ក្រសួងសុខាភិបាលជំរុញឱ្យពលរដ្ឋលុបបំបាត់ជម្រកមូសខ្លា ចំពេលមានសេចក្ដីរាយការណ៍ពីករណីផ្ទុះជំងឺគ្រុនឈាមនៅតាមកន្លែងមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ ។
សេចក្ដីរាយការណ៍ពីអាជ្ញាធរស្រុកកោះធំ ខេត្តកណ្ដាល ឱ្យដឹងថា មានពលរដ្ឋចំនួន ៥៧៨ នាក់ កើតជំងឺគ្រុនឈាម ក្នុងរយៈពេលជិត ២០ ថ្ងៃ ពោលគឺចន្លោះពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ដោយឡែក សេចក្ដីរាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញថា គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ មានអ្នកឆ្លងជំងឺគ្រុនឈាមសរុប ៣៧៤ នាក់ ក្នុងនោះកុមារក្រោមអាយុ ១៥ ឆ្នាំ មានចំនួន ២៧៩ នាក់ និងអ្នកមានអាយុលើស ១៥ ឆ្នាំ ចំនួន ៩៥ នាក់។ ចំនួននេះបានកើនឡើងប្រមាណ ២ ដង នៃចំនួនអ្នកជំងឺសរុបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានរំលឹកឱ្យពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាបំផ្លាញចោលរាល់សម្ភារដក់ទឹកផ្សេងៗ និងសម្អាតដង្កូវទឹកនៅតាមអាងទឹក ពាង ថូផ្កា ចានទ្រជើងទូ ឡាំង និងធុងជាដើម ដោយត្រូវផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍។
ក្រសួងបន្តថា ប្រសិនបើសមាជិកគ្រួសារមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ដល់ ៤០ អង្សាសេ ត្រូវប្រញាប់ទៅពិគ្រោះ និងព្យាបាលជាបន្ទាន់នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ក្នុងអំឡុងពេលយ៉ាងយូរ ៤៨ ម៉ោង។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានណែនាំឱ្យម្ចាស់ការដ្ឋានសំណង់ និងកម្មករបម្រើការងារតាមការដ្ឋាន លុបបំបាត់វត្ថុដក់ទឹក និងរក្សាទុកសម្ភារដែលអាចដក់ទឹកនៅទីតាំងមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យមានប្រភពកកើតមូសខ្លា ដែលអាចចម្លងជំងឺគ្រុនឈាមដល់ពលរដ្ឋរស់នៅចម្ងាយ ១៥០ ម៉ែត្រ ជុំវិញការដ្ឋាន។
សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកើតកូនចៅមូសខ្លា ដោយប្រកាន់ខ្ជាប់នូវគោលជំហរស្របនឹងពាក្យស្លោក “ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំនិងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក”»។
ជាងនេះទៅទៀត ក្រសួងសុខាភិបាលណែនាំឱ្យកាប់ឆ្ការ សម្អាតស្មៅជុំវិញផ្ទះឱ្យបានស្រឡះល្អ និងស្លៀកពាក់ខោជើងវែង អាវដៃវែង រួមទាំងស្រោមជើង និងប្រើថ្នាំបាញ់ ឬលាបការពារកុំឱ្យមូសខាំ។ ក្រៅពីនេះ ក្រសួងក៏ណែនាំឱ្យគ្រប់មន្ទីរសុខាភិបាលត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យតាមការដ្ឋានសំណង់ ដើម្បីទប់ស្កាត់ការកកើតមូសខ្លាតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
ជុំវិញវិធីសាស្ត្របង្ការជំងឺគ្រុនឈាមនេះ ចៅសង្កាត់ស្ទឹងមានជ័យទីពីរ ខណ្ឌមានជ័យ រាជភ្នំពេញ លោក ទូច សំអុល មានប្រសាសន៍ថា ដើម្បីលុបបំបាត់ជម្រកមូសខ្លាក្នុងសង្កាត់របស់លោកនៅរដូវវស្សានេះ អាជ្ញាធរបានចុះបាញ់ថ្នាំមូសតាមវត្ត អារាម សាលារៀន ប្រព័ន្ធលូ ប្រឡាយទឹក និងតំបន់ផ្ទះ ឬដីទុកចោល រួមទាំងដាក់ថ្នាំអាបេតតាមផ្ទះនីមួយៗផងដែរ។
លោកបានថ្លែងថា៖ «កន្លងមកយើងបានចុះបាញ់ថ្នាំតាមតំបន់ផ្ទះទុកចោល ដីទំនេរ ហើយថ្ងៃនេះ យើងបានចុះដាក់ថ្នាំអាបេតតាមផ្ទះ តាមភូមិនីមួយៗ។ យើងបាញ់ថ្នាំបាន ៣ ទៅ ៤ ដងហើយ គឺបាញ់ថ្នាំមូសតាមជម្រកមូស ដូចជាទីលានចាក់សំរាម តាមបណ្ដោយលូ ប្រឡាយស្ទឹងមានជ័យ និងតាមតំបន់ដែលមានព្រៃស្តុកៗ ដោយបានបាញ់គ្របដណ្តប់គ្រប់ភូមិ»។
ប្រជាពលរដ្ឋរស់នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល លោក អុន រ៉ាវុធ អាយុ ៣៥ ឆ្នាំ រៀបរាប់ថា រាល់ថ្ងៃលោកមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះជំងឺគ្រុនឈាម បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការផ្ទុះជំងឺនេះតាមរយៈការចុះផ្សាយលើបណ្ដាញសង្គម។
យ៉ាងណាក្តី លោកថា នៅជុំវិញផ្ទះ និងភូមិរបស់លោកត្រូវបានរៀបចំសម្អាតស្អាតបាត ដោយមិនអនុញ្ញាតឱ្យមានកន្លែងដក់ទឹកនោះទេ។ ទោះជាបែបនេះក្ដី លោក រ៉ាវុធ ស្នើឱ្យអាជ្ញាធរបោសសម្អាត និងកាប់ឆ្ការស្មៅនៅតាមទីសាធារណៈ និងសាលារៀនបន្ថែមទៀត។
លោកនិយាយថា៖ «បើអាចស្នើបាន ខ្ញុំចង់ឱ្យគាត់រៀបចំកន្លែងទីប្រជុំជន សាលារៀនអីហ្នឹង គឺរៀបចំបោសសម្អាត កាប់ស្មៅ កាប់អីនៅតាមទីសាធារណៈឱ្យបានស្អាត»។
រីឯនាយកវិទ្យាល័យជាស៊ីសាមគ្គី លោក ផាន់ ណិល មានប្រសាសន៍ថា លោកបានណែនាំឱ្យសិស្សានុសិស្សរួមគ្នាសម្អាតបន្ទប់រៀន និងបំផ្លាញចោលរាល់សំបកកង់ឡានដែលអាចដក់ទឹកបាននៅក្នុងបរិវេណសាលា អំឡុងពេលរដូវវស្សានេះ។
បន្ថែមពីលើនេះ លោកស្នើឱ្យក្រសួងសុខាភិបាល ចុះមកបាញ់ថ្នាំមូសនៅតាមសាលារៀន យ៉ាងហោចណាស់ឱ្យបានម្ដង ឬពីរដងក្នុងមួយខែ ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ដើម្បីកម្ចាត់ជម្រកមូសខ្លាឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំចង់សំណូមពរខាងក្រសួងសុខាភិបាល បើសិនជាគាត់មានថ្នាំបាញ់មូស ជួយដើរបាញ់ ១ ខែ ឬ ២ ខែម្ដង នៅក្នុងសាលា តាមសាលាធំៗ។ ដូចខ្ញុំ ខ្ញុំកំពុងតែព្រួយបារម្ភខ្លាំងណាស់នៅរដូវគ្រុនឈាមនេះ។ ចំពោះសាលាខ្ញុំ រាល់ថ្ងៃខ្ញុំបានណែនាំឱ្យសម្អាតនៅក្នុងថ្នាក់រៀន មិនឱ្យមានរបស់របរដក់ទឹកទេ ត្រូវយកចេញទាំងអស់ និងបោសជូតជាប្រចាំ»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ ម៉ឺនករណី ហើយក្នុងចំណោមនោះមាន ៦៤ ករណីបានបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ឡូ វាសនាគិរី ដែលបានលើកឡើងក្នុង «សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត» កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក៕







