1" data-max-pages="1" data-start="1" data-end="1">