កុមារកំព្រាជាង ១០០នាក់នៅរុនតាឯក កំពុងខ្វះខាតស្បៀងអាហារ និងសម្ភារសិក្សាដែលត្រូវការជំនួយបន្ទាន់។កុមារទាំងនោះរស់នៅក្នុងសាលាអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ ។
សាលាអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ ស្ថិតនៅតំបន់រុនតាឯក ខេត្តសៀមរាប បានបន្តអំពាវនាវដល់សប្បុរសជន និងស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមជួយឧបត្ថម្ភជាអាហារ សម្ភារសិក្សា និងឧបករណ៍ចាំបាច់ផ្សេងៗ ជាពិសេសកង្ហារសម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សា និងជួបការលំបាកយ៉ាងខ្លាំង។
ការអំពាវនាវនេះ ធ្វើឡើងដោយសារសាលារៀនកំពុងជួបបញ្ហាខ្វះខាតថវិកាយ៉ាងខ្លាំង ក្នុងការបន្តផ្គត់ផ្គង់ និងជួយទៅដល់កុមារកំព្រា ក៏ដូចជាទុរគតជន ដែលអាចនឹងប្រឈមនឹងការបិទរង្វង់ប្រតិបត្តិការ ប្រសិនបើគ្មានជំនួយពីសប្បុរសជនបន្តទៀតទេនោះ។
ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប សាលាអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ គ្របដណ្តប់លើផ្ទៃដីប្រមាណជា ៥០០ ម៉ែត្រការ៉េ ត្រូវបានកសាងឡើងវិញនៅឆ្នាំ២០២៤ បន្ទាប់ពីមានការតម្រូវឱ្យផ្លាស់ប្តូរទីតាំងស្របតាមការរៀបចំរបស់រាជរដ្ឋាភិបាល។ ការចាប់ផ្តើមប្រតិបត្តិការលើទីតាំងថ្មីនេះ បានធ្វើឱ្យសាលាត្រូវចំណាយថវិកាយ៉ាងច្រើនសម្រាប់ការសាងសង់អគារ បន្ទប់រៀន ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំបរិក្ខារចាំបាច់ផ្សេងៗសម្រាប់កុមារកំព្រាជាង ១២០នាក់។
បច្ចុប្បន្ន សាលាកំពុងប្រឈមនឹងការខ្វះខាតថវិកា សម្ភារសិក្សា និងឧបករណ៍ប្រើប្រាស់សម្រាប់ក្មេងៗ។ ជាពិសេស សាលាកំពុងត្រូវការថវិកាដើម្បីសាងសង់រោងក្មេងលេងនៅម៉ោងសម្រាក ដោយសារអាកាសធាតុនៅខាងក្រៅថ្នាក់រៀនជាទូទៅគឺក្តៅខ្លាំង។
គម្រោងសាងសង់រោងក្មេងលេងនេះ នឹងរៀបចំធ្វើជាពីរជាន់ ដោយជាន់ទី១ សម្រាប់ដាក់ឧបករណ៍ក្មេងលេង ដូចជាទោងយោល ទោងរអិល ទោងវិល និងទោងជណ្ដើរស្វាជាដើម ចំណែកជាន់ទី២ នឹងរៀបចំធ្វើជាកន្លែងហាត់រៀនសិល្បៈគំនូរ ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី និងសុខភាពផ្លូវចិត្តរបស់កុមារ។
អង្គុយនៅក្នុងបន្ទប់ការិយាល័យដ៏តូចចង្អៀត នាយកសាលាអង្គការ គឺលោកគ្រូ សុខ វណ្ណា បានរៀបរាប់ថា សាលាកំពុងជួបបញ្ហាខ្វះខាតជាច្រើន ទាំងថវិកា សម្ភារសិក្សា ឧបករណ៍ក្មេងលេង កង្ហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត ជាពិសេសគឺថវិកាសម្រាប់ផ្គត់ផ្គង់អាហារប្រចាំថ្ងៃដល់សិស្សានុសិស្ស។
លោកបញ្ជាក់ថា សាលាពិតជាត្រូវការថវិកាមួយចំនួន ដើម្បីកសាងអគាររោងមួយសម្រាប់ក្មេងៗលេងពេលម៉ោងសម្រាក ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ១០ម៉ែត្រ ខណៈសាលាកំពុងប្រឈមការខ្វះខាតថវិកាយ៉ាងខ្លាំង។ លោកសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្នសាលាមានសិស្សចំនួន ១២០នាក់ មកពីគ្រួសារក្រីក្រ ហើយ ៣០ភាគរយ ជាកុមារកំព្រាឪពុកម្តាយ ដែលពួកគាត់ត្រូវការការអប់រំ អាហារហូបចុក និងការលើកទឹកចិត្តខ្លាំងណាស់»។
លោករៀបរាប់ទៀតថា គោលបំណងសំខាន់របស់សាលា គឺចង់ឱ្យកុមារកំព្រា និងកុមារដែលជួបការលំបាកក្នុងជីវភាព មានឱកាសរៀនសូត្រខ្ពស់ដូចកុមារដទៃទៀត ព្រោះការអប់រំមិនត្រឹមតែជួយឱ្យពួកគេទទួលបានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យពួកគេមានអនាគតល្អប្រសើរ មានការងារសមរម្យ និងអាចជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគេផងដែរ។ លោកអះអាងថា កុមារទាំងនេះ គឺជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ប្រសិនបើពួកគេទទួលបានឱកាសសិក្សាគ្រប់គ្រាន់ នាពេលអនាគត ពួកគេនឹងក្លាយជាពលរដ្ឋល្អ ដែលអាចចូលរួមអភិវឌ្ឍសហគមន៍ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
លោកបន្តថា ការផ្តល់អាហារប្រចាំថ្ងៃ គឺជាកត្តាសំខាន់ដែលជួយឱ្យកុមារមានកម្លាំង សុខភាពល្អ និងអាចផ្តោតអារម្មណ៍លើការសិក្សាបានកាន់តែប្រសើរ ដូច្នេះ សាលាសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមឧបត្ថម្ភថវិកា ឬស្បៀងអាហារ ដើម្បីធានាថា កុមារទាំងនេះទទួលបានអាហារបរិភោគគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។
លោកគ្រូនាយកបានថ្លែងអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តាបន្តជួយដល់សាលាយើងខ្ញុំតាមកម្លាំងសទ្ធា ព្រោះសាលាយើងនៅខ្វះខាតថវិកានៅឡើយ ជាពិសេសសាលាកំពុងរៀបចំកសាងរោងមួយសម្រាប់ទុកឱ្យកូនៗសិស្សានុសិស្សសម្រាកពេលចេញលេង ព្រោះខាងក្រៅថ្នាក់អាកាសធាតុក្តៅ។ ហើយពួកយើងខ្ញុំក៏ស្នើសុំសម្ភារសិក្សា ឧបករណ៍ផ្សេងៗ និងថវិកាដើម្បីទុកទិញអាហារហូបចុកបីពេលសម្រាប់កូនៗកុមារកំព្រា»។
លោក សុខ វណ្ណា បានលើកឡើងបន្តថា វិភាគទានរបស់សប្បុរសជន នឹងជួយឱ្យកុមារកំព្រាមានស្នាមញញឹម និងអាចបន្តការសិក្សាបានដោយភាពកក់ក្តៅ ហើយការចូលរួមរបស់សប្បុរសជនមិនថាតិចឬច្រើននោះទេ គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់កុមារទាំងនេះ ដែលកំពុងត្រូវការការគាំទ្រផ្នែកអាហារូបត្ថម្ភ ការអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកសង្ឃឹមថា តាមរយៈការចែករំលែក និងការយកចិត្តទុកដាក់ពីសប្បុរសជនទាំងអស់ នឹងធ្វើឱ្យកុមារកំព្រាទាំងនេះទទួលបានឱកាសសិក្សារៀនសូត្រកាន់តែប្រសើរ មានក្តីសង្ឃឹមសម្រាប់អនាគត និងអាចក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។
លោកបន្ថែមថា៖ «ខ្ញុំចង់ឱ្យកុមារមានឱកាសដូចគ្នាដែរ ព្រោះកុមារជាអនាគតរបស់ប្រទេសជាតិយើង ជាទំពាំងស្នងឫស្សី។ សាលាអង្គការរបស់យើង ចំណាយក្នុងមួយខែៗជិត ១ពាន់ដុល្លារ តាំងពីថ្លៃគ្រូបង្រៀន ៤នាក់ ទឹកភ្លើង ជាពិសេសចំណាយលើអាហារហូបចុករបស់កូនៗជាអាទិភាព ដូច្នេះយើងខ្ញុំបន្តអំពាវនាវដល់បងប្អូនសប្បុរសជន អាចបន្តជួយឧបត្ថម្ភអាហារូបត្ថម្ភ លុយកាក់ថវិកា និងសម្ភារសិក្សាមួយចំនួន ដើម្បីជួយដល់កូនៗអាចបន្តការសិក្សា ជួយឱ្យពួកគាត់អាចទទួលបានឱកាសល្អដូចកូនៗគេដទៃ ដែលអាចបន្តរៀនសូត្របានខ្ពង់ខ្ពស់ សម្រាប់អនាគតពួកគាត់ផង និងការអភិវឌ្ឍសង្គមជាតិផង»។
សាលាអង្គការឧបត្ថម្ភកុមារកំព្រា និងទុរគតជនកម្ពុជាដើម្បីអភិវឌ្ឍន៍ មិនមានលទ្ធភាពផ្តល់ទីកន្លែងស្នាក់នៅទាំងយប់ទាំងថ្ងៃសម្រាប់សិស្សនោះទេ ប៉ុន្តែសាលាបានផ្តល់អាហារចំនួនបីពេលដល់សិស្សជារៀងរាល់ថ្ងៃ។ បុគ្គលិកសាលាគឺអ្នកគ្រូ វន់ វ៉ាន់រី វ័យ ២៩ឆ្នាំ ក្នុងដៃកំពុងពរកូនតូចកើតបានជាង ២ខែ បានត្អូញត្អែរថា សាលាអង្គការកុមារកំព្រាពិតជាកំពុងខ្វះខាតថវិកា សម្ភារសិក្សា និងឧបករណ៍ផ្សេងៗសម្រាប់កុមារ។ អ្នកគ្រូត្អូញត្អែរទៀតថា បច្ចុប្បន្ន ក្រៅពីការខ្វះខាតសម្ភារសិក្សា និងឧបករណ៍ប្រើប្រាស់ កុមារកំព្រាទាំងនោះ ក៏កំពុងប្រឈមនឹងបញ្ហាកង្វះអាហារហូបប្រចាំថ្ងៃផងដែរ ខណៈថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារនៅមានកម្រិត។
អ្នកគ្រូសង្ឃឹមថាកង្វះខាតដែលសាលាកំពុងជួបប្រទះនឹងអាចទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពីសប្បុរសជន ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងការអប់រំរបស់កុមារកំព្រាជាង ១០០នាក់នេះ។ អ្នកស្រីបារម្ភថាប្រសិនបើបញ្ហាខ្វះខាតទាំងនេះ មិនត្រូវបានដោះស្រាយនិងយកចិត្តទុកដាក់ទេ វាអាចជះឥទ្ធិពលអវិជ្ជមានដល់អនាគតកុមារ ដែលកំពុងត្រូវការការថែទាំ អាហារូបត្ថម្ភ និងការអប់រំ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សល្អសម្រាប់សង្គមជាតិ។
អ្នកស្រីនិយាយថា៖ «ដូចលោកគ្រូ (អ្នកកាសែត) បានឃើញស្រាប់ហើយ សាលាយើងនៅខ្វះខាតថវិកាសម្រាប់កសាងរោងសម្រាប់ក្មេងៗលេង ព្រោះម៉ោងចេញលេង អាកាសធាតុខាងក្រៅក្តៅខ្លាំង ដូច្នេះយើងត្រូវការថវិកាដើម្បីកសាង ជាពិសេសយើងបន្តអំពាវនាវដល់សប្បុរសជនឱ្យបន្តជួយដល់សាលា មិនថាសម្ភារសិក្សា ឧបករណ៍ក្មេងលេង និងស្បៀងអាហារ ដើម្បីបន្តជួយដល់ក្មេងកំព្រា តាមកម្លាំងសទ្ធា»។
ចំណែក កុមារីឈ្មោះ សុខ ផាន់ម៉ៃ អាយុ ១២ឆ្នាំ ជាកុមារកំព្រាឪពុក បានរៀបរាប់ទាំងអារម្មណ៍រំជួលចិត្តថា នាងបានកំព្រាឪពុកតាំងតែពីអាយុ ៤ឆ្នាំ ដោយត្រូវឃ្លាតឆ្ងាយពីបង្គោលទ្រទ្រង់គ្រួសារ ទើបធ្វើឱ្យជីវភាពគ្រួសារជួបការលំបាក។ អង្គុយក្នុងបន្ទប់រៀន អមជាមួយនឹងសំឡេងមិត្តភក្តិលើកទឹកចិត្តពីខាងក្រោយ កុមារី ផាន់ម៉ៃ និយាយថា ទោះបីជាជីវភាពរស់នៅជួបការលំបាកខ្លាំង និងខ្វះខាតក៏ដោយ ក៏នាងនៅតែតស៊ូប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតល្អ។
កុមារីកំព្រារូបនេះបានរៀបរាប់ថា សាលាអង្គការកុមារកំព្រានេះ បានផ្តល់ជំនួយនិងការគាំទ្រដល់នាង និងគ្រួសារក្រីក្រផ្សេងទៀតយ៉ាងច្រើន ទាំងផ្នែកការសិក្សា ការថែទាំ និងការផ្គត់ផ្គង់តម្រូវការចាំបាច់មួយចំនួនសម្រាប់ជីវភាពរស់នៅ។ សម្រាប់កុមារី សុខ ផាន់ម៉ៃ អះអាងថា នាងបានទទួលឱកាសសិក្សា និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីលោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងសាលា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យនាងទទួលបានការអប់រំ និងការថែទាំ ដែលបានផ្តល់ក្តីសង្ឃឹមដល់នាង និងគ្រួសារក្នុងការកសាងអនាគតប្រសើរជាងមុន។
កុមារី សុខ ផាន់ម៉ៃ បានសម្តែងក្តីដឹងគុណចំពោះសាលាអង្គការកុមារកំព្រា និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ការថែទាំ ការអប់រំ និងការគាំទ្រដល់នាង និងគ្រួសារ ក្នុងគ្រាទុក្ខលំបាកកន្លងមក។ នាងនិយាយថា៖ «នាងខ្ញុំកំព្រាឪពុកតាំងពីតូច រស់នៅជាមួយម្តាយនិងលោកយាយ ប្អូនពីរនាក់ទៀត ជីវភាពគ្រួសារគឺលំបាកខ្លាំង ព្រោះអត់មានឪចិញ្ចឹម។ តែសំណាងល្អដែរបានសាលារៀនកុមារកំព្រានេះជួយខ្ញុំនិងប្អូនម្នាក់ទៀតឱ្យបានរៀនសូត្រមិនអស់លុយ និងជួយផ្គត់ផ្គង់សម្ភារសិក្សា អាហារហូបចុកដល់ខ្ញុំនិងគ្រួសារថែមទៀតផង»។
បន្ថែមពីនេះ លោកយាយរបស់កុមារី សុខ ផាន់ម៉ៃ គឺលោកស្រី ឡុច ជា ដែលមានអាយុ ៥៩ឆ្នាំ បានកោតសរសើរចំពោះទឹកចិត្តសប្បុរស និងការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សិស្សានុសិស្ស ដោយខិតខំស្វែងរកជំនួយ និងផ្តល់ឱកាសឱ្យកុមារបានបន្តការសិក្សា ទោះបីជាសាលាកំពុងប្រឈមនឹងការខ្វះខាតយ៉ាងណាក៏ដោយ។ លោកស្រីសង្កត់ធ្ងន់ថា ការលះបង់និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់សិស្សានុសិស្ស ជាពិសេស កុមារកំព្រាដែលកំពុងត្រូវការការអប់រំ និងការលើកទឹកចិត្ត ដើម្បីកសាងអនាគតល្អ។
លោកស្រីអះអាងថា ក្រៅពីការផ្តល់ឱកាសឱ្យកូនៗបានសិក្សារៀនសូត្រ សាលាអង្គការកុមារកំព្រាក៏បានជួយឧបត្ថម្ភស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ដូចជាទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារផ្សេងៗដល់គ្រួសារលោកស្រីផងដែរ។ លោកស្រីថា៖ «សាលាអង្គការកុមារកំព្រានេះល្អណាស់ និងយកចិត្តទុកដាក់ណាស់ក្មួយ ជួយក្មេងៗបានច្រើន ជាពិសេសក្មេងៗកុមារកំព្រា គ្រាន់តែចៅខ្ញុំពីរនាក់ទៅរៀននៅហ្នឹង អត់អស់លុយហើយ បានបាយហូបឥតគិតថ្លៃ និងពេលខ្លះសាលាជួយដល់គ្រួសារខ្ញុំ ផ្តល់របស់របរ មី ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល។ល។ ឥឡូវឮថាសាលាខ្វះខាត ខ្ញុំក៏ចង់អំពាវនាវឱ្យបងប្អូន កូនចៅសប្បុរសជនមេត្តាបន្តជួយដល់សាលាផង ដូចបានជួយក្មេងៗកំព្រាផងដែរ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ការអំពាវនាវរកជំនួយពីសប្បុរសជន គឺជាសិទ្ធិរបស់សាលា ឬអង្គការមនុស្សធម៌នានា ជាពិសេស នៅពេលដែលពួកគេកំពុងមានតម្រូវការជួយដល់កុមារកំព្រា ឬកុមារងាយរងគ្រោះ ដែលកំពុងប្រឈមបញ្ហាខ្វះខាតផ្សេងៗ។ លោកបន្តថា ការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភដល់កុមារកំព្រា គឺជាទង្វើល្អ និងមានគុណតម្លៃខ្ពស់ព្រោះវាបានផ្តល់ឱកាសឱ្យក្មេងៗដែលជាកុមារកំព្រាទទួលបានការអប់រំ ការថែទាំនិងការអភិវឌ្ឍសមត្ថភាពដើម្បីអនាគតពួកគេ។
សម្រាប់លោក យង់ គិមអេង ការចូលរួមចំណែករបស់សប្បុរសជន តាមរយៈការជួយឧបត្ថម្ភថវិកា សម្ភារសិក្សា អាហារ និងឧបករណ៍ចាំបាច់ផ្សេងៗ គឺជាការផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់សិស្សានុសិស្សដែលជាកុមារកំព្រា ដែលជួយឱ្យពួកគេមានលទ្ធភាពបន្តការសិក្សា និងអភិវឌ្ឍខ្លួនឆ្ពោះទៅរកអនាគតដ៏ប្រសើរក្នុងសង្គមជាតិ។ លោកថា៖ «តាមពិតការរៃអង្គាស ឬអំពាវនាវស្វែងរកសប្បុរសជនជាសិទ្ធិរបស់អង្គការ ប្រសិនបើអង្គការនោះខ្វះលទ្ធភាពពិតមែន។ ជាទូទៅអង្គការដែលមានធនធានផ្ទាល់ខ្លួនមកពីណា! ពឹងលើសប្បុរសជន ម្ចាស់ជំនួយហ្នឹងហើយឱ្យជួយដល់អង្គការឱ្យដំណើរការនោះ។ តែយ៉ាងណា អង្គការក្រៅរដ្ឋាភិបាលត្រូវតែបង្ហាញតម្លាភាពដើម្បីជាទំនុកចិត្តដល់ម្ចាស់ជំនួយ ដល់អាណាព្យាបាល ទើបគេមានទំនុកចិត្តបន្តជួយដល់អង្គការយើងផងដែរ»។
ងាកមកនាយកសាលាអង្គការកុមារកំព្រារុនតាឯក គឺលោកគ្រូ សុខ វណ្ណា វិញ បានបញ្ជាក់ថា សាលាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការអប់រំ ការថែទាំ និងការគាំទ្រដល់កុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះនៅក្នុងសហគមន៍។ លោកបញ្ជាក់ទៀតថា សាលានេះចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០០៦ ដែលទីតាំងចាស់ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ប៉ុន្តែត្រូវបានផ្លាស់ទីនៅឆ្នាំ២០២៤ មកតំបន់រុនតាឯក ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោកសង្កត់ធ្ងន់ថា សាលាអង្គការកុមារកំព្រា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសឱ្យកុមារកំព្រាទទួលបានការសិក្សា និងការអភិវឌ្ឍសមត្ថភាព ដើម្បីជាជំហានឈានទៅរកការកសាងអនាគតដ៏ប្រសើររបស់ពួកគេ។ បច្ចុប្បន្ន សាលាកំពុងផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រដល់សិស្សានុសិស្សជាច្រើននាក់ ដោយផ្តោតលើការអប់រំភាសាខ្មែរ អង់គ្លេស កុំព្យូទ័រ ចរិយាសម្បត្តិ ជំនាញជីវិត និងជួយសម្របសម្រួលការផ្លាស់ប្តូរការសិក្សារបស់សិស្សពីសាលាអង្គការទៅសិក្សានៅសាលារដ្ឋជាដើម។ ទោះជាយ៉ាងណា សាលានៅតែប្រឈមនឹងការខ្វះខាតថវិកា សម្ភារសិក្សា អាហារ និងឧបករណ៍ចាំបាច់ផ្សេងៗ ដែលទាមទារឱ្យមានការគាំទ្រពីសប្បុរសជន និងសង្គមទាំងមូល៕
(អត្ថបទដោយ៖ វឌ្ឍនៈ ឧត្តម)







