ក្រសួងសុខាភិបាល ណែនាំឱ្យពលរដ្ឋថែរក្សាសុខភាពនៅរដូវវស្សានិងពេលមានទឹកជំនន់។ ក្រសួងនេះក៏បានណែនាំឱ្យពលរដ្ឋតាមដានស្ថានភាពទឹកជំនន់ និងអនុវត្តវិធានការនានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិទាំងមុនពេលទឹកជំនន់ អំឡុងពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់បានស្រក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋនៅមុនពេលទឹកជំនន់ ត្រូវតាមដានស្ថានភាពទឹកជំនន់ បម្រុងទុកស្បៀង និងឱសថសង្គ្រោះបន្ទាន់ រួមទាំងសាងសង់បង្គន់ឱ្យបានខ្ពស់ ឬបិទបាំងរណ្តៅបង្គន់ឱ្យជិតល្អដើម្បីការពារទឹកជំនន់។ ចំណែកអំឡុងពេលទឹកជំនន់ ក្រសួងសុខាភិបាល ប្រាប់ឱ្យប្រជាពលរដ្ឋហាមចូលក្នុងផ្ទះ ឬអគារទ្រុឌទ្រោមដែលអាចបាក់ស្រុត និងកុំប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម។ ចំពោះស្ត្រីមានផ្ទៃពោះ បើជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលជិតបំផុត។
ក្រសួងបន្ថែមថា ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណីមានសត្វទិច ឬសត្វអសិរពិសខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាល។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ ថ្លែងថា ក្រសួងសុខាភិបាលបានណែនាំឱ្យមន្រ្តីក្រោមឱវាទទាំងអស់ឱ្យត្រៀមលក្ខណៈក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ច្រើន ឬទឹកទន្លេហក់ខ្ពស់ ដោយត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសពលរដ្ឋនៅតំបន់ជន់លិច។
លោក បន្ថែមថា៖ «បានត្រៀមរួចជាស្រេចនៅថ្នាំពស់ចឹង ដើម្បី ជួយប្រជាពលរដ្ឋ និងតាមដានបង្ការជំងឺឆ្លងនានាដែលអាចកើតមាន»។
ក្រសួងសុខាភិបាលជំរុញ ពលរដ្ឋត្រូវទទួលទានទឹកស្អាត ដោយប្រើធុងចម្រោះ ឬដាំទឹកឱ្យពុះ ឬប្រើថ្នាំក្លរីន ៥០០ មីលីក្រាម ចំនួនពីរគ្រាប់ដែលអាចលាយទឹក ២០ លីត្រ រួចទុករយៈពេល ៣០ នាទីមុនប្រើប្រាស់។ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។
នៅពេលទឹកជំនន់ស្រក ក្រសួងសុខាភិបាលក៏ណែនាំឱ្យប្រជាពលរដ្ឋពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុត និងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួន ព្រមទាំងធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងការដក់ទឹកនាំឱ្យកើតមូសខ្លា ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។ ត្រូវស្តារ និងសម្អាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់ និងបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។
អនុប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ រាជធានីភ្នំពេញ លោក ណៅ តូច មានប្រសាសន៍ថា ក្នុងរដូវវស្សានេះ ប្រជាពលរដ្ឋចាំបាច់ក្នុងការរស់នៅស្អាត ដោយផឹកស្អាត អនាម័យ និងសម្អាតជុំវិញផ្ទះ រួមទាំងលុបចោលនូវប្រភពទឹកដក់ផ្សេងៗ។ លោកបន្ថែមថា៖ «ករណីគាត់នៅតំបន់ដាច់ស្រយាល យើងអប់រំគាត់ពីការប្រើប្រាស់ទឹកដូចម្ដេច ដាំម៉េច ចម្រោះម៉េច មានវិធានការអាចជួយបានយើងជួយតាមហ្នឹង»។
ពលរដ្ឋរស់នៅភូមិដូនឈូក ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី ឈែម សុឃឿន វ័យ ៤២ ឆ្នាំ និយាយថា អ្នកស្រីមានការព្រួយបារម្ភផងដែរចំពោះរដូវភ្លៀងនេះ ដែលអាចបង្កឱ្យកូនតូចៗរបស់អ្នកស្រីមានជំងឺគ្រុនឈាម ជាពិសេសគឺការលង់ទឹក។
ទន្ទឹមនឹងនេះ អ្នកស្រី សុឃឿន ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធសាងសង់ផ្លូវទៅកាន់វាលស្រែក្នុងភូមិរបស់អ្នកស្រីឱ្យមានរបៀបរៀបរយ យ៉ាងហោចណាស់ក្រាលក្រួសក្រហម ដែលអ្នកស្រីអះអាងថា ពិបាកក្នុងការធ្វើដំណើរនៅពេលមានភ្លៀងធ្លាក់។ អ្នកស្រីនិយាយថា៖ «ប្រជាពលរដ្ឋក្នុងភូមិចង់បានផ្លូវស្អាត ផ្លូវចូលទៅក្នុងៗ ចង់ឱ្យមានផ្លូវស្អាត ដើម្បីពលរដ្ឋស្រួលធ្វើដំណើរ។ ភ្លៀងមកពិបាកធ្វើដំណើរ ផ្លូវទៅស្រែចម្ការ បើសិនជាមានក្រួសក្រហមឱ្យស្អាតទៅ ងាយស្រួលធ្វើដំណើរ»៕







