នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក លោក Kash Patel ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នៅវិមានរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាកិច្ចការមួយចំនួនពាក់ព័ន្ធនឹងសន្តិសុខរវាងកម្ពុជា និងអាម៉េរិកដោយផ្ដោតសំខាន់លើការបង្ក្រាបបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា Online scams។
ទំព័រហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ជួបជាមួយឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព»។
ប្រភពពីទំព័រតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក លោក Kash Patel គូសបញ្ជាក់ថា បញ្ហាឆបោកតាមអនឡាញ មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ ដោយគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយ គឺការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំនួសឱ្យការដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ លោកបន្ថែមថា អាម៉េរិកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តធ្វើជាដៃគូនិងគាំទ្រដល់ស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា។
ប្រភពដដែលលើកឡើងថា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកបន្តថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។លោកហ៊ុន ម៉ាណែត ថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ចំពោះការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាពជូនមន្ត្រីអនុវត្តច្បាប់កម្ពុជា។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ដំណើរទស្សនកិច្ចរបស់លោក Kash Patel មកកម្ពុជានាពេលនេះ អាចទាក់ទងនឹងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) និងដើម្បីពិនិត្យមើលទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន។
លោកថា៖ «ទោះជាយ៉ាងណាក៏វាជាលក្ខណៈទស្សនកិច្ចវិជ្ជមានមួយសម្រាប់ទំនាក់ទំនងកម្ពុជា-អាម៉េរិក[…] ខ្ញុំគិតថានេះជាឱកាសដែលកម្ពុជាត្រូវតែបង្ហាញនូវជំហរនៅក្នុងការបើកសហប្រតិបត្តិការបញ្ហាទាំងឡាយ ដែលមានភាពរកាំរកូសរវាងអាម៉េរិកនិងកម្ពុជា ជាពិសេសរឿងអំពើឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មអនឡាញហ្នឹង»។
ចំណែកអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង និយាយថា លោកមិនបានដឹងថា កិច្ចពិភាក្សាក្នុងជំនួបរវាងនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក លោក Kash Patel និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដោតលើរឿងអ្វីខ្លះទេ ក៏ប៉ុន្តែលោកយល់ថាពិតជាអំពីរឿងសំខាន់។
លោកថា៖ «ការជួបរវាងស្ថាប័នមួយ ជាពិសេសស្ថាប័នមកពីសហរដ្ឋអាម៉េរិក ហើយនិងការជួបជាមួយនិងខាងរដ្ឋាភិបាល ខ្ញុំជឿជាក់ថារឿងនេះពិតជារឿងសំខាន់ហើយ ហើយជាពិសេសគឺពាក់ព័ន្ធជាមួយនឹងរឿងសន្តិសុខពិភពលោក សន្តិសុខជាតិរវាងប្រទេសកម្ពុជា ជាមួយនិងសហរដ្ឋអាម៉េរិក»។
លោក សុខ គឹមសេង ថានេះជាឱកាសសម្រាប់កម្ពុជា និងសហរដ្ឋអាម៉េរិកបង្កើននូវក្ដីទុកចិត្តជឿជាក់គ្នា និងជាឱកាសធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងលើផ្នែកសន្តិសុខ និងបញ្ហាផ្សេងៗជាច្រើនទៀត។
រីឯនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការមកបំពេញទស្សនកិច្ចរបស់លោក Kash Patel នៅកម្ពុជា និងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានសារសំខាន់ ព្រោះវាអាចបង្កើនកិច្ចសហប្រតិបត្តិការដើម្បីរក្សាសន្តិសុខរវាងកម្ពុជា និងអាម៉េរិក ជាពិសេសបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន លាងលុយកខ្វក់ ដែលកម្ពុជារងផលប៉ះពាល់ពីបញ្ហាទាំងនោះ។
លោកថា៖ «បើសិនជាមានកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងទៅលើសម្ព័ន្ធភាពពាក់ព័ន្ធជាមួយនឹងការការពារសន្តិសុខ សុវត្ថិភាពរវាងកម្ពុជា និងអាម៉េរិក ខ្ញុំគិតថាជារឿងល្អដើម្បីរួមគ្នា ឬក៏បង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាម៉េរិកនូវការបង្ក្រាបទៅលើបទល្មើសឧក្រិដ្ឋឆ្លងដែន ការលាងលុយកខ្វក់ ក៏ដូចជា Scam online អីជាដើម»។
នេះជាលើកទីមួយដែលនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក លោក Kash Patel មកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីលោកចូលកាន់តំណែងជា [នាយក] FBI កាលពីដើមឆ្នាំ២០២៥។
តែយ៉ាងណា នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) រូបនេះ ធ្លាប់និយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈទូរស័ព្ទម្ដងហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ពីរឿងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរួមមាន ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជំរិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕







