កម្ពុជាជំរុញឱ្យថៃចូលខ្លួនដោះស្រាយបញ្ហាព្រំដែនគោក ទោះដំណោះស្រាយព្រំដែនសមុទ្រតាម UNCLOS បន្តដំណើរការ 

សង្គម

(រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់​ សុខុន និងរដ្ឋមន្រ្តីការបរទេសថៃ លោក Sihasak Phuongkitkaew នៅប្រទេសព្រុយណេ។ រូបភាពពីបណ្ដាញសង្គមនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦)។

កម្ពុជាបដិសេធការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដែលថាកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន «បិទទ្វារ» ចំពោះការចរចាលើព្រំដែនគោក។ 

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃលោក សីហៈសក្តិ ភួងកេតកែវ បានលើកឡើងនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីពេលថ្មីៗនេះថា ការចរចាលើបញ្ហាព្រំដែនគោករវាងកម្ពុជា-ថៃ នឹងជាប់គាំងដោយសារតែជំហររបស់កម្ពុជានាំយកបញ្ហាព្រំដែនទឹកទៅដោះស្រាយតាមយន្តការ UNCLOS។

ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជាប្រតិកម្មថា ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការទ្វេភាគីផ្សេងគ្នា។ ដោយឡែក កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាមធ្យោបាយសន្តិវិធី ដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ ហើយការប្រើប្រាស់នីតិសមុទ្រនេះគួរតែត្រូវបានចាត់ទុកថា ជាការធានានូវការផ្តល់ទំនុកចិត្ត ជាជាងបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយ ដែលមានការប្តេជ្ញាចិត្តពិតប្រាកដចំពោះគោលការណ៍ច្បាប់អន្តរជាតិ។

ជាងនេះទៅទៀត សេចក្ដីប្រកាសបញ្ជាក់ថា ជម្រើសផ្លូវដោះស្រាយតាមនីតិសមុទ្រមិនអាចចាត់ទុកជាមូលដ្ឋានសមស្របសម្រាប់ផ្អាកការងារដែលមិនទាក់ទងគ្នាលើការកំណត់ខណ្ឌសីមាព្រំដែនគោកតាមរយៈគណកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក ដែលបានព្រមព្រៀងគ្នារួចហើយ តាមអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងបានបញ្ជាក់ជាថ្មីនៅក្នុងបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការបទេសកម្ពុជារំលឹកថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ ដែលបានព្រមព្រៀងគ្នាសម្រាប់ការចរចាទ្វេភាគីលើបញ្ហាក្នុងដែនសមុទ្រ ទោះបីជាកម្ពុជាបានស្នើសុំដោយផ្ទាល់មិនឱ្យធ្វើដូច្នេះក៏ដោយ។ 

ទន្ទឹមនេះដែរ ក្រសួងក៏បានរំលេចថា ខណៈដែលថៃកំពុងតវ៉ាប្រឆាំងនឹងកម្ពុជាដែលចាប់ផ្តើមដំណើរយន្តការដោះស្រាយវិវាទក្រោម UNCLOS កន្លងមកនេះ ប្រទេសថៃខ្លួនឯងបានបង្ហាញពីចេតនារបស់ខ្លួនម្តងហើយម្តងទៀត ក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រ។

កម្ពុជាទាមទារឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចហើយរវាងប្រទេសទាំងពីរ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 

ក្រសួងការបរទេសកម្ពុជាសង្កត់ធ្ងន់ថា គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ ទាំងលើការអនុវត្តជាក់ស្តែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តអនុវត្តការងារ ខណ្ឌសីមាព្រំដែន ស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្រក្រោម UNCLOS នោះទេ។

ក្រសួងការបរទេសកម្ពុជាក៏មិនភ្លេចរម្លឹកទៅកាន់ភាគីថៃអំពីការអំពាវនាវរបស់សភានៃប្រទេសនិយាយភាសាបារាំង ដែលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបង្ហាញការគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាបន្តទៀតផងដែរ។

លើសពីនេះ សហគមន៍អន្តរជាតិក៏រំពឹងថា ប្រទេសថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។

ក្រសួងការបរទេសកម្ពុជា សង្កត់ធ្ងន់ថា ការពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3305}" data-page="1" data-max-pages="1" data-start="1" data-end="1">