អ្នកឆ្លងគ្រុនឈាមនៅកោះកុង កើនជាង២ដងនៅ៣ខែឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

សុខភាព

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងកំពុងសួរពីស្ថានភាពអ្នកជំងឺ។ (រូបថតពី មន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦)

មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមសរុបជាង ៣០០នាក់ គិតចាប់ពីដើមខែមេសា ដល់ចុងខែមិថុនា ឆ្នាំ២០២៦ ដែលចំនួននេះបានកើនឡើងប្រមាណ ២ដង នៃចំនួនអ្នកជំងឺសរុបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោក ហៃ ឡៃសុន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកជំងឺគ្រុនឈាមសរុបចំនួន ៣៧៤នាក់ ក្នុងនោះអ្នកជំងឺដែលជាកុមារក្រោមអាយុ ១៥ឆ្នាំ មានចំនួន ២៧៩នាក់ និងអ្នកមានវ័យលើស ១៥ឆ្នាំ មានចំនួន ៩៥នាក់។

លោក ឡៃសុន បញ្ជាក់ថា តួលេខនេះកើនឡើង ២០១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ ដែលមានអ្នកជំងឺគ្រុនឈាមចំនួន ១២៤នាក់។ តែយ៉ាងណា ក្នុងចំណោមករណីឆ្លងក្នុងឆ្នាំ២០២៦ គឺគ្មានករណីអ្នកជំងឺស្លាប់ឡើយ។

លោកថា៖ «អ្វីដែលជាកង្វល់របស់មន្ទីរពេទ្យគឺឃើញថា អ្នកជំងឺមានការកើនឡើងច្រើន ហើយតាមរយៈការសម្ភាសន៍អ្នកជំងឺ នៅក្នុងសហគមន៍របស់គាត់ហាក់ដូចជាមានមូសច្រើន នេះគ្រាន់តែជាអ្វីដែលប្រជាពលរដ្ឋគាត់លើកឡើងទេ»។

ជុំវិញករណីនេះ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណ​កសាស្ត្រ នៃក្រសួងសុខាភិបាល លោក ហ៊ុយ រ៉េកុល សង្កេតឃើញថា ករណីឆ្លងជំងឺគ្រុនឈាមបានកើតឡើងទូទាំងប្រទេស ដោយរាយប៉ាយតាមតំបន់ផ្សេងៗគ្នា ហើយរាជធានីភ្នំពេញមានអត្រាឆ្លងជំងឺនេះតិចជាងគេ ព្រោះមានអនាម័យល្អ។

លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ នេះ មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណ ១២ ០០០ ករណី និងមានអត្រាស្លាប់ដោយសារជំងឺនេះ ០,១ ភាគរយ។ លោកថា ករណីឆ្លងសរុបនេះប្រហាក់ប្រហែលនឹងចំនួនករណីឆ្លងនៅឆ្នាំ២០២៥ ដែរ។

ទន្ទឹមនឹងនេះ លោកថា ក្រសួងសុខាភិបាលបានអនុវត្តនូវកិច្ចការងារជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម តួយ៉ាងដូចជា ការចេញលិខិតជូនដំណឹងតាមបណ្តាញសង្គមដល់ពលរដ្ឋដើម្បីបង្ការជំងឺនេះ កិច្ចសហការរវាងក្រសួងសុខាភិបាលនិងអាជ្ញាធរនៅមូលដ្ឋាន ការធ្វើយុទ្ធនាការលុបបំបាត់ប្រភពដកទឹក ដោយដាក់ថ្នាំសម្លាប់ដង្កូវទឹកតាមពាងទឹកពលរដ្ឋ និងការបាញ់ថ្នាំមូសជាដើម។

លោក ហ៊ុយ រ៉េកុល អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់សម្អាតកុំឱ្យមានដង្កូវទឹក ដែលបង្កើតជាមូសនាំឱ្យមានប្រភពចម្លងជំងឺគ្រុនឈាម។

លោកបន្ថែមថា៖ «សូមឱ្យយកចិត្តទុកដាក់ថាតើផ្ទះយើងមានដង្កូវទឹកអត់? ហើយបើមានគឺយើងត្រូវតែគ្រប់គ្រង កម្ចាត់ កម្ទេចចោលនូវដង្កូវទឹកទាំងអស់នេះ។ សរុបរួមគឺអនាម័យបរិស្ថានស្អាតល្អ ផ្ទះសម្បែងរស់នៅស្អាត មានពន្លឺថ្ងៃចេញចូល»។

ក្នុងឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ម៉ឺនករណី ហើយក្នុងចំណោមនោះមាន ៦៤ករណី បានបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ឡូ វាសនាគិរី ដែលបានលើកឡើងក្នុង «សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក៕

អានអត្ថបទផ្សេងទៀតអំពី សុខភាព

សុខភាព","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3161}" data-page="1" data-max-pages="1" data-start="1" data-end="1">