រដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញជាថ្មី

សង្គម

(ទិដ្ឋភាពនៃការប្រណាំងទូកង នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ​​​​​នាពេលកន្លងមក។ រូបភាព៖ AKP)

រាជរដ្ឋាភិបាលផ្អាករៀបចំពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញជាថ្មី ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ។ នេះបើតាមការបញ្ជាក់ក្នុងសារលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជាចុះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

លិខិតដដែលបញ្ជាក់ថា មូលហេតុនៃការផ្អាកនេះ ដោយសារតែរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួនទៀត។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលណែនាំ ឱ្យមានការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ការឈប់សម្រាករបស់មន្ត្រីរាជការ កម្មករនិយោជិត រយៈពេលបីថ្ងៃក្នុងឱកាសពិធីបុណ្យអុំទូក នៅតែរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ១៦៧ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

សារាចរបានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក យុទ្ធជន និងគ្រួសារយុទ្ធជន ដែលរងរបួស ពលី និងកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន។

រាជរដ្ឋាភិបាលបញ្ជាឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។

រាជរដ្ឋាភិបាលជម្រុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំង និងការកើនឡើងកម្ដៅនៅរដូវប្រាំង ដោយសារបាតុភូតអែលនីញ៉ូ ដែលបណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។

រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ចំនួនបីថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក៏បានចេញសារាចរសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញផងដែរ ដោយសាររាជរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3100}" data-page="1" data-max-pages="1" data-start="1" data-end="1">