សាលដីកាតុលាការកំពូល ហាមមិនឱ្យលោក រ៉ុង ឈុន ចេញពីរាជធានីភ្នំពេញនិងដាក់ទោស
ផ្សេងទៀត។ នេះបើតាមសាលដីការតុលាការកំពូលនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។ តុលាការបានរក្សាការផ្តន្ទាទោសលោក រ៉ុង ឈុន ដូចតុលាការជាន់ទាបដែរ តែទោសជាប់ពន្ធនាគារត្រូវព្យួរសាកល្បង៣ឆ្នាំ ដោយភ្ជាប់នឹងវិធានហាមប្រាមមួយចំនួន រួមមាន បន្ធូរបន្ថយការដកសិទ្ធិនានារួមទាំងការដកសិទ្ធិនយោបាយមកនៅត្រឹមរយៈពេល៥ឆ្នាំវិញ គិតចាប់ពីថ្ងៃប្រកាសសាលដីកា។
សហមេធាវីការពារក្ដីឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន គឺលោកមេធាវី អែម ចន្ថា ប្រាប់ថា តុលាការកំពូលនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសសាលដីកាតម្កល់ការផ្ដន្ទាទោសលោក រ៉ុង ឈុន ដូចតុលាការជាន់ទាប តែទោសជាប់ពន្ធនាគារត្រូវព្យួរសាកល្បង៣ឆ្នាំឱ្យនៅក្រៅឃុំ និងដាក់វិធានហាមចេញពីរាជធានីភ្នំពេញ និងហាមចូលរួមវេទិកាសាធារណៈ។
លោកមេធាវីឱ្យដឹងថា តុលាការកំពូលក៏បានបន្ធូរបន្ថយនូវទោសបន្ថែមរបស់កូនក្ដីលោក គឺការដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ព្រមទាំងការដកសិទ្ធិនយោបាយអចិន្រ្តៃយ៍នោះ ត្រូវថយមកត្រឹមរយៈពេល៥ឆ្នាំវិញ គិតចាប់ពីថ្ងៃប្រកាសសាលដីកា។
លោកថា៖ «ការសម្រេចនេះយើងអាចទទួលយកបានខ្លះ មិនទាំងស្រុងក៏ជាការត្រេកអរផងដែរ ដែលមិនបានសម្រេចដាក់ទោសពន្ធនាគារដោយចាប់បង្ខំ អនុវត្តដីកាចាប់ខ្លួនដាក់ពន្ធនាគារ។ ក្នុងនាមខ្ញុំមេធាវីឃើញកូនក្ដីបាននៅក្រៅឃុំក៏ជាការត្រេកអរមួយដែរ។ មានន័យថាតុលាការកំពូលបានពិចារណាអំពីអង្គច្បាប់អង្គហេតុ»។
នៅខាងក្រៅតុលាការកំពូលនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ មានពលរដ្ឋរាប់រយនាក់ទៅគាំទ្រលោក រ៉ុង ឈុន។ ក៏ប៉ុន្តែសមត្ថកិច្ចចម្រុះជាច្រើននាក់បានដាក់ប៉ារ៉ាស់រារាំងអ្នកគាំទ្រទាំងនោះមិនឱ្យចូលកៀករបងតុលាការ។ ពួកគេបានស្រែកព្រមគ្នាថា «ផ្ដល់សេរីភាពជូនលោកគ្រូ រ៉ុង ឈុន»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មិនបានចូលស្ដាប់ការប្រកាសសាលដីកានៅក្នុងតុលាការកំពូលទេ ដោយលោកនៅក្រៅតុលាការជាមួយអ្នកគាំទ្រ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីលោកទទួលបានលទ្ធផលថា ការសម្រេចរបស់តុលាការកំពូលជារឿងអយុត្តិធម៌។
លោកថា៖ «ការសម្រេចនេះ ក្នុងកាលៈទេសៈប្រទេសជាតិយើងបែបនេះ វាជាសេចក្ដីសម្រេចចិត្តមួយយ៉ាងអយុត្តិធម៌ ហើយនៅតែមិនបង្ហាញអំពីការផ្សះផ្សាជាតិ ការឯកភាពជាតិ ហើយមិនបង្ហាញទៅតាមការចង់បានរបស់អន្តរជាតិ»។
តែយ៉ាងណា លោក រ៉ុង ឈុន ថាលោកនឹងតស៊ូមតិជំទាស់នឹងការសម្រេចរបស់តុលាការឱ្យអស់ពីលទ្ធភាព ដោយលោកមិនអស់សង្ឃឹមឡើយ ព្រោះលោកយល់ថាស្ថានភាពអាចវិវត្តទៅភាពល្អប្រសើរនាពេលខាងមុខ។
លោកបន្ថែមថា៖ «នយោបាយបងប្អូន! មានន័យថាការវិវត្តលឿនណាស់ ឥឡូវនេះគេព្យួរទោសខ្ញុំ តម្រូវឱ្យខ្ញុំដើរ ដកសិទ្ធិមិនឱ្យខ្ញុំធ្វើនយោបាយ។ ប៉ុន្តែស្អែកខានស្អែក វាអាចមានលក្ខណៈល្អប្រសើរ។ អ៊ីចឹងយើងមិនអាចអស់សង្ឃឹម យើងមិនអាចវាយតម្លៃស្ថានភាពថាយើងទៅអត់រួចទេ»។
ចំណែកឯប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី និយាយថា នៅក្នុងរដ្ឋធម្មនុញ្ញមិនបានចែងពីការដកសិទ្ធិពលរដ្ឋទេ ហើយក៏មិនបានចែងពីការដកសិទ្ធិអ្នកនយោបាយឡើយ។ ជាមួយគ្នានេះ លោកចោទជាសំណួរថា «តើឯណាទៅដែលយុត្តិធម៌សម្រាប់អ្នកប្រជាធិបតេយ្យ? ស្មើភាពគ្នាទេនៅក្នុងការប្រកួតប្រជែង?»។
លោកថា៖ «ខ្ញុំគិតថា ការប្រើឆន្ទានុសិទ្ធិរបស់តុលាការកំពូលដែលដាក់ទោសទណ្ឌអ្នកទាំងអស់គ្នាស្រដៀងៗគ្នា ថ្ងៃនេះគឺលោក រ៉ុង ឈុន ថ្ងៃមុនៗមានលោក កឹម សុខា មានលោក ថាច់ សេដ្ឋា ក៏មានលោក ស៊ុន ចន្ធី ដែរ។ អាហ្នឹងគេហៅថា បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋតាមរយៈការចូលរួមនយោបាយជាមួយគណបក្សប្រជាធិបតេយ្យ»។
រីឯពលរដ្ឋដែលជាអ្នកគាំទ្រគឺអ្នកស្រី សួង សុខផាត វ័យ៧៦ឆ្នាំ បានប្រាប់ថា អ្នកស្រីធ្វើដំណើរមកពីក្រុងសៀមរាប ខេត្តសៀរាបទាំងយប់ដើម្បីមកគាំទ្រលោក រ៉ុង ឈុន នៅថ្ងៃប្រកាសសាលដីកានៅតុលាការកំពូល ព្រោះអ្នកស្រីពេញចិត្តសកម្មភាពរបស់លោក រ៉ុង ឈុន ដែលធ្វើការដើម្បីតែប្រទេសជាតិ។
អ្នកស្រីយល់ថា ការសម្រេចរបស់តុលាការកំពូលចំពោះរឿងលោក រ៉ុង ឈុន មានភាពធូរដែរសម្រាប់ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ អ្នកស្រីស្នើសុំឱ្យបើកសិទ្ធិធ្វើនយោបាយជូនលោក រ៉ុង ឈុន វិញ។
អ្នកស្រីថា៖ «ខ្ញុំសំណូមពរឱ្យតុលាការបើកសិទ្ធិឱ្យគាត់ធ្វើនយោបាយទៅវិញទៅ គាត់ធ្វើដើម្បីតែជាតិទេ គាត់អត់បានធ្វើដើម្បីអ្វីទេ ធ្វើដើម្បីតែជាតិ ដើម្បីតែខ្មែរយើងទេ[…]ខ្មែរយើងសាមគ្គីគ្នាបានទើបខ្មែរខ្លាំង។ យើងបែកបាក់គ្នាឃើញទេ ចោរឈ្លានពានវាគគ្លើនណាស់។ ខ្មែរត្រូវតែសាមគ្គីគ្នាទើបខ្មែរឈ្នះ»។
ប្រជាកាសែតមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌អ្នកស្រី ឌី ម៉ូឡានី បានទេត្រឹមរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
តែយ៉ាងណាអ្នកនាំពាក្យរូបនេះធ្លាប់មានប្រសាសន៍ឆ្លើយតបនឹងករណីលោក រ៉ុង ឈុន ថា ប្រសិនបើមានភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការ អ្នកពាក់ព័ន្ធអាចដាក់បណ្ដឹងទៅកាន់លេខាធិការដ្ឋាននៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌។
អ្នកស្រីថា៖ «ការសម្រេចរបស់តុលាការត្រូវតែធ្វើឡើងដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង។ ដោយឡែក ក្នុងករណីយល់ឃើញថា មានភាពមិនប្រក្រតី អាចទាក់ទងដើម្បីដាក់ពាក្យបណ្តឹងមកកាន់លេខាធិការដ្ឋាននៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌បាន»។
ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត យល់ថា ការវិនិច្ឆ័យរបស់តុលាការកំពូល ល្អជាងសាលាឧទ្ធរណ៍ភ្នំពេញ និងសាលដំបូងរាជធានីភ្នំពេញ ព្រោះបានព្យួរទោសជាប់ពន្ធនាគាររបស់លោក រ៉ុង ឈុន។
លោកថា៖ «ការមិនដាក់ទោសឱ្យជាប់ពន្ធនាគារនេះ វាសបញ្ជាក់ថា យើងមានការយល់ដឹងច្រើនពាក់ព័ន្ធទៅនឹងរឿងនយោបាយ ដោយសារតែប្រទេសកម្ពុជាយើងមានការជម្លោះទាស់ទែងគ្នារវាងអ្នកជិតខាង រវាងកម្ពុជាហើយនិងថៃហ្នឹង»។
ទន្ទឹមនឹងនេះ លោក សុខសាន្ត សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានឹងស្នើសុំព្រះមហាក្សត្រលើកលែងទោសអ្នកនយោបាយទាំងអស់ឱ្យមានសេរីភាពដើម្បីរួមគ្នាអភិវឌ្ឍជាតិ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពិន័យប្រាក់ ៤លានរៀល ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «បទមិនរាងចាល បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។ ការកាត់ទោសនេះ គឺពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោកជុំវិញបញ្ហាបោកប្រាស់តាមប្រព័ន្ធអនឡាញនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យប្រាក់ចំនួន ៤លានរៀល ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «បទមិនរាងចាល បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»៕







