តុលាការកំពូលនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសសាលដីការក្សាការផ្ដន្ទាទោសប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំនៅរាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែដដែល ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។ បើគិតតាមអំណាចសាលដីកានេះ លោកវណ្ណៈ នឹងត្រូវអនុវត្តទោសចប់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់លោក ចាន់វណ្ណៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
សហមេធាវីការពារក្ដីឱ្យលោក ខឹម ចាន់វណ្ណៈ គឺលោកមេធាវី អែម ចន្ថា បានប្រាប់ប្រជាកាសែតថា តុលាការកំពូលនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានសម្រេចបដិសេធបណ្ដឹងសាទុក្ខរបស់កូនក្ដីលោក ព្រមទាំងតម្កល់ការផ្ដន្ទាទោសលោក ចាន់វណ្ណៈ ដូចតុលាការជាន់ទាប។
លោកថា៖ «ខ្ញុំមានការសោកស្ដាយជាខ្លាំង ខកចិត្តចំពោះតុលាការកំពូលដែលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដែលជាអង្គហេតុមួយដែលមិនមានសាក្សីឆ្លើយបំភ្លឺឱ្យបានច្បាស់លាស់ មានន័យថាភស្តុតាងដាក់បន្ទុកពុំមានទម្ងន់ក្នុងការចោទប្រកាន់មកលើកូនក្ដីរបស់ខ្ញុំ»។
ចំណែកឯភរិយារបស់លោក ខឹម ចាន់វណ្ណៈ គឺអ្នកស្រី ឡុង សូដានី យល់ថា ការដែលតុលាការកំពូលសម្រេចតម្កល់ការផ្ដន្ទាទោសស្វាមីគាត់ដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែដដែល ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ជារឿងអយុត្តិធម៌។
អ្នកស្រីថា៖ «មីងយល់ថាអយុត្តិធម៌សម្រាប់គាត់ដោយសារយើងប្ដឹងតាំងពីសាលាដំបូងមកឧទ្ធរណ៍ៗហើយមកកំពូលហើយតុលាការបដិសេធសម្រេចយកសាលាដំបូងតែរហូត»។ តែយ៉ាងណាអ្នកស្រីថាមានតែរង់ចាំជួបជុំជាមួយស្វាមីគាត់វិញ ព្រោះលោក ចាន់វណ្ណៈ នឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារចប់សព្វគ្រប់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
រីឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មិនមានទស្សនៈអ្វីទេជុំវិញការសម្រេចរបស់តុលាការកំពូលដែលតម្កល់ការកាត់ទោសលោក ខឹម ចាន់វណ្ណៈ។ លោក សុធារ៉ាយុត្តិ មានតែទន្ទឹងរង់ចាំថ្ងៃលោក ចាន់វណ្ណៈ មានសេរីភាព និងអាចចូលរួមសកម្មភាពនយោបាយក្នុងគណបក្សឡើងវិញ។
លោកថា៖ «ពួកយើងនឹងទៅទទួលលោក ខឹម ចាន់វណ្ណៈ នៅថ្ងៃទី១៧ កក្កដា (តាមថ្ងៃកំណត់) នៅនឹងមុខពន្ធនាគារ ដើម្បីស្វាគមន៍ដែលគាត់បានទទួលសេរីភាពតាមរយៈការអនុវត្តទោសគ្រប់១០០% និងផ្តល់កម្លាំងចិត្តដល់គាត់»។
ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា ករណីតុលាការកំពូលរក្សាការកាត់ទោស លោក ខឹម ចាន់វណ្ណៈ នេះ ទំនងជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។
លោកថា៖ «វាអត់មានអីចម្លែកទេដែលយើងតាមដានកន្លងមក ឱ្យតែរឿងនយោបាយគឺមិនដែលរួចខ្លួនទេ ជាពិសេសលោក ខឹម ចាន់វណ្ណៈ ហ្នឹងដែលគាត់ជាក្រុមប្រឹក្សាខណ្ឌផងហើយដល់ពេលកាត់ទោសឱ្យគាត់ពាក់ព័ន្ធរឿងបញ្ជីឈ្មោះបញ្ជីអីនេះ ហេតុផលនេះគឺយើងថាគឺជារឿងនយោបាយច្រើនជាងរឿងដែលអនុវត្តតាមផ្លូវច្បាប់»។ លោក យី សុខសាន្ត អំពាវនាវជាថ្មីដល់រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចឱ្យបើកលំហសេរីភាពពេញលេញដល់គណបក្សក្រៅរដ្ឋាភិបាល។
នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ នៅផ្ទះរបស់លោកនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្ដឹងរបស់បុគ្គល ៣ នាក់ដែលប្ដឹងលោកពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» តាមបញ្ញត្តិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យលោកសងជំងឺចិត្តទៅដើមបណ្ដឹង ៣ នាក់ ក្នុងម្នាក់ៗចំនួន ១២ លានរៀល។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល៕







