និយោជិតសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ចេញតវ៉ាសាជាថ្មីនៅមុខអាគារណាហ្គាវើលដ៍២ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យក្រុមហ៊ុនផ្ដល់សំណងសមរម្យ និងយកបុគ្កលិកសហជីពចូលបម្រើការងារវិញ។ នេះជាលើកទី៤ ហើយដែលពួកគេចេញតវ៉ាស្វែងរកដំណោះស្រាយ ក្នុងឆ្នាំ២០២៦នេះ ទោះបីសមាជិករបស់ខ្លួនរងការចោទប្រកាន់ពីបទ «ធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស» ក៏ដោយ។
ស្ថិតក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗ សមាជិកសហជីពប្រហែល ៤០នាក់ ប្រមូលផ្តុំគ្នានៅមុខអគារកាស៊ីណូណាហ្គាវើលដ៏២ ជាកន្លែងដែលពួកគេតែងតែប្រមូលផ្ដុំគ្នាធ្វើការតវ៉ា។ ពួកគេលើកបដាដែលមានភ្ជាប់ច្បាប់ការងារជាតិនិងអន្តរជាតិ ក្នុងការទាមទារឱ្យក្រុមហ៊ុន និងរដ្ឋាភិបាលចូលរូមដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ ក្រោយការស្វែងរកកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធមិនទាន់អាចទទួលយកបាន។
សហជីព ទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ទាមទារឱ្យក្រុមហ៊ុនដោះស្រាយសំណើចំនួន ៧ ចំណុច រួមមាន ការទទួលយកថ្នាក់ដឹកនាំ និងសមាជិកសហជីពឱ្យចូលធ្វើការវិញ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ការគណនាប្រាក់បំណាច់បន្ថែមសម្រាប់កម្មករដែលត្រូវបានបញ្ឈប់នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ការបើកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឱ្យបានត្រឹមត្រូវ ការដំឡើងប្រាក់ឈ្នួលគោល ៧% ការបញ្ឈប់ការប្រើប្រាស់បុគ្គលិកក្រោមស្លាកកម្មសិក្សាដោយមិនផ្តល់ស្ថានភាពជាបុគ្គលិកពេញសិទ្ធិ និងការផ្តល់ប្រាក់ឈ្នួលគោលស្មើគ្នារវាងបុគ្គលិកខ្មែរ និងបុគ្គលិកបរទេសដែលមានមុខតំណែង និងការងារដូចគ្នា។
សមាជិកសហជីពណាហ្គាវើលដ៏ អ្នកស្រី អ៊ុច សុភារី លើកឡើងថាគោលបំណងនៃកូដកម្ម គឺដើម្បីស្នើសុំឱ្យក្រុមហ៊ុនណាហ្គាវើលដ៍យកអតីតបុគ្គលិកដែលត្រូវក្រុមហ៊ុនបញ្ឈប់នៅឆ្នាំ២០២១ ត្រឡប់ចូលធ្វើការវិញ និងសងសំណង តាមច្បាប់ការងារ។ អ្នកស្រីបន្តថាការចូលរួមដោះស្រាយជាមួយក្រសួងការងារ និងភាគីក្រុមហ៊ុនកន្លងមក គឺមិនអាចទៅរួច ព្រោះក្រុមហ៊ុនមិនបានផ្ដល់ដំណោះស្រាយសមស្របឡើយ។
អ្នកស្រីនិយាយថា៖ «ដំណោះស្រាយឱ្យយើង មិនអាចទទួលយកបាន។ ម្យ៉ាងទៀតអ្វីដែលយើងចង់តវ៉ាគ្រាន់តែចង់គឺសង្ឃឹមថាក្រសួងដោះស្រាយជាមួយក្រុមហ៊ុនណាហ្គាវើលដ៏ទល់មុខគ្នាដើម្បីឱ្យសហជីពចូលធ្វើការវិញតែប៉ុណ្ណឹង។ ដំណោះស្រាយខ្លាំងបំផុត»។
អ្នកស្រីបន្ថែមថា៖ «អ្វិដែលយើងចង់បានគឺដោះស្រាយលើកលែងទោសឱ្យកូដករដែលមិនដឹងអ្វីសោះ។ […] ការបារម្ភតែងតែមាន តែយើងមិនអាចឱ្យការបារម្ភរារាំងពួកយើងបានទេ។ ចង់និយាយអីចឹង ពួកយើងនៅតែទទួចដដែល អីចឹងទោះបីករណីនេះ [ចោទប្រកាន់បទព្រហ្មទណ្ឌ] យើងជាប្រជាជន កូដករណាហ្គាវើលដ៏ចង់បានយុត្តិធម៌តែប៉ុណ្ណោះ»។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអះអាងប្រាប់ប្រជាកាសែតថា ក្រសួងការងារបានចូលរួមដោះស្រាយបញ្ហានេះចំនួន ២៧ ដងមកហើយ។ លោកបន្តថាដំណោះស្រាយជាមួយភាគីកូដករមិនអាចទៅរួច ព្រោះកូដករណាហ្គាវើលដ៏ទាត់ចោលនូវដំណោះស្រាយត្រីភាគីជាមួយក្រសួង។ លោកបញ្ជាក់ទៀតថាជម្រើសនៃការដោះស្រាយ គឺមានតែការប្ដឹងទៅតុលាការប៉ុណ្ណោះ។
គិតមកដល់ពេលនេះ សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន៩នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅសាកសួរពាក់ព័ន្ធនឹងបទចោទ «ធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស» នៅក្នុងការតវ៉ារបស់ពួកគេនៅមុខអាគារណាហ្គាវើលដ៏២ តាំងពីឆ្នាំ២០២១។ សមាជិកមួយចំនួនបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី២ហើយ នៅខែមិថុនា ឆ្នាំ២០២៦។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ អង្គការសង្គមស៊ីវិលចំនួន២៦ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ក្នុងគោលបំណងស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់សហជីព ដើម្បីឱ្យពួកគេរស់នៅដោយគ្មានភាពភ័យខ្លាច ឬរងការធ្វើទុក្ខបុកម្នេញ ហើយងាកមកស្វែងរកដំណោះស្រាយដោយយុត្តិធម៌។ ការអំពាវនាវនេះធ្វើឡើងក្រោយសាលាដំបូងរាជធានីភ្នំពេញកោះហៅសមាជិកសហជីពដើម្បីសួរនាំពីបទចោទ «ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ក្រោយពីពួកគេធ្វើការតវ៉ា ដោយសន្តិវិធី នៅមុខអគារកាស៊ីណូណាហ្គាវើលដ៏២។
តែយ៉ាងណា កូដករណាហ្គាវើលដ៏ម្នាក់ទៀត គឺអ្នកស្រី សុខ ស្រីមាស លើកឡើងថាជម្រើសប្ដឹងទៅតុលាការមិនអាចទៅរួចទេ ព្រោះកម្ពុជាគ្មានស្ថាប័នតុលាការដែលដោះស្រាយវិវាទការងារឡើយ។ អ្នកស្រីជម្រុញឱ្យភាគីពាក់ព័ន្ធចូលតុចរចាឡើងវិញ ដើម្បីបញ្ចប់វិវាទការងារនេះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិការងារនៅកម្ពុជា និងខូចមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
អ្នកស្រីនិយាយថា៖ «ជាជម្រើសចុងក្រោយនៅពេលដែលចប់នីតិវិធីនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺទី១ធ្វើកូដកម្ម និងទី២ ប្ដឹងទៅតុលាការ ប៉ុន្តែយើងឃើញថាកម្ពុជាគ្មានតុលាការការងារ ហើយយើងជាបុគ្គលិកកម្មករយើងមានអ្វីទៅតទល់ជាមួយថៅកែ។ ចុងក្រោយយើងសម្រេចចិត្តធ្វើកូដកម្ម ព្រោះកូដកម្មជាអំណាចតែមួយគត់ដែលកម្មករមាន»។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំគ្រាន់តែសំណូមពរថាកុំប្រឹងប្រឺងធ្វើទុក្ខបុកម្នេញជាមួយកូដករ ប៉ុន្តែខិតខំប្រឹងប្រែងដោះស្រាយវិវាទជាមួយពួកខ្ញុំវិញមក។ យើងមើលឃើញថាទាំងរដ្ឋាភិបាល ទាំងក្រសួងពាក់ព័ន្ធក៏ដូចជាក្រុមហ៊ុនណាហ្គាវើលដ៏គឺអាចដោះស្រាយបាន។ យកពួកយើងចូលធ្វើការវិញមក ហើយទម្លាក់បទចោទវិញមក»។
នាយកប្រតិបត្តិ នៃអង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា លើកឡើងថាករណីវិវាទការងាររបស់កូដករណាហ្គាវើលដ៏ និងភាគីក្រុមហ៊ុនកើតឡើង ព្រោះមិនមានការចរចាបែបសមូហភាព ដែលភាគីក្រុមហ៊ុន កូដករ និងក្រសួងការងារដែលជាអ្នកសម្របសម្រួល ត្រូវចូលតុចរចាស្វែងរកដំណោះស្រាយទាក់ទងនឹងសំណង និងអនុញ្ញាតឱ្យកូដករចូលធ្វើការវិញជារឿងត្រូវធ្វើ។ លោកយល់ឃើញថាការប្ដឹងផ្ដល់របស់ក្រុមហ៊ុនរហូតមានបទចោទមិនមែនជាជម្រើសល្អទេ ហើយការណ៍ដែលជម្រុញឱ្យកូដករស្នើដោះស្រាយទៅប្រព័ន្ធតុលាការជារឿងស្មុគស្មាញទៅវិញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាបើសិនជាយើងអនុវត្តច្បាប់ត្រឹមត្រូវមិនគួរជារឿងមួយមានបទចោទព្រហ្មទណ្ឌទៅលើកម្មករ ឬក៏តំណាងសហជីពនោះទេ ហើយក៏មិនគួរអូសបន្លាយដល់ពេលនេះដែរ សំខាន់រុញទៅឱ្យខាងណាហ្គាវើលដ៏ហ្នឹងចរចាជាមួយសហជីពវិញទៅវាប្រសើរហើយ»។
លោកបន្ថែមថា៖ «តុលាការគួរទម្លាក់បទចោទផ្សេងៗទៅលើតំណាងសហជីព ហើយក៏គួរមានការសម្រេចណាមួយពីខាងភាគីនិយោជកហ្នឹង ហើយយកតំណាងសហជីពធ្វើការវិញទៅ។ វាចប់ហើយរឿងហ្នឹង»៕







